ធនាគារ ស្ថាបនា ភីអិលស៊ី បន្តរក្សាបាននូវកំណើនអតិថិជន តំបន់ប្រតិបត្តិការ និងទ្រព្យសកម្មសរុប របស់ខ្លួនអាស្រ័យដោយធនាគារអាចរក្សាគុណភាពនៃការផ្តល់សេវាកម្ម និងផលិតផលដ៏សម្បូរបែប ប្រកបដោយទំនុកចិត្តខ្ពស់ និងមានភាពងាយស្រួល។ ជាក់ស្តែង ផលបត្រឥណទានបានកើនឡើងពី ៥៧៩ លានដុល្លារអាមេរិក ក្នុងខែសីហា ឆ្នាំ២០១៦ រហូតដល់ ៥៩០ លានដុល្លារអាមេរិក ក្នុងខែ កញ្ញា ឆ្នាំ២០១៦។ ទន្ទឹមគ្នានេះដែរ ចំនួនអតិថិជនកម្ចីក៏បានកើនឡើងពី ១៧៨.៤៦២ នាក់ រហូតដល់ ១៧៨.៤៩៦ នាក់។ លើសពីនេះ ទឹកប្រាក់បញ្ញើរបស់ធនាគារ ស្ថាបនា ភីអិលស៊ី បន្តកើនឡើងពី ៥១៨ លានដុល្លារអាមេរិក ក្នុងខែសីហា ឆ្នាំ២០១៦ រហូតដល់ ៥៤៤ លានដុល្លារអាមេរិក ក្នុងខែកញ្ញា ឆ្នាំ២០១៦ ខណៈដែលចំនួនអតិថិជនបាន កើនឡើងពី ១៨១.៣០៦ នាក់មក ១៩០.១២៨ នាក់ផងដែរ។
កំណើននេះអាស្រ័យដោយកត្តាចំបងចំនួនបួនរួមមាន ការប្តេជ្ញាចិត្តដ៏ខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកដើម្បីសម្រេចគ្រប់ផែនការ ការបង្កើតផលិតផលដ៏សម្បូរបែបសមស្របតាមតម្រូវការទីផ្សារ ការផ្តល់សេវាកម្មដែលមានភាពងាយស្រួលរហ័សទាន់ចិត្ត និងប្រកបដោយទំនុកចិត្ត ព្រមទាំងការគ្រប់គ្រងប្រតិបត្តិការល្អជាមួយបច្ចេកវិទ្យាទំនើបតាមប្រព័ន្ធ Oracle Financial System Flexcube។ មិនតែប៉ុណ្ណោះទស្សនៈ “អតិថិជនជាអាទិភាពដំបូង” បានដក់ជាប់ក្នុងចិត្តបុគ្គលិក ថ្នាក់ដឹកនាំរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី គ្រប់គ្នាដែលបានបង្កើតបរិយាកាសល្អប្រសើរក្នុងការផ្តល់សេវាកម្ម ដល់អតិថិជន នៅគ្រប់សាខា របស់ធនាគារ។ ជាលទ្ធផលធនាគារ ស្ថាបនា ភីអិលស៊ី អាចរក្សាអតិថិជនរបស់ខ្លួនក្នុងកំណត់ត្រាមួយគួរអោយកត់សំគាល់ និងបានក្លាយជាធនាគារពាណិជ្ជដែលមានបណ្តាញប្រតិបត្តិការធំជាងគេចំណាប់ថ្នាក់លេខ២ ក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងទៅតាមការកើនឡើងឥតឈប់ឈរនៃផលបត្រឥណទាន និងទឹកប្រាក់បញ្ញើ ធ្វើអោយ ថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ ស្ថាបនា ភីអិលស៊ី ជឿជាក់យ៉ាងមុតមាំថា ធនាគារនឹងអាចបង្កើនផលប័ត្រឥណទាន និងអតិថិជនរបស់ខ្លួនបន្ថែមទៀតនាខែបន្ទាប់។