ធនាគារ ស្ថាបនា ភីអិលស៊ី បន្តសម្រេចបានសមិទ្ធិផលថ្មីៗរបស់ខ្លួនគួរអោយកត់សម្គាល់ជាច្រើនបន្ថែមទៀត ដែលមានដូចជា ផលបត្រឥណទាន ប្រាក់បញ្ញើ តំបន់ប្រតិបត្តិការ និងអតិថិជន។ គិតត្រឹម ខែកក្កដា ឆ្នាំ២០១៦ ផលបត្រឥណទានសរុបបានកើនឡើងរហូតដល់ ៥៦៩លានដុល្លារអាមេរិក ជាមួយនឹងអតិថិជនឥណទានសរុបចំនួន១៣៤.៨៥២នាក់។ ស្របពេលតំណាលគ្នានេះដែរ សមតុល្យប្រាក់បញ្ញើបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ ៤៩៧លានដុល្លារអាមេរិក ជាមួយនឹងអតិថិជនប្រាក់បញ្ញើសរុបចំនួន ១៦៦.២៩២នាក់។ លើសពីនេះទៀត ធនាគារ ស្ថាបនា ភីអិលស៊ី បានពង្រីកតំបន់ប្រតិបត្តិការថ្មីៗរបស់ខ្លួនសរុបចំនួនចំនួន ១៦១ការិយាល័យ និងមានម៉ាស៊ីន ATM ចំនួន៧៣កន្លែង ដែលគ្របដណ្តប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីឆ្លើយតបនៅរាល់តម្រូវការរបស់អតិថិជន និងដើម្បីបង្កើនភាពងាយស្រួលបន្ថែម ធនាគារ ស្ថាបនា ភីអិលស៊ី បានដាក់អោយដំណើរការនូវផលិតផល និងសេវាកម្មធនាគារជាច្រើនទៀតរួមមាន សេវាផ្ទេរប្រាក់ក្រៅស្រុក សេវាធនាគារតាមប្រព័ន្ធអ៊ីនធើណេត សេវាបើកប្រាក់បៀវត្ស សេវាហិរញ្ញវត្ថុពាណិជ្ជកម្ម សេវាប្រមូលសាច់ប្រាក់ និងមានសេវាកម្មជាច្រើនផ្សេងទៀត។ ផលិតផល និងសេវាកម្មធនាគារទាំងអស់នេះ អាចផ្តល់ជូនអតិថិជនដោយផ្ទាល់នូវជម្រើសកាន់តែសម្បូរបែប ដើម្បីបង្កើតប្រាក់ចំណូលប្រចាំថ្ងៃ និងពង្រីកអាជីវកម្មរបស់ពួកគាត់អោយប្រសើរឡើង។
ជាមួយនឹងឆន្ទៈក្នុងការចូលរួមនៅក្នុងសុខុមាលភាពសង្គម ធនាគារ ស្ថាបនា ភីអិលស៊ី បានបង្កើតនូវសកម្មភាពសង្គមជាច្រើនមានដូចជា កម្មវិធីសិក្ខាសាលា ការបរិច្ចាគឈាម ការចុះអប់រំនៅតាមសាកលវិទ្យាល័យនានា ព្រមទាំងការចូលរួមនានាជាច្រើនផ្សេងទៀតក្នុងសង្គម ។ ទាំងអស់នេះគឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញថា ធនាគារ ស្ថាបនា ភីអិលស៊ី តែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកដល់ការលើកកម្ពស់ធនធានមនុស្ស និងសុខុមាលភាពសង្គម។