ធនាគារ ស្ថាបនា បានទទួលពានរង្វាន់​គុណភាពទិន្នន័យពី ការិយាល័យឥណទានកម្ពុជា

ធនាគារ ស្ថាបនា បានទទួលពានរង្វាន់គុណភាពទិន្នន័យ​ពីការិយាល័យឥណទានកម្ពុជា (CBC) សម្រាប់ការអនុវត្តបានយ៉ាងល្អប្រសើរ ក្នុងការផ្តល់ ទិន្នន័យត្រឹមត្រូវនិងទាន់ពេលវេលាដល់ការិយាល័យឥណទានកម្ពុជា។

ពានរង្វាន់នេះត្រូវបានផ្តល់ជូនជាកិត្តិយសដោយ លោក ជំទាវ ជា សេរី ប្រធានក្រុមប្រឹក្សា ភិបាលការិយាល័យឥណទានកម្ពុជាជូនដល់លោក Kato Norihiko ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា ក្នុងពិធីប្រារព្ធ ខួបគម្រប់៥ឆ្នាំរបស់ការិយាល័យឥណទានកម្ពុជា ដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។​

ជាមួយគ្នានេះផងដែរ លោក កុយ ចំរើនវិជ្ជា ប្រធានស្តីទីផ្នែកឥណទានធនាគារ ស្ថាបនា ក៏បានទទួលបានប័ណ្ណសរសើរចំពោះការចូលរួមចំណែកបានល្អប្រសើររបស់គាត់ជូនដល់ ការិយាល័យឥណទានកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មាធិការសមាជិកការងារឆ្នាំ២០១៧។ ពានរង្វាន់នេះត្រូវបានប្រគល់ដោយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិការិយាល័យ ឥទានកម្ពុជា។​

លោក Kato ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “ព័ត៌មានឥណ ទានដែលគួរឱ្យទុកចិត្ត និងគ្រប់ គ្រាន់ដែលប្រមូលបាន​ និងផ្តល់ដោយការិយាល័យឥណទានកម្ពុជាពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍទីផ្សារឥណទាន។​ យើងសូមកោតសរសើរ និងអបអរ សាទរចំពោះសមិទ្ធផល​ និងការចូលរួមចំណែក​យ៉ាងសំខាន់របស់ការិយាល័យឥណទានកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា នាឱកាសអបអរខួប ៥ឆ្នាំរបស់ការិយាល័យឥណទានកម្ពុជានេះ។​ ក្នុងនាមជាសមាជិករបស់ការិយាល័យឥណទានកម្ពុជា ធនាគារ ស្ថាបនា នឹងបន្តផ្តល់ទិន្នន័យប្រកប ដោយគុណភាពដល់ការិយាល័យឥណទានកម្ពុជា។”

គោលបំណងនៃពានរង្វាន់នេះ គឺដើម្បីទទួលស្គាល់ពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ក្នុងការផ្តល់ទិន្នន័យដែលមាន គុណភាពខ្ពស់ និងបានទាន់ពេល។ លើសពីនេះ យើងបានបញ្ចូលទិន្នន័យឥណទានរៀងរាល់សប្តាហ៍ បន្ថែមលើការបញ្ចូលទិន្នន័យប្រចាំខែដែល បានកំណត់ដោយការិយាល័យឥណទានកម្ពុជា។

យើងមើលឃើញភាពរីកចម្រើនដ៏សំខាន់នៃការចូលរួមរបស់យើងនៅក្នុងការចែករំលែកទិន្នន័យចាប់តាំងពីការបង្កើតធនាគារ ស្ថាបនា មកម្លេះ។ ក្នុងនេះដែរ យើងសូមថ្លែងអំណរគុណដល់នាយកដ្ឋានឥណទាន ដែលបានផ្តួចផ្តើមឱ្យរៀបចំបញ្ជូលទិន្នន័យនៅក្នុងប្រព័ន្ធធនាគារស្នូលរបស់យើង ដើម្បីចាប់យកទិន្នន័យម្ចាស់ហិរញ្ញប្បទាន ម្ចាស់សហហិរញ្ញប្បទាន អ្នកធានា រួមទាំងការដាក់បញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធរ​បស់ការិយាល័យឥណ ទានកម្ពុជា។ ការផ្តួចផ្តើមនេះ ក៏បានទទួលការជួយជ្រោមជ្រែងពីក្រុមបច្ចេកទេសផ្នែករបាយការណ៍នៃនាយកដ្ឋានកម្មវិធីបច្ចេកវិទ្យាព័ត៌មានផងដែរ ។  ក្រៅពីការរៀបចំប្រព័ន្ធ បុគ្គលិកនៅតាមសាខាទាំងអស់បានទទួលការបណ្ដុះបណ្ដាល និងការជួយជ្រោមជ្រែងពេញលេញពីក្រុមការងារផ្នែក ឥណទាន និងផ្នែករបាយការណ៍ ដើម្បីអាចបញ្ចូលទិន្នន័យដែលពាក់ព័ន្ធបានត្រឹមត្រូវ។ ជាលទ្ធផលនៃការរួមចំណែកពីក្រុមការងារគ្រប់ផ្នែកនេះ ធនាគារ ស្ថាបនា បានទទួលប័ណ្ណសរសើរ និងពានរង្វាន់គុណភាពជាកិត្តិយសពីការិយាល័យឥណទានកម្ពុជា។