រាជធានីភ្នំពេញ, ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៧ :
នាថ្ងៃនេះ ធនាគារ ស្ថាបនា ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងទទួលកម្ចីចំនួន ៥០ លានដុល្លារអាមេរិក ពីធនាគារ Mizuho សាខាបាងកក ដែលជាធនាគារធំនាំមុខគេរបស់ជប៉ុន ដោយសារតែមានចំនួនអតិថិជនដ៏ច្រើន រួមនឹង បណ្តាញសាខាពាសពេញប្រទេសជប៉ុន និងមានមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មជុំវិញពិភពលោក។ កិច្ចព្រមព្រៀងរយៈពេល ០៣ឆ្នាំសម្រាប់កម្ចី៥០លានដុល្លារអាមេរិកនេះ គឺជាកិច្ចព្រមព្រៀងដ៏ធំមួយដែលបានផ្តល់ ជូនស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងក៏ជាកម្ចីពាណិជ្ជកម្មក្រៅប្រទេសធំលើកទីមួយដែលផ្តល់ដោយធនាគារនាំ មុខគេរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីនេះ លោក Norihiko KATO ដែលជាប្រធាននាយកប្រតិបត្តិ របស់ធនាគារ ស្ថាបនា ភីអិលស៊ី បានមានប្រសាសន៍ថា “យើងពិតជារីករាយ ដែលធនាគារ Mizuho បានស្វែងយល់ យ៉ាងស៊ីជម្រៅចំពោះប្រតិបត្តិការ និងការគ្រប់គ្រងរបស់ធនាគារ ស្ថាបនា ភីអិលស៊ី និងចូលរួមចំណែកក្នុងចក្ខុវិស័យ របស់ធនាគាររបស់យើង ក្នុងការជួយប្រជាជនរបស់ប្រទេសកម្ពុជា ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជាបន្តទៀត។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំដែលទទួលបានពីធនាគារ Mizuho យើងនឹងបន្ត ខិតខំក្នុងការដឹកនាំធនាគារពាណិជ្ជនេះដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងការផ្តល់នូវសេវាហិរញ្ញវត្ថុដែលមាន ស្ថេរភាពជូនប្រជាជន”។ លោក FUKUI Takeshi នាយកការិយាល័យតំណាងរបស់ធនាគារ Mizuho ប្រចាំរាជធានី ភ្នំពេញ ដែលមានវត្តមានជាសាក្សីក្នុងការចុះហត្ថលេខានេះ បានមានប្រសាសន៍ថា “គោលការណ៍ និងទស្សនវិស័យ ចម្បងរបស់ធនាគារ Mizuho គឺ “អតិថិជនជាចម្បង” (ទស្សនវិស័យដែលផ្តោតសំខាន់លើអតិថិជន) ហើយ Mizuho មានសេចក្តីសោមនស្សរីករាយក្នុងជួយជ្រោមជ្រែងធនាគារ ស្ថាបនា ភីអិលស៊ី និងប្រទេសកម្ពុជា”។
ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាធនាគារពាណិជ្ជទីមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលជោគជ័យក្នុងការរួម បញ្ចូលគ្នារវាង គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំ និងធនាគារពាណិជ្ជ ដែលមានការិយាល័យជាង ១៦០ កន្លែង ហើយបានធ្វើប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ។