នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ បានប្រារព្ធកម្មវិធី The Smart Campaign ដែលជាកម្មវិធីនៃការផ្តួចផ្តើមជាសកលមួយក្នុងការដាក់បញ្ចូលការអនុវត្តន៍យុន្ធការយ៉ាងរឹងមាំមួយដើម្បីគាំពារអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីទទួលស្គាល់ធនាគារ ស្ថាបនា ភីអិលស៊ី ជាស្ថាប័នដែលមានស្តង់ដារគាំពារអតិថិជនយ៉ាងរឹងមាំនៅកម្ពុជា។
កញ្ញា អ៊ីសាប៊ែល បារ៉េស (Isabelle Barrès) នាយក The Smart Campaign បានបញ្ជាក់ថា “យើងសូមសម្តែងនូវការអបអរសារទអស់ពីចិត្តចំពោះធនាគារ ស្ថាបនា ភីអិលស៊ី។ ការប្តេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ភីអិលស៊ី ក្នុងការបំពេញការងារ និងការរៀបចំក្នុងដំណើរការវាយតំលៃយ៉ាងល្អិតល្អន់ បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំក្នុងការការពារអតិថិជនរបស់ខ្លួន។ ថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារស្ថាបនា ភីអិលស៊ី ក៏បានបង្ហាញអោយឃើញថារបាំងនៃការគាំពារអតិថិជននេះអាចសម្រេចទៅបាន។ គំរូរបស់ធនាគារ ស្ថាបនា ភីអិលស៊ី នឹងអាចនាំទៅរកចលនាមួយដែលឧស្សាហ៍កម្មផ្សេងៗនឹងខិតខំបង្កើនសមត្តិភាពដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់នានា។”
កម្មវិធីផ្តល់វិញ្ញាបនបត្របញ្ជាក់ពីការគាំពារអតិថិជនរបស់ The Smart Campaign គឺមានគោលបំណងទទួលស្គាល់ជាសាធារណៈចំពោះស្ថាប័នហិរញ្ញវត្ថុទាំងឡាយណាដែលផ្តល់សេវាកម្មរបស់ខ្លួនជូនដល់គ្រួសារដែលមានប្រាក់ចំណូលទាប និងមានស្តង់ដារនៃការគាំពារអតិថិជនស្របតាមគោលការណ៍ទាំងប្រាំពីរចំណុចរបស់ The Smart Campaign។ គោលការណ៍សំខាន់ៗទាំងនោះរួមមាន តំលៃ តម្លាភាព យុត្តិធម៌ ការផ្តល់សេវាកម្មដោយការគោរព និងការបញ្ជាសបំណុលវ័ណ្ឌក ។ បច្ចុប្បន្ន មានតែស្ថាប័នចំនួន៦២ ប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលទទួលបានវិញ្ញាបនបត្រនេះ។
លោក ឧកញ៉ា បណ្ឌិត ប៊ុន មុនី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ភីអិលស៊ី បានបញ្ជាក់ថា “ការតាំងចិត្តផ្តល់សេវាកម្មហិរញ្ញវត្ថុអោយបានល្អបំផុតជាមួយតម្លៃប្រកបដោយតម្លាភាព និងមានគោលការណ៍គាំពារអតិថិជន គឺតែងតែដក់ជាប់ក្នុងចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក។ យើងបានខិតខំបំពេញដំណើរការស្នើរសុំវិញ្ញាបនបត្រនេះ អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយ ដើម្បីធានាបានថា តម្រូវការទាំងអស់របស់ The Smart Campaign គឺត្រូវបានអនុវត្តន៍ពេញលេញ។ ការគោរពទៅតាមគោលការណ៍គាំពារអតិថិជន ជួយធ្វើអោយសេវាកម្មរបស់យើងកាន់តែមានលក្ខណៈល្អប្រសើរឡើងសំរាប់ផ្តល់ជូនអតិថិជន ហើយពួកគាត់នឹងកាន់តែសប្បាយចិត្តក្នុងការនៅជាមួយយើងកាន់តែយូរ។ និរន្តរភាពនៃស្ថាប័នហិរញ្ញវត្ថុមួយ អាស្រ័យលើកំរិតនៃការការពារអតិថិជនរបស់ខ្លួន ហើយពួកគាត់អាចទទួលអត្ថប្រយោជន៍ពីសេវាកម្ម និងផលិតផលដែលបានផ្តល់ជូន។ នៃវិញ្ញាបនបត្រថ្មីនេះជំរុញភាពជឿជាក់បន្ថែមដល់ស្ថាប័ន និងបង្ហាញដល់សហគមន៍របស់យើងថា ធនាគារ ស្ថាបនា ភីអិលស៊ី បានបន្តធ្វើការងារជារៀងរាល់ថ្ងៃដើម្បីកែលម្អសេវាកម្ម និងបានប្តេជ្ញាចិត្តក្នុងការអនុវត្តន៍អោយបានល្អបំផុតនៅក្នុងវិស័យហិរញ្ញវត្ថុរបស់យើង។
គួរបញ្ជាក់ថា ក្នុងពេលកន្លងមក ធនាគារ ស្ថាបនា ភីអិលស៊ី មានគោលការរបស់ខ្លួនយ៉ាងរឹងមាំចំពោះការស្នើរសុំឥណទាន ដើម្បីធានាបានថាអតិថិជនទាំងអស់មិនជំពាក់បំណុលច្រើនជាងពួកគាត់អាចសងត្រឡប់មកវិញ។ ម្យ៉ាងវិញទៀត ធនាគារ តែងតែបង្ហាញនូវតម្លៃច្បាស់លាស់លើខិតប័ណ្ណផ្សព្វផ្សាយ គេហទំព័រ និងសម្ភារៈទីផ្សារផ្សេងៗទៀតដើម្បីធានាបានថាអតិថិជនទាំងអស់ទទួលបានព័ត៌មានច្បាស់លាស់អំពីតម្លៃមុនពេលធ្វើការទទួលយកផលិតផល និងសេវាកម្មរបស់ធនាគារ។ ផ្នត់គំនិត “អតិថិជនជាអាទិភាពដំបូង” បានធ្វើអោយស្ថាបនា បំរើអតិថិជនរបស់ខ្លួនដោយក្តីគោរព។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនអាចអោយជាយោបល់ ឬការត្អូញត្អែផ្សេងៗនៅពេលដែលជួបប្រទះនូវបញ្ហារអ្វីមួយ។ ធនាគារ ស្ថាបនា ភីអិលស៊ី ក៏មានគោលការណ៍របស់ខ្លួនយ៉ាងល្អ ដោយការត្អូញត្អែទាំងអស់របស់អតិថិជនត្រូវបានដោះស្រាយ ហើយដំណោះស្រាយទាំងនោះគឺត្រូវជំរាបជូនអតិថិជននៅពេលបន្ទាប់ ដើម្បីធានាថាអតិថិជនទាំងអស់ពេញចិត្តចំពោះដំណោះស្រាយនៅទីបញ្ចប់។