សុន្ទរកថារបស់លោក Norihiko Kato ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបុគ្គលិកថ្មី

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ធនាគារ ស្ថាបនា ភីអិលស៊ី បានរៀបចំពិធីបើកវគ្គបណ្តុះ​បណ្តាល​​​ដល់បុគ្គលិកថ្មីរបស់ខ្លួននៅសាខា​ជ្រោយចង្វារ ក្រោមអធិបតេយ្យភាពរបស់លោក Norihiko Kato​ ជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា ភីអិលស៊ី។

ខ្លឹមសារ​​មេរៀន​​​​នៃវគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើគោល​ការណ៏​មួយចំនួនរួមមាន៖​ កិច្ច​សន្យា​ការងារ​និងការអនុវត្តន៍​វិធាន​វិន័យ តួនាទី និងភារ​កិច្ច​របស់​ធានី ភ្នាក់ងារ​ឥណទាន និង គណ​នេយ្យ​ករ របៀបធ្វើកិច្ចសន្យានិងច្បាប់កិច្ចសន្យា ជំនាញអន្តរបុគ្គល ការបំរើ​សេវា​កម្ម​អតិថិ​ជន គោលការណ៍ទទួលប្រាក់សន្សំ ការវាយតំលៃ និងដំណើរការឥណទាន ហានិភ័យ​ប្រតិ​​បត្តិការ និងឥណទាន គោលការណ៍គាំពារអតិថិជន គោលការណ៍​ប្រឆាំង​ការលាង​​សំអាត​​​​ប្រាក់ ច្បាប់ភូមិបាល និងការប្រតិបត្តិតាម មូលដ្ឋានជំនាញ​ក្នុងការ​លក់ បច្ចេក​ទេស​ប្រតិ​បត្តិ​ការ​​ផ្ទៃក្នុង​នៃប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និងមានមុខវិជ្ជាសំខាន់ៗ​ជាច្រើន​ទៀត។

លោក Norihiko Kato បានមានប្រសាសន៍ទៅកាន់​បុគ្គលិក​ថ្មី​​ចំនួន១១៥នាក់ដែលបានចូលរួមក្នុងពិធីបើកវគ្គនេះថា “យើងមានសេចក្តីរីរាយ និងសូមស្វាគមន៍ចំពោះបុគ្គលិកថ្មី ដែល​ក្លាយ​ជាសមាជិក​របស់ធនាគារ ស្ថាបនា ភីអិលស៊ី។​ វគ្គបណ្តុះបណ្តាលនេះនឹងជួយឱ្យបុគ្គលិកថ្មី​ស្គាល់ពីមូល​ដ្ឋាន​​គ្រឹះ​សំខាន់ៗ​របស់ធនាគារ ស្ថាបនា ភីអិលស៊ី។​ យើងមានវគ្គបណ្តុះណ្តាល​ជាច្រើន​ផ្សេង​ទៀត​​​សម្រាប់បុគ្គលិក ដើម្បីជួយឱ្យយល់ដឹងកាន់តែច្បាស់អំពីផលិតផល និង​សេវា​កម្ម​ថ្មីៗ​របស់​ធនាគារ ព្រមទាំងជួយអភិឌ្ឍ​ឱ្យក្លាយទៅជាបុគ្គលិក​ធនាគារ​ជំនាញ​​ដែល​មាន​​​សម្ថភាព​ពេញលេញ។”

គួរ​បញ្ជាក់ថា បច្ចុប្បន្ន ធនាគារ ស្ថាបនា ភីអិលស៊ី មានបុគ្គលិកកំពុងបម្រើការងារជាង ៤០០០នាក់ និងមានបណ្តាញសាខាចំនួន១៦១ ម៉ាស៊ីន ATM ចំនួន៧២ ដែលកំពុងប្រតិបត្តិ​នៅ​​ទូទាំង​​រាជធានីខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រ​កម្ពុជា។