ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាធនាគារពាណិជ្ជដែលមានចំនួនបណ្តាញសាខា និងបុគ្គលិកឈានមុខគេលំដាប់ទីពីរក្នុងព្រះរាជាណាចក្រកម្ពុជា និងតែងតែបានដើរតួជាស្ថាប័នគំរូមួយសម្រាប់អាជីពក្នុងវិស័យធនាគារ។ បច្ចុប្បន្ន ស្ថាប័នមានបុគ្គលិកបម្រើការងារជិត៤០០០នាក់ ដែលកំពុងធ្វើប្រតិបត្តិការនៅគ្រប់២៥ខេត្ត រាជធានីក្នុងប្រទេស។ ជាពិសេស ធនាគារ ស្ថាបនា ភីអិលស៊ី ផ្តល់នូវអត្ថប្រយោជន៍មិនត្រឹមតែប្រាក់បៀវត្សប្រចាំខែសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ប្រាក់សម្រាប់មើលថែសុខភាព ប្រាក់កម្ចីសម្រាប់បុគ្គលិក ការធានារ៉ាប់រងឧប្បទ្ទវហេតុការងារ និងការគាំពារជាច្រើនទៀតដល់បុគ្គលិក។លើសពីនេះធនាគារ បានបង្កើតឱ្យមាននូវ វប្បធម៌សហការគ្នាប្រកបដោយតម្លាភាព និងភាពស្មោះត្រង់ ជាមួយនិងការលើកទឹកចិត្តឱ្យបុគ្គលិកទាំងអស់មានទំនាក់ទំនងល្អជាមួយគ្នា។
ស្ថាបនា តែងតែផ្តល់តម្លៃដល់បុគ្គលិករបស់ខ្លួនប្រៀបបានទៅនឹងទ្រព្យសកម្មនៃបញ្ញាដ៏មានតម្លៃដែលអាចរួមចំណែកក្នុងដំណើរការការងារប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ស្ថាប័ន។ ដូច្នេះ ស្ថាបនា នូវតែបន្តផ្តល់វគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាព និងជំនាញបច្ចេកទេសរបស់បុគ្គលិកសម្រាប់បំពេញកិច្ចការងារប្រចាំថ្ងៃ។
ដើម្បីលើកស្ទួយអាជីពក្នុងវិស័យធនាគារ ស្ថាបនាបានផ្តល់ឱកាសការងារស្ម័គ្រចិត្ត ជូនដល់សិស្សនិសិ្សតនៅតាមសាកលវិទ្យាល័យក្នុងស្រុក និងសិស្សនិសិ្សតដែលទើបបញ្ចប់ការសិក្សាថ្មីៗជារៀងរាល់ឆ្នាំ។ ម្យ៉ាងទៀត គោលបំណងនៃការផ្តល់ឱកាសការងារស្ម័គ្រចិត្តនេះ គឺដើម្បី ផ្តល់ឱ្យនិសិ្សតដែលកំពុងសិក្សា និងទើបបញ្ចប់ការសិក្សាទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែងជាមួយធនាគារ ស្ថាបនា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជស្តង់ដារ និងដើម្បីឲ្យពួកគេអាចរៀបចំខ្លួនសម្រាប់ការងារនាពេលអនាគត។
ជាការពិត ធនាគារ ស្ថាបនា ភីអិលស៊ី បានចូលប្រឡូកក្នុងទីផ្សារហិរញ្ញវត្ថុអស់រយៈពេល ជាង២២ឆ្នាំហើយ និងបានវិនិយោគលើការកសាងសម្ថភាពធនធានមនុស្សនៅក្នុងប្រទេស ព្រមទាំងផ្តល់ជាកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលនៅក្រៅប្រទេសបន្ថែមទៀតដើម្បីជាការចូលរួមចំណែកកាត់បន្ថយ ភាពគ្មានការងារធ្វើ និងភាពក្រីក្រក្នុងប្រទេសកម្ពុជា។