ភ្នំពេញ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ - ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគសម្ភារៈសិក្សា និងការិយាល័យដល់សាលាបឋមសិក្សា យុគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំងដើម្បីជួយសម្រាលដល់ការលំបាករបស់សាលានេះ បន្ទាប់ពីត្រូវបានភ្លើងឆេះកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។ បរិច្ចាគរបស់ធនាគារ ស្ថាបនា គឺជាការប្តេជ្ញាចិត្តដើម្បីជួយលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។
ការបរិច្ចាគនៅពេលនេះគឺមានសម្ភារៈសិក្សា និងការិយាល័យដែលមានកុំព្យូទ័រ១គ្រឿង ម៉ាស៊ីនព្រីនកូល័រ១គ្រឿង ម៉ាស៊ីនអ៊ុតកាត១គ្រឿង ឧបករណ៍បំពងសំឡេង១គ្រឿង ទូដាក់ឯកសារ១ កង្ហារ១៥ ជញ្ជីងប៉ុង១ នាឡិកាដាក់ជញ្ជាំង៥ កែវក្រឹត១ ឧបករណ៍វាស់កម្តៅ (អាំងទែម៉ូម៉ែត្រ)១ គ្រោងឆ្អឹងមនុស្ស១ សៀវភៅអាន៣០០ក្បាល សៀវភៅសរសេរ១០០០ក្បាល ប៊ិច៥០០ដើម ខ្មៅដៃ៥០០ដើម កាបូបកីឡា២៥០ ថង់យួរ៣០០ ហ្វឺត១០ប្រអប់ និងក្តារខៀន៣។
លោក នួន បូរ៉ា នាយកសាលាបឋមសិក្សា យុគន្ធរ រៀបរាប់ថា សាលារៀននេះមាន២ខ្នង ស្មើនឹង៥បន្ទប់ ប៉ុន្តែត្រូវបានភ្លើងឆេះទាំងអស់រួមទាំងសម្ភារៈរដ្ឋបាល និងសម្ភារៈសម្រាប់បង្រៀន។ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធានធនាគារ ស្ថាបនា ក៏ដូចជាសហការីទាំងអស់ដែលបាននាំយកសម្ភារៈរដ្ឋបាល សម្ភារៈសម្រាប់បង្រៀន សម្ភារៈបច្ចេកទេសជាច្រើនសម្រាប់ចែកជូនដល់សាលាបឋមសិក្សាយុគន្ធរយើងខ្ញុំដែលកំពុងជួបការខ្វះខាត»។ លោកបន្ថែមថា បច្ចុច្បន្ននេះ មានគ្រូបង្រៀន៤នាក់ និងសិស្សានុសិស្សចំនួន២២៦នាក់ដែលកំពុងបង្រៀន និងសិក្សានៅលើសាលាឆាន់ក្នុងវត្តយុគន្ធរ។
យុវសិស្ស តូច ផល្លា រៀនថ្នាក់ទី៦កនៅសាលាបឋមសិក្សា យុគន្ធរ បានប្រាប់ថា ៖«តាំងពីសាលាខ្ញុំត្រូវបានភ្លើងឆេះ ខ្ញុំពិតជាជួបការលំបាកខ្លាំង ខ្វះខាតសម្ភារៈសិក្សាទាំងសិស្ស និងសាលា។ ខ្ញុំសូមអរគុណដល់បងៗ ធនាគារ ស្ថាបនា ដែលបានចុះជួយសាលានាងខ្ញុំដូចជាសម្ភារៈសិក្សា ដូចជាសម្ភារៈការិយាល័យ»។
អំឡុងពិធីប្រគល់សម្ភារៈ លោក អំាង ប៊ុនសេង នាយកធនធានមនុស្សនៃធនាគារ ស្ថាបនា មានប្រសាសន៍ថា «ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ ស្ថាបនា យើងមានទស្សនៈមួយដូចគ្នា យើងយល់ឃើញថា មានតែការសិក្សាអប់រំទេដែលជាមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍប្រទេសជាតិយើងទាំងមូលប្រកបដោយចីរភាព។ ឆ្លៀតឱកាសនេះ ក្នុងនាមខ្ញុំតំណាងធនាគារ ស្ថាបនា សូមលើកទឹកចិត្តឪពុកម្តាយ អាណាព្យាបាល ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ត្រូវតែបញ្ជូនបុត្រាបុត្រី ក៏ដូចជាកូនៗឲ្យទទួលបានការអប់រំ»។
លោកបញ្ជាក់ថា សម្ភារៈបរិច្ចាគទាំងនេះមិនគ្រប់គ្រាន់តាមតម្រូវការនោះទេ ប៉ុន្តែយ៉ាងហោចណាស់ក៏ជួយសម្រួលដល់ការលំបាករបស់សាលាមួយចំនួនដែរ។
សូមបញ្ជាក់ថា ក្នុងពិធីប្រគល់សម្ភារៈសិក្សា និងការិយាល័យរបស់ធនាគារ ស្ថាបនា ដល់សាលាបឋមសិក្សាយុគន្ធរនេះ ក៏មានការនិមន្តចូលរួមពីព្រះតេជគុណចៅអធិការវត្តយុគន្ធរ លោកអភិបាលស្រុកបរិបូណ៍ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកបរិបូណ៍ លោកមេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិកធនាគារ ស្ថាបនា៕