នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នាសាខាកំពង់ចាម របស់ ធនាគារ ស្ថាបនា ភីអិលស៊ី មានកម្មវិធីបរិច្ចាកឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានចំនួនអ្នកបរិច្ចាកឈាមប្រមាណ ៧៥នាក់។
នេះជាឆ្នាំទី៦ហើយដែល ធនាគារ ស្ថាបនា ភីអិលស៊ី បានរៀបចំកម្មវិធីបរិច្ចាកឈាមរបស់ខ្លួនដើម្បីជួយជនរងគ្រោះដែលកំពុងមានតំរូវការឈាម។
លោក វង្ស សុខាល ប្រធាននាយកប្រតិបតិ្តផែនការ ធនាគារ ស្ថាបនា ភីអិលស៊ី តំណាងដ៏ខ្ពង់ខ្ពស់ របស់ លោកឧកញ៉ា បណ្ឌិត ប៊ុន មុនីប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា ភីអិលស៊ី មានប្រសាសន៏ថា “ការផ្តល់ឈាម គឺជាការចាំបាច់បំផុតសំរាប់ជួយអាយុជីវិតមនុស្សព្រោះឈាមមិនអាចធ្វើការ នាំចូលពីបរទេស ឬផលិតដោយឧបករណ៍ណាមួយបានឡើយ។ ការស្ម័គចិត្តផ្តល់ឈាមជាទង្វើមនុស្សធម៌ដ៏ល្អ និងមិនបានប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាកឡើយ។ បុគ្គលិក ធនាគារ ស្ថាបនា ភីអិលស៊ី នឹងនៅតែគាំទ្រសកម្មភាពមនុស្សធម៌របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបង្កើនចំនួនបរិមាណការបរិច្ចាកឈាមអោយកាន់តែច្រើនឡើង និងធ្វើជាគំរូល្អមួយសម្រាប់ស្ថាប័នផ្សេងៗ ”។ ធនាគារ ស្ថាបនា ភីអិលស៊ី មិនមែនជាស្ថាប័នដែលគិតតែពីប្រាក់ចំណេញឡើយ ស្ថាបនា យើងតែងតែឆ្លៀតពេលដ៏មមាញឹករបស់យើង បន្តធ្វើសកម្មភាពមនុស្សធ៌មទាំងនេះបន្តទៀត ដើម្បីសង្គ្រោះជីវិត និងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាអោយកាន់តែប្រសើរឡើងតាមរយៈការទទួលបានសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពប្រកួតប្រជែង ស្របតាមបាវចនារបស់ធនាគារដែលលើកឡើងថា “ស្ថាបនា ជាប្រជាធនាគារ ធ្វើអោយជីវិតប្រសើរឡើង”។ ឈាមភ្ជាប់ទំនាក់ទំនងយើងទាំងអស់គ្នា។”
ចំណែក លោក គី រដ្ឋា នាយក នាយកដ្ឋានទីផ្សារ ធនាគារ ស្ថាបនា ភីអិលស៊ី និងជាអ្នករៀបចំបង្កើតកម្មវិធីបរិច្ចាកឈាមជូនដល់មជ្ឈមណ្ឌល់ជាតិផ្តល់ឈាមជារៀងរាល់ឆ្នាំ បានធ្វើការបញ្ជាក់ថា “ធនាគារ ស្ថាបនា ភីអិលស៊ី តែងគិតពីតំរូវការ និងសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ និងអតិថិជនទាំងអស់គ្នា ហើយការចូលរួមចំណែកអភិវឌ្ឍន៍សុខមាលភាពសង្គម ដូចជាការបរិច្ចាកឈាម ការឧបត្ថម្ភៈជូនមន្ទីពេទ្យ កាកបាទក្រហម ក្មេងកំព្រា និងជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗជាច្រើនទៀត គឺជាផ្នែកមួយនៃទស្សនៈវិស័យរបស់យើងដែល ធនាគារ ស្ថាបនា ភីអិលស៊ី បានធ្វើចាប់តាំងពីការកកើតឡើងក្នុងឆ្នាំ១៩៩៥ មកម្ល៉េះ។ ក្នុងឆ្នាំ២០១៥ ធនាគារ ស្ថាបនា ភីអិលស៊ី បានរៀបចំកម្មវិធីបរិច្ចាកឈាមរបស់ខ្លួនចំនួនពីរលើករួចម្តងមកហើយ ដែលមានអ្នកធ្វើអំណោយឈាមសរុបចំនួន២០១នាក់។