ធនាគារ ស្ថាបនា ដាក់​​ឱ្យ​​ដំណើរ​​ការ​​ជា​​ផ្លូវ​​ការ​​សេវា​​ប្រមូល​​ចំណូល​​ពន្ធដារ​​គ្រប់​​ប្រភេទ

រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​សេវា​ប្រមូល​ចំណូល​ពន្ធដារ​គ្រប់​ប្រភេទ ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន និង​ផ្តល់​ជូន​នូវ​ភាព​ងាយ​ស្រួល​មួយ​កម្រិត​ទៀត​។

ចាប់​ពី​ពេល​នេះ​ត​ទៅ ជា​មួយ​ធនាគារ ស្ថាបនា អតិថិជន​លែង​មាន​ការ​លំបាក​ក្នុង​ការ​បំពេញ​នូវ​កាតព្វកិច្ច​បង់​ពន្ធ​ទៀត​ហើយ ដោយ​ចំណេញ​បាន​ទាំង​ពេល​វេលា​ធ្វើ​ដំណើរ និង​ពេល​វេលា​រង់ចាំ។ សេវា​កម្ម​នេះ ផ្តល់​ជូន​នៅ​គ្រប់​សាខា ធនាគារ ស្ថាបនា ខេត្ត-ក្រុង ចំនួន២៧ និង​រាជ​ធានីភ្នំពេញ ចំនួន១៧ លើក​លែង​តែ​សាខា​ព្រែកព្នៅ។

ពន្ធដារ​គ្រប់​ប្រភេទ​នេះ រួម​មាន​ដូច​ជា  ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើប្រាក់​ចំណូល ពន្ធ​អប្បបរមា ពន្ធ​កាត់​ទុក ពន្ធ​លើ​ប្រាក់​បៀវត្ស​ អាករ​លើតម្លៃបន្ថែម អាករ​ពិសេស​លើ​ទំនិញ​និង​សេវា​មួយ​ចំនួន ពន្ធ​លើ​ឈ្នួល​ផ្ទះ​និង​ដី ពន្ធ​ប៉ា​តង់ ពន្ធ​ប្រថាប់​ត្រា ពន្ធ​លើ​ដី​ធ្លី​មិន​បាន​ប្រើ​ប្រាស់ ពន្ធ​លើមធ្យោបាយ​ដឹក​ជញ្ជូន​និង​យាន​ជំនិះ​គ្រប់​ប្រភេទ អាករ​លើ​ការ​ស្នាក់​នៅ អាករ​សម្រាប់​បំភ្លឺ​សាធារណៈ និង​ពន្ធ​ផ្សេងៗ​ទៀត។

លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ “ការ​បង់​ពន្ធ គឺ​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់​រូប​ដែល​ចាំ​បាច់​ត្រូវ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​របស់​សង្គម​ជាតិ​ទាំង​មូល។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ ចំណូល​ពន្ធ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ បាន​ប្រមូល​ក្នុង​ឆ្នាំ ២០១៩ សរុប​មាន​ចំនួន​ប្រមាណ ២,៨២ ពាន់លានដុល្លារ​អាមេរិក កើន​ឡើង​ប្រហែល ៣៧% បើ​ធៀប​នឹង​ឆ្នាំ ២០១៨។ ដោយ​សង្កេត​ឃើញ​នូវ​ភាព​ចាំ​បាច់​នេះ ធនាគារ ស្ថាបនា បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការ​នៃ​ការ​ប្រមូល​ពន្ធដារ​គ្រប់​ប្រភេទ ឲ្យ​កាន់​តែ​ងាយ​ស្រួល ឆាប់​រហ័ស និង​សុវត្ថិភាព”។

គូស​បញ្ជាក់​ថា មក​ទល់​បច្ចុប្បន្ន​​ធនាគារ ស្ថាបនា បានផ្តល់​សេវា​បង់​ទឹក ភ្លើង និង​សំរាម ជូន​អតិថិជន​យ៉ាង​ជោគ​ជ័យ ហើយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ធនាគារ​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ស្ថាប័ន​ជា​ច្រើន​ទៀត ដើម្បី​បន្ត​នូវ​កិត្តិនាម​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​នៅ​កម្ពុជា។

ថ្មី​ៗនេះ ធនាគារ ស្ថាបនា ក៏​បាន​ទទួល​វិញ្ញាបនបត្រ អនុលោមភាព​សារ​ពើ​ពន្ធ​កម្រិត​មាស រយៈពេល ២ឆ្នាំ សម្រាប់​ឆ្នាំ​ជាប់​ពន្ធ ២០២០ ដល់ ២០២១ ពី​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ។ វិញ្ញាបនបត្រ​នេះ គឺ​ជា​ការ​សបញ្ជាក់​អំពី​ទំនួល​ខុស​ត្រូវ​ និង​ការ​ប្រកាន់​ខ្ជាប់​កាតព្វ​កិច្ច​បង់​ពន្ធ​របស់ ធនាគារ ស្ថាបនា ស្រប​ទៅ​តាម​គោលការណ៍​និង​បទ​ប្បញ្ញត្តិ​សម្រាប់​វិស័យ​ធនាគារ​នៅ​កម្ពុជា។

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជា​ធនាគារពាណិជ្ជ​ឈាន​មុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ទ្រព្យ​សកម្ម​សរុប​ជាង ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ច្រើន​ជាង ៤.០០០នាក់។ ធនាគារ​យើង​ខ្ញុំ​ជា​ធនាគារ​ដែល​មាន​បណ្តាញ​សាខា​ច្រើន​បំផុត​ទី២ ជា​មួយ​នឹង​ចំនួន​សាខា​ច្រើន​ជាង ១៧០ទីតាំង  និង​អេធីអឹម​ជាង ២២០កន្លែង ដែល​មាន​សមត្ថភាព​ពេញ​លេញ​ដូច​ជា​ដាក់​ប្រាក់ ដកប្រាក់ និង​ធ្វើ​ការ​ទូ​ទាត់​ប្រាក់។ យើង​ខ្ញុំ​ផ្តល់​ជូន​អតិថិជន​នូវ​សេវា​កម្ម​ធនាគារ​ពេញ​លេញ​រួម​មាន សេវាឥណទាន សេវាបញ្ញើ iBanking Sathapana Mobile ប័ណ្ណ​ឥណពន្ធ​និង​ឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅ​ប្រទេស Western Union ហិរញ្ញ​វត្ថុ​ពាណិជ្ជ​កម្ម និង​សេវា​បង់​វិកយបត្រ សេវា​គ្រប់​គ្រង​សាច់​ប្រាក់ និង​សេវា​ផ្សេងៗ​ទៀត​ជា​ច្រើន។ លើស​ពី​នេះ ធនាគារ​ក៏​បាន​ធ្វើ​ការ​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ផ្ទេរ​និង​ទូ​ទាត់​ប្រាក់ តាម​រយៈ​ទូរស័ព្ទ រួម​មាន​ដូច​ជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បី​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដល់​អតិថិជន។