រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា បានដាក់ឱ្យដំណើរការជាផ្លូវការសេវាប្រមូលចំណូលពន្ធដារគ្រប់ប្រភេទ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់អតិថិជន និងផ្តល់ជូននូវភាពងាយស្រួលមួយកម្រិតទៀត។
ចាប់ពីពេលនេះតទៅ ជាមួយធនាគារ ស្ថាបនា អតិថិជនលែងមានការលំបាកក្នុងការបំពេញនូវកាតព្វកិច្ចបង់ពន្ធទៀតហើយ ដោយចំណេញបានទាំងពេលវេលាធ្វើដំណើរ និងពេលវេលារង់ចាំ។ សេវាកម្មនេះ ផ្តល់ជូននៅគ្រប់សាខា ធនាគារ ស្ថាបនា ខេត្ត-ក្រុង ចំនួន២៧ និងរាជធានីភ្នំពេញ ចំនួន១៧ លើកលែងតែសាខាព្រែកព្នៅ។
ពន្ធដារគ្រប់ប្រភេទនេះ រួមមានដូចជា ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា ពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស អាករលើតម្លៃបន្ថែម អាករពិសេសលើទំនិញនិងសេវាមួយចំនួន ពន្ធលើឈ្នួលផ្ទះនិងដី ពន្ធប៉ាតង់ ពន្ធប្រថាប់ត្រា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ អាករលើការស្នាក់នៅ អាករសម្រាប់បំភ្លឺសាធារណៈ និងពន្ធផ្សេងៗទៀត។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “ការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបដែលចាំបាច់ត្រូវបំពេញ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍរបស់សង្គមជាតិទាំងមូល។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលក្នុងឆ្នាំ ២០១៩ សរុបមានចំនួនប្រមាណ ២,៨២ ពាន់លានដុល្លារអាមេរិក កើនឡើងប្រហែល ៣៧% បើធៀបនឹងឆ្នាំ ២០១៨។ ដោយសង្កេតឃើញនូវភាពចាំបាច់នេះ ធនាគារ ស្ថាបនា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយសម្រួលដល់ដំណើរការនៃការប្រមូលពន្ធដារគ្រប់ប្រភេទ ឲ្យកាន់តែងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព”។
គូសបញ្ជាក់ថា មកទល់បច្ចុប្បន្នធនាគារ ស្ថាបនា បានផ្តល់សេវាបង់ទឹក ភ្លើង និងសំរាម ជូនអតិថិជនយ៉ាងជោគជ័យ ហើយក្នុងពេលឆាប់ៗខាងមុខ ធនាគារនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នជាច្រើនទៀត ដើម្បីបន្តនូវកិត្តិនាមជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា។
ថ្មីៗនេះ ធនាគារ ស្ថាបនា ក៏បានទទួលវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធកម្រិតមាស រយៈពេល ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២០ ដល់ ២០២១ ពីអគ្គនាយកដ្ឋានពន្ធដារ។ វិញ្ញាបនបត្រនេះ គឺជាការសបញ្ជាក់អំពីទំនួលខុសត្រូវ និងការប្រកាន់ខ្ជាប់កាតព្វកិច្ចបង់ពន្ធរបស់ ធនាគារ ស្ថាបនា ស្របទៅតាមគោលការណ៍និងបទប្បញ្ញត្តិសម្រាប់វិស័យធនាគារនៅកម្ពុជា។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ១,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារយើងខ្ញុំជាធនាគារដែលមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងខ្ញុំផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញរួមមាន សេវាឥណទាន សេវាបញ្ញើ iBanking Sathapana Mobile ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាបង់វិកយបត្រ សេវាគ្រប់គ្រងសាច់ប្រាក់ និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។