ធនាគារ ស្ថាបនា បដិសេធព័ត៌មានមិនពិតផ្សព្វផ្សាយដោយគេហទំព័រព័ត៌មានអនឡាញ

រាជធានីភ្នំពេញ, ថ្ងៃច័ន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា សូមប្រកាសបដិសេធទៅលើព័ត៌មានមិនពិតដែលបានចេញផ្សាយនៅលើគេហទំព័រអនឡាញមួយកាលពីថ្ងៃទី១៥ ខែវិច្ជិកា ឆ្នាំ ២០២០ ក្រោមចំណងជើង «ធនាគារ ស្ថាបនា នៅប្រទេសកម្ពុជាត្រូវបានដាក់ក្នុងបញ្ជីឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)»។ 

អត្ថបទព័ត៌មានខាងលើនេះបានសរសេរចោទប្រកាន់ថា "ធនាគារ ស្ថាបនា បានធ្វើការបំភិតបំភ័យ និងបង្ខំទៅដល់អតិថិជនកម្ចីរបស់ខ្លួនដែលបានរងវិបត្តិពីបញ្ហានៃវីរុសកូវីដ១៩ ឱ្យលក់ទ្រព្យសកម្មរបស់ខ្លួន………"។ 

ធនាគារ ស្ថាបនា ច្រានចោលការចោទប្រកាន់នេះជាការផ្សព្វផ្សាយមិនពិត និងមិនមានភស្តុតាង។ មិនតែប៉ុណ្ណោះ អត្ថបទមួយនេះត្រូវបានសរសេរឡើងយ៉ាងអវិជ្ជមានអំពី ធនាគារ ស្ថាបនា ដែលនេះជាចេតនាឃោសនាបំផ្លើស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ធនាគារ។

ធនាគារ ស្ថាបនា បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការជួយប្រជាជនកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងគ្រាលំបាកខណៈពេលនៃការរងផលប៉ះពាល់ពីវីរុសកូវីដ១៩។ ធនាគារតែងតែយកចិត្តទុកដាក់អនុវត្តស្របតាមវិធានការ និងការណែនាំពីរាជរដ្ឋាភិបាល និងធនាគារជាតិ នៃ កម្ពុជា ដើម្បី ចូលរួមដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមានអំឡុងពេលរីករាលដាលនៃវីរុសកូវីដ១៩នេះ។ ជាក់ស្តែង ធនាគារ ស្ថាបនា នៅតែបន្តផ្តល់ជូនឥណទានទៅគ្រប់អាជីវកម្មទាំងអស់ ដើម្បីធានាបាន នូវនិរន្តភាពអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ធនាគារតែងតែបន្តជួយដោះស្រាយដោយឥរិយាបទទន់ភ្លន់និងប្រកបដោយវិជ្ជាជីវៈខ្ពស់ចំពោះការទូទាត់កម្ចីមិនបានទៀងទាត់ពីអតិថិជនទាំងឡាយណាដែលបានរងផលប៉ះពាល់ដោយវិបត្តិនៃវីរុសកូវីដ១៩។ ធនាគារក៏បានផ្តល់ជូនឥណទានរៀបចំឡើងវិញដែលមានទឹកប្រាក់សរុប ១៧៨,៨ លានដុល្លារអាមេរិក ដែលគិតជាភាគរយប្រមាណជា ១២% នៃទំហំឥណទានសរុបគិតត្រឹមខែតុលា ឆ្នាំ២០២០។


អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ២ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងការសហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។