រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ - Sathapana Mobile របស់ធនាគារ ស្ថាបនា ត្រូវបាន Global Banking & Finance Awards ទទួលស្គាល់ជាកម្មវិធីធនាគារចល័តល្អបំផុត នៅកម្ពុជាប្រចាំឆ្នាំ២០១៩។ នេះគឺជាកិត្តិយសរបស់ធនាគារ ស្ថាបនា ដែលទទួលបានពានរង្វាន់ពី Global Banking & Finance Review ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា "យើងមានកិត្តិយសយ៉ាងធំធេងតាមរយៈការទទួលបាននូវការទទួលស្គាល់នេះ និងជាការឆ្លុះបញ្ចាំងពី ការខិតខំប្រឹងប្រែងរបស់យើងក្នុងការសម្រេចបាននូវប្រព័ន្ធធនាគារចល័តមួយប្រកបដោយសុវត្ថិភាព រហ័ស ងាយស្រួល ជាមួយនឹងមុខងារកាន់តែប្រសើរ។ ការទទួលបានពានរង្វាន់នេះ គឺជាការបញ្ជាក់ឲ្យឃើញថា យើងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវនាយុគសម័យឌីជីថលនាពេលបច្ចុប្បន្ន"។
លោក លឹម អូន ក៏មានប្រសាសន៍បន្តទៀតថា "ក្នុងឆ្នាំ២០១៨យើងបានផ្តោតជាសំខាន់លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនសមត្ថភាពផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងពង្រីក វិសាលភាពអាជីវកម្មទាំងមូលរបស់យើងឲ្យកាន់តែប្រសើរជាងមុន។ ប្រព័ន្ធធនាគារចល័តថ្មីរបស់យើង ដែលជាផ្នែកមួយនៃតម្រូវការជីវិតនាពេលបច្ចុប្បន្ន បានផ្តល់ជូនអតិថិជននូវបទ ពិសោធន៍ថ្មីមួយ និងមានតែមួយគត់"។
ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៨មក Sathapana Mobile ត្រូវប្រើប្រាស់ជាកន្លែងធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធឌីជីថលទំនើបចុងក្រោយដែលអាចអនុញ្ញាតិឲ្យអតិថិជនចូលធ្វើ ប្រតិបត្តិការធនាគារគ្រប់ពេលវេលា និងទីកន្លែងតាមរយៈទូរស័ព្ទដៃ និងសេវាធនាគារតាមអ៊ីនធឺណេតក្នុងគោលបំណងផ្តល់ជូននូវសេវាហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ខ្ពស់។ លោកអ្នកអាចទាញយកកម្មវិធី Sathapana Mobile ពី App Store ឬ Google Play ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដូចជា ពិនិត្យមើលសមតុល្យគណនី និងប្រតិបតិ្តការ មើលតារាងកាលវិភាគបង់ប្រាក់បើក ឬបិទគណនីមានកាលកំណត់ ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស ផ្ទេរប្រាក់ទៅគណនី WING និង Pi Pay សេវាទូទាត់វិក្កយបត្រ បញ្ចូលកាតទូរស័ព្ទ សេវាប័ណ្ណឥណទានមានដូចជាដំណើរការប័ណ្ណ បង្ខាំង ឬដំណើរការប័ណ្ណឡើងវិញពិនិត្យមើលរបាយការណ៍សង្ខេប និងការទូទាត់ប័ណ្ណឥណទាន ព្រមទាំងមុខងារ ពិសេសៗជាច្រើនទៀតដែលអាចធ្វើប្រតិបតិ្តការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទូទាំងពិភពលោក។
ក្រៅពីការទទួលបានពានរង្វាន់ក្នុងឆ្នាំនេះធនាគារ ស្ថាបនា បានបង្ហាញអំពីកំណើនដ៏រឹងមាំក្នុងឆ្នាំ២០១៨ និងបានឈានដល់ដំណាក់កាលរីកចម្រើនថ្មីមួយទៀត លើសពីគោលដៅដែល បានកំណត់ ជាពិសេសកំណើនប្រាក់កម្ចី និងប្រាក់ចំណេញ។
កាលពីឆ្នាំមុនធនាគារ ស្ថាបនា បានបង្ហាញពីកំណើន 24% នៃប្រាក់ចំណេញសុទ្ធ ពោលគឺកើនពី 18,6 លានដុល្លារអាមេរិកដល់ 23,1 លានដុល្លារអាមេរិក។ ខណៈទ្រព្យសម្បត្តិ សរុបរបស់ធនាគារបានកើនដល់ 1,3 ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ 2018 ធៀបនឹងកំណើនចំនួន 1,02 ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ 2017៕