ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ - ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគសម្ភារៈសិក្សា និងការិយាល័យដល់សាលាបឋមសិក្សា ស្រែពើក ស្ថិតនៅឃុំស្ថិតក្នុង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីជួយសម្រាលដល់ការលំបាករបស់សាលា ។ បរិច្ចាគរបស់ធនាគារ ស្ថាបនា គឺជាការប្តេជ្ញាចិត្តដើម្បីជួយលើកកម្ពស់វិស័យអប់រំ និងសហគមន៍ (ខ្មែរព្នង)នៅក្នុងប្រទេសកម្ពុជា។
ក្រៅពីការផ្តល់សំភារៈការសិក្សាធនាគារស្ថាបនា ក៏បានសាងសង់បង្គន់អនាម័យថ្មីសម្រាប់សាលាដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តលើកកម្ពស់អនាម័យនិងការពារបរិស្ថានដែលបានផ្តល់កូនឈើចំនួន ១០០ ដើមសំរាប់ដាំនៅជុំវិញបរិវេណសាលារៀន។
សំភារៈសិក្សាដែលបានប្រគល់ជូនសាលារួមមានឯកសណ្ឋានសិស្សចំនួន ៥៧ នាក់, ទូរដាក់ឯកសារចំនួន ០១, បង់កៅអីអង្គុយលេងចំនួន ០៥, សៀវភៅអានចំនួន ៣០ ក្បាល, សៀវភៅសរសេរចំនួន ៣០០ ក្បាល, ប៊ិចចំនួន ២០០ ដើម, ខ្មៅដៃចំនួន ២០០ ដើម, សៀវភៅវចនានុក្រមអង់គ្លេសចំនួន ០៣ ក្បាល, ធុងទឹកស្រោចចំនូន ០៣, សំភារៈលេងកីឡា ០៥ ឈុត, ពាក្យស្លោកអប់រំចំនួន ០៥, ថង់យួរ ស្ថាបនា ចំនួន ១០០, កាបូបកីឡាចំនួន ៧៤, របងលួសស្ពាន់ ១.០០០ ម៉ែត្រការ៉េព័ទ្ទជុំវិញសាលា ផ្តល់នំចំនីសម្រាប់កុមារ និងសំភារៈផ្សេងៗ សំរាប់ប្រើក្នុងសាលាបឋមសិក្សាស្រែពើក។
លោកនាយកសាលា ព្រឿន វ៉ូន បានបន្ថែមថា៖ “សាលាបឋមសិក្សាស្រែពើកមានសិស្សចំនួន ៧៤នាក់ មានគ្រូចំនួន ០៤នាក់ និងមានពីរកម្រិតគឺថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ ដែលរៀនភាសាកំណើតផង (ភាសាព្នង ) និង ភាសាខ្មែរផង ដោយឡែកកម្រិតខ្ពស់ (ថ្នាក់ទី៤-ថ្នាក់ទី៦) គឺរៀនចំណេះដឹងទូទៅ ដោយមិនបញ្ជូលភាសាកំណើត។
យុវសិស្សម្នាក់នៅសាលាបឋមសិក្សាស្រែពើកបានមានប្រសាសន៍ថា៖ “ ជីវិតសាលារៀនពិតជាលំបាកណាស់ សាលារៀនខ្វះបន្ទប់ទឹកអនាម័យ និងសំភារៈការសិក្សាផ្សេងៗ។ ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារ ស្ថាបនា ដែលបានជួយដល់សាលារបស់យើង”។
ក្នុងពិធីប្រគល់អំណោយនេះលោក ហឿន ស៊ីណា ប្រធានសាខាធនាគារ ស្ថាបនា ក្នុងខេត្តក្រចេះមានប្រសាសន៍ថា៖ “នៅធនាគារ ស្ថាបនា ឃើញថាការអប់រំគឺជាគ្រឹះសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង និងក្នុងការកាត់បន្ថយភាពក្រីក្រទោះបីមានឧបសគ្គក៏ដោយ។ ខ្ញុំចង់លើកទឹកចិត្តទាំងឪពុកម្តាយនិងអាណាព្យាបាលឲ្យបញ្ជូនកូនៗរបស់ពួកគេទៅសាលារៀនអោយបានគ្រប់គ្នា។
ការបរិច្ចាគនេះមិនគ្រប់គ្រាន់ដើម្បីបំពេញសេចក្តីត្រូវការទេប៉ុន្តែជំនួយទាំងនេះនឹងជួយកាត់បន្ថយការលំបាករបស់សិស្សានុសិស្ស នាពេលបច្ចុប្បន្ន និងជួយលើការសិក្សាបន្ថែម”។
លោក ហឿន ស៊ីណា បានបន្ថែមថា៖ “យើងក៏ត្រូវការការពារបរិស្ថានផងដែរហើយយើងលើកទឹកចិត្តឱ្យអ្នករាល់គ្នាថែរក្សាដើមឈើ ១០០ដើម ដែលយើងកំពុងដាំនៅជុំវិញបរិវេណសាលា” ។
ពិធីប្រគល់អំណោយនេះមានការចូលរួមពីលោកមេឃុំរលួស នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាស្រែពើក ប្រជាជនក្នុងតំបន់ និងបុគ្គលិកធនាគារស្ថាបនា ។