ធនាគារ ស្ថាបនា ផ្ដល់​ជូន​សេវា​កម្ម​ធនាគារ​កាន់​តែ​ងាយ​ស្រួល​ ដល់​អតិថិជនទិញ​លំ​នៅ​ដ្ឋាន បុរី ជា រី

អតិថិជនចាស់ និងអតិថិជនថ្មីរបស់ធនាគារ ស្ថាបនា អាចទូទាត់ប្រាក់កាន់តែងាយស្រួល និងរហ័សជាងមុនជាមួយ ស្ថាបនា ម៉ូបាល
ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ៖ ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីសេវាកម្មបង់ប្រាក់ និងទូទាត់វិក្កយបត្រជាមួយ បុរី ជា រី ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅកម្ពុជា ដើម្បីសម្រួលដល់ការទូទាត់ប្រាក់ឱ្យបានកាន់តែលឿន និងងាយស្រួលជូនអតិថិជន។
តាមរយៈកិច្ចព្រមព្រៀងនៃភាពជាដៃគូនេះ អតិថិជនអាចរីករាយជាមួយនឹងការបង់ប្រាក់ទិញលំនៅដ្ឋានដោយផ្ទាល់ជាមួយបុរី ជា រី នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈកម្មវិធីស្ថាបនា ម៉ូបាលដោយឥតគិតថ្លៃ  ឬ តាមបណ្តាសាខាធនាគារ ស្ថាបនា ទូទាំងប្រទេស។
លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “នៅធនាគារ ស្ថាបនា យើងមានគោលបំណងផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសេវាធនាគារប្រចាំថ្ងៃរបស់យើងជូនដល់អតិថិជន និងប្រជាជនកម្ពុជា។ ជាមួយនឹងកិច្ចសហការនេះ យើងជឿជាក់ថាអតិថិជនរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ និងការសេវាទូទាត់ប្រាក់ទៅកាន់បុរី ជា រី ប្រកបដោយភាពងាយស្រួល និងសាមញ្ញ តាមរយៈស្ថាបនា ម៉ូបាល។”
លោកបានបន្ថែមទៀតថា៖ “លើសពីនេះទៅទៀត យើងក៏បានចុះកិច្ចព្រមព្រៀងភាពជាដៃគូដើម្បីផ្តល់ កម្ចីទិញផ្ទះពិសេសជូនដល់អតិថិជនរបស់បុរី ជា រី។  នៅក្នុងកិច្ចព្រមព្រៀងនេះ ធនាគារ ស្ថាបនា ផ្ដល់កម្មវិធីកម្ចីដែលមានភាពបត់បែនដល់អតិថិជន បុរី ជា រី សម្រាប់គម្រោង The Green Ville និង The Green Ville Premium ក្នុងអត្រាការប្រាក់ពិសេសត្រឹមតែ ០,៥៨% ក្នុងមួយខែ ក្នុងរយៈពេល ២ឆ្នាំដំបូង ជាមួយនឹងរយៈពេលសងត្រលប់វែងជាងមុន ចំនួនទឹកប្រាក់កម្ចីច្រើនជាងមុន និងការអនុម័តកម្ចីឆាប់រហ័ស។”
លោក ឡាយ បញ្ញារិទ្ធ នាយកប្រតិបត្តិ បុរី ជា រី បានមានប្រសាសន៍ថា៖  "គុណតម្លៃស្នូលរបស់យើង គឺ ធានាថាអតិថិជនអាចទិញផ្ទះក្នុងក្តីស្រមៃ ជាមួយនឹងការរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយក្រុមគ្រួសាររបស់ពួកគាត់និងកាន់តែមានសុភមង្គលទ្វេរឡើង។ យើងជឿជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយអតិថិជនរបស់បុរី ជា រី ទទួលបានប្រាក់កម្ចីទិញផ្ទះ និងដំណើរការអនុម័តកម្ចីលឿនជាងមុនជាមួយនឹងគម្រោងទូទាត់ពិសេសនេះ។"
កិច្ចសហការនេះរវាងភាគីទាំងពីរនឹងជួយដល់ បុរី ជា រី ទាក់ទាញអតិថិជនទិញផ្ទះបានកាន់តែច្រើនពីក្រុមហ៊ុន ជាមួយនឹងលក្ខខណ្ឌកម្ចីទិញផ្ទះល្អប្រសើរ និងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលជាងមុនពីធនាគារ ស្ថាបនា។

អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

អំពី បុរី ជារី
ផ្តើមចេញពីអាជីវកម្មលក្ខណគ្រួសារ បុរី ជា រី បានអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលឈានមុខគេក្នុងប្រទេសកម្ពុជា។ ស្របតាមចក្ខុវិស័យរបស់យើង គឺក្លាយជាក្រុមហ៊ុនមួយដែលល្បីល្បាញ រីកចម្រើន និងលូតលាស់គ្រប់វិស័យប្រតិបត្តិការអាជីវកម្មដែលផ្តោតទៅលើគុណភាព ស្តង់ដារសំណង់ និងទំនួលខុសត្រូវសម្រាប់អតិថិជន។ តាមរយៈការគាំទ្រ និងតម្រូវការពីសំណាក់អតិថិជន យើងបានសាងសង់គម្រោងចំនួន៦ធំៗរួមមាន សមប្រាថ្នា ចោមចៅ១, ដឹ ហ្រ្គីន វីល, ចោមចៅ ២, ដឹ ហ្រ្គីន វីល ព្រីមៀម, និងចោមចៅ ព្រីមៀម ដែលព័ទ្ធជុំវិញទៅដោយទីតាំងសក្តានុពលជាច្រើន។ ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ពិតជាមានមោទនភាពជាខ្លាំងចំពោះការគាំទ្រពីអតិថិជនជាទីស្រឡាញ់រាល់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាននានា។ ស្វែងរកផ្ទះក្នុងក្តីស្រមៃអ្នកជាមួយ បុរី ជា រី!