ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​បុគ្គលិក​ថី្ម​ជំនាន់​ទី​៦២​របស់​ ធនាគារ​ ស្ថាបនា​ ភីអិលស៊ី

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ធនាគារ ស្ថាបនា ភីអិលស៊ី បានប្រារព្ឋពិធីបើកវគ្គបណ្តុះបណ្តាល​បុគ្គលិកថី្មជំនាន់ទី៦២ របស់ខ្លួននៅសាខាជ្រោយចង្វាស្តីអំពី “ដំណើរការ នៃការគ្រប់គ្រងអាជីវកម្មធនាគារ” ក្រោមអធិបតីភាពរបស់លោក វង្ស សុខាល ប្រធាននាយកប្រតិបត្តិ ផែនការ ដែលមានបុគ្គលិកចូលរួមប្រមាណ១០០នាក់។

លោក វង្ស សុខាល បានមានប្រសាសន៍ថា “មុនចាប់ផ្តើមចូលបម្រើការងារជាក់ស្តែងនៅតាមសាខា ឬនៅតាម​នាយកដ្ឋាន​នីមួយៗ ប្អូនៗទាំងអស់ត្រូវបានទទួល​នូវវគ្គបណ្តុះបណ្តាលគោល ដើម្បីផ្តល់នូវចំណេះដឹងទូទៅរបស់ធនាគារ និង ត្រូវយល់ដឹង​នូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនឯង ជាពិសេសត្រូវមានចំណេះដឹង​ទូលំទូលាយចំពោះ​ការងារដែលខ្លួនត្រូវបំពេញ។ ដើម្បី​ទទួលបាននូវចំណេះដឹងទូលំទូលាយ ប្អូនៗត្រូវយកចិត្តទុកដាក់ការងារ ចេះសង្កេត និងហ៊ានធ្វើការសាកសួររាមច្បង និងមិត្ត​រួម​ការងារ ដែលគាត់មាន​បទពិសោធន៍ ដើម្បីស្វែងរក​ចំណេះដឹង​បន្ថែមបំពេញ​នូវរាល់ចំនុចខ្វះខាតរបស់ប្អូនៗ។ ម្យ៉ាងវិញទៀត ប្អូនត្រូវគោរពវិន័យ និងក្រមសីលធម៌របស់ធនាគារ ព្រមទាំងខិតខំបំពេញការងារ​ដើម្បីបង្កើន​ស្នាដៃ និងក្លាយជាបុគ្គលិកឆ្នើម ក្នុងការ​សំរេចរាល់ទិសដៅការងារ និងព្រមទាំងចាប់យក​តួនាទីកាន់​តែល្អប្រសើរ​ជាដើម។”

គួរបញ្ជាក់ថា ធនាគារ ស្ថាបនា ភីអិលស៊ី តែងតែផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកថ្មីៗរបស់ខ្លួនជាប្រចាំ ដើម្បីជួយឱ្យ​បុគ្គលិក​ទាំងអស់​យល់ដឹងច្បាស់​អំពីអាជីវកម្មធនាគារ និងមានសមត្ថភាពគ្រប់គ្រាន់នៅពេលចូលបំពេញការងារ។ ស្ថាបនា តែងតែផ្តល់​តម្លៃ​ដល់​បុគ្គលិករបស់​ខ្លួនប្រៀបបានទៅ​នឹងទ្រព្យសកម្មនៃបញ្ញា​ដ៏មានតម្លៃ​ដែលអាច​រួមចំណែក​ក្នុងដំណើរការការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់ស្ថាប័ន។ គិតមកត្រឹម​ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកនេះ ធនាគារ ស្ថាបនា ភីអិលស៊ី មានបុគ្គលិក​សរុប​ចំនួន​ជាង ៣៩០០នាក់ ដែលកំពុងបំរើការងារ​នៅ​ ១៦២ការិយាល័យ នៅគ្រប់ ២៥ រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។