ធនាគារ ​ស្ថាបនា​ ភីអិលស៊ី​ សហការ​ជា​មួយ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម ​រៀប​ចំ​កម្ម​វិធី​បរិច្ចាក​ឈាមលើក​ទី៩

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នាសាខាកណ្តាល របស់ធនាគារ ស្ថាបនា ភីអិលស៊ី  មានកម្ម​វិធី​បរិច្ចាកឈាមដែលរៀបចំដោយ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម​ សហការជា​មួយ​ធនាគារ ស្ថាបនា ភីអិលស៊ី ដើម្បីចូលរួមចំណែកក្នុងការ​ជួយជនរងគ្រោះ​ដែល​កំពុង​មាន​តំរូវ​ការ​​ឈាម ក៏ដូចជា​រក្សាទុក​ក្នុងឃ្លាំង​ស្តុក​ទុក​ឈាមរបស់មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម។ កម្មវិធីឆ្នាំ២០១៦នេះ មាន​បុគ្គលិក​បរិច្ចាក​ឈាម​ចំនួន១១៣នាក់ ក្នុងនោះមានស្រី១៣នាក់ និងប្រុសចំនួន១០០នាក់ ដែលជាបុគ្គលិករបស់​ធនាគារ​ ស្ថាបនា ភីអិលស៊ី ជុំវិញរាជធានី​ភ្នំពេញ។

គួរបញ្ជាក់ថា នេះជាលើកទី៩ហើយ ដែល​ធនាគារ ស្ថាបនា ភីអិលស៊ី បានរៀបចំកម្ម​វិធី​បរិច្ចាក​ឈាម​​របស់ខ្លួន​គិតចាប់តាំងពីឆ្នាំ២០០៩មក ហើយក្នុងឆ្នាំ២០១៦នេះធនាគារ ស្ថាបនា ភីអិលស៊ី បានរៀបចំ​កម្ម​វិធី​​បរិច្ចាកឈាមចំនួនបីលើក និងមានអ្នកធ្វើ​អំណោយ​ឈាម​សរុប​ចំនួន​ប្រមាណជាង៣០០​នាក់។

ឧកញ៉ា បណ្ឌិត ប៊ុន មុនី ប្រធាន​នាយកប្រតិបត្តិ​ ធនាគារ​ ស្ថាបនា ភីអិលស៊ី បានមាន​ប្រសាសន៏ថា “ការផ្តល់ឈាមគឺជាការចាំបាច់​បំផុត​សំរាប់​ជួយ​អាយុ​ជីវិតមនុស្សព្រោះ​ឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយឧបករណ៍​ណាមួយ​បាន​ឡើយ​។​ ការផ្តល់ឈាមជាទង្វើមនុស្សធម៌ដ៏ល្អ និងមិនបានប៉ះពាល់​ដល់សុខភាព​អ្នក​បរិច្ចាក​ឡើយ។ បុគ្គលិក ធនាគារ ស្ថាបនា ភីអិលស៊ី នឹងនៅ​តែគាំទ្រសកម្មភាពមនុស្សធម៌​របស់​មជ្ឈមណ្ឌល​ជាតិ​​ផ្តល់ឈាម ដើម្បីបង្កើនចំនួន​បរិមាណ​ការបរិច្ចាក​​ឈាម​អោយ​កាន់​តែច្រើនឡើង និងធ្វើជាគំរូល្អមួយ​សម្រាប់ស្ថាប័នផ្សេងៗ​ ”។ ធនាគារ ស្ថាបនា ភីអិលស៊ី មិនមែនជា​ស្ថាប័ន​ដែលគិតតែពីប្រាក់ចំណេញឡើយស្ថាបនា យើងតែងតែ​ឆ្លៀត​ពេល​ដ៏មមាញឹក​របស់យើង បន្តធ្វើសកម្ម​ភាព​មនុស្សធម៌ទាំងនេះបន្តទៀត ដើម្បី​សង្គ្រោះជីវិត និងបង្កើនជីវ​ភាពរស់នៅ​របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាអោយកាន់តែប្រសើរឡើង ស្រប​តាមបាវ​ចនា​របស់​ធនាគារ​ដែលលើកឡើងថា “ស្ថាបនា ជាប្រជា​ធនាគារ ធ្វើអោយ​ជីវិតប្រសើរ​ឡើង។ ឈាមភ្ជាប់ទំនាក់ទំនងយើងទាំងអស់គ្នា។”

លើសពីនេះ ធនាគារ ស្ថាបនា ភីអិលស៊ី តែងគិតពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ​ និង​អតិថិជន​ទាំងអស់គ្នា ហើយការចូលរួម ចំណែក​អភិវឌ្ឍន៍សុខមាលភាព​សង្គម ដូចជា​ការ​បរិច្ចាក​ឈាម​​ ការឧបត្ថម្ភជូន​មន្ទីរពេទ្យ កាកបាទ​ក្រហម ក្មេងកំព្រា និងជនរង​គ្រោះដោយ​គ្រោះថ្នាក់​ផ្សេងៗជាច្រើនទៀត គឺជាផ្នែក​មួយ​នៃទស្សនៈ​វិស័យ​របស់ធនាគារ​ ស្ថាបនា ភីអិលស៊ី ដែលបាន​ធ្វើចាប់តាំងពីការ​កកើតឡើង​ក្នុងឆ្នាំ១៩៩៥ មកម្ល៉េះ។ ម្យ៉ាងវិញទៀត ធនាគារ ស្ថាបនា ភីអិលស៊ី បានផ្តល់​ជាដំណោះ​ស្រាយ​សេវាកម្មហិរញ្ញវត្ថុ​យ៉ាង​មាន​ប្រសិទ្ធភាព​​ក្នុងសហគមន៍ ដែលវាជាចលកយ៉ាងសំខាន់មួយក្នុងការជួយអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ។

គួររំលឹកថា ក្រោយពីការកំលាយខ្លួនជាធនាគារពាណិជ្ជ ធនាគារ ស្ថាបនា ភីអិលស៊ី ទទួល​បាន​នូវទំនុកចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែង គិតមកត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦​កន្លងទៅ ធនាគារ ស្ថាបនា ភីអិលស៊ី ទទួល​បាន​កំណើនប្រាក់​បញ្ញើ​យ៉ាងឆាប់​រហ័ស​រហូតដល់ ៥៤៤លានដុល្លារ​អាមេរិក និងទឹកប្រាក់​កម្ចី​បានកើន​ឡើងរហូតដល់ ៥៩០លានដុល្លារ​អាមេរិក។ ស្របជាមួយគ្នានេះ បុគ្គលិកបម្រើការងារ​បានកើន​ឡើង​រហូតដល់ជាង ៣៧០០នាក់ និងការិយាល័យប្រតិបត្តិការបានកើន​ឡើងសរុបចំនួន១៦២ ការិយាល័យ ដែលស្ថិតនៅគ្រប់២៥ រាជធានី ខេត្តក្នុងព្រះ​រាជាណាចក្រ​កម្ពុជា។