ធនាគារ ស្ថាបនា ចាប់ដៃគូជាមួយ ធនាគារកម្ពុជាពាណិជ្ជ និង Siam Commercial Bank ដើម្បីផ្តល់ជូនដំណោះស្រាយទូទាត់ប្រាក់ឆ្លងប្រទេសកាន់តែងាយស្រួលរវាងអតិថិជនខ្មែរ និងពាណិជ្ជករថៃ

អតិថិជនអាចទូទាត់ប្រាក់តាមQRកូដនៅគ្រប់បណ្ដាហាងក្នុងប្រទេសថៃកាន់តែងាយស្រួល ជាមួយ ស្ថាបនា ម៉ូបាល

ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ – ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាបានចាប់ដៃគូសហការជាមួយធនាគារ ធនាគារកម្ពុជាពាណិជ្ជ (CCB) និង Siam Commercial Bank (SCB) ដើម្បីផ្តល់ជូនដំណោះស្រាយទូទាត់ប្រាក់ឆ្លងប្រទេសកាន់តែងាយស្រួល រហ័ស និងសុវត្ថិភាព រវាងអតិថិជនកម្ពុជា និងពាណិជ្ជករជាង៧លាននាក់នៅក្នុងប្រទេសថៃ។

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ ឥឡូវនេះអតិថិជនរបស់ធនាគារ ស្ថាបនា ដែលធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងគោលដៅអាជីវកម្ម ឬ ដំណើរកម្សាន្ត អាចរីករាយក្នុងការទូទាត់ប្រាក់តាមរយៈស្កេនQRកូដ ជាមួយស្ថាបនា ម៉ូបាល បាននៅគ្រប់ហាងទាំងអស់ក្នុងប្រទេសថៃ ដែលមានដាក់ស្លាកសញ្ញាQRបានយ៉ាងងាយស្រួល។ ពិសេសជាងនេះទៅទៀត ការទូទាត់នេះត្រូវគិតជាប្រាក់រៀលតែប៉ុណ្ណោះ ហើយជាពិសេស គឺអាចធ្វើការទូទាត់ប្រាក់ដោយមិនគិតកម្រៃសេវានោះទេ។

លោក ហ្វុង កៃជីន ប្រធាននាយកប្រតិបត្តិធនាគា ស្ថាបនា មានប្រសាសន៍ថា៖ «យើងមានសេចក្ដីរីករាយ និងរំភើបជាខ្លាំងដែលបានចាប់ដៃគូសហការជាមួយធនាគារ CCB និង SCB លើគំនិតផ្តួចផ្តើមក្នុងការទូទាត់ឆ្លងប្រទេសនេះ។ ជាមួយនឹងកិច្ចសហការនេះ យើងជឿជាក់ថាអតិថិជនរបស់យើងនឹងកាន់តែមានភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ ឬសេវាកម្មក្រៅប្រទេស នៅពេលដែលអតិថិជនធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីធ្វើការងារ ឬ ដំណើរកម្សាន្ត»។

លោកបន្តថា៖ «នៅធនាគារ ស្ថាបនា យើងចង់ឱ្យអតិថិជនរបស់យើងទទួលបាននូវបទពិសោធន៍ក្នុងការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល ហើយស្របពេលជាមួយគ្នានេះផងដែរ យើងក៏ចង់លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរសម្រាប់ការទូទាត់ឆ្លងប្រទេសផងដែរ។ យើងជ្រើសរើសធនាគារថៃជាដៃគូសហការ ដោយសារតែប្រទេសថៃគឺជាគោលដៅដែលប្រជាជនខ្មែរចំណាយប្រាក់ច្រើនជាងគេ»។

បច្ចេកវិទ្យាQR គឺជាដំណោះស្រាយជំរុញការទូទាត់ប្រាក់រហ័ស និងសុវត្ថិភាពដល់អតិថិជន និងពាណិជ្ជករតាមរយៈកម្មវិធីទូរសព្ទដូចជា ស្ថាបនា ម៉ូបាល។ 
ដើម្បីទូទាត់ប្រាក់ជាមួយ ស្ថាបនា ម៉ូបាល សូមអនុវត្តតាមជំហានងាយៗទាំងនេះ៖

  1. ចូលទៅក្នុង ស្ថាបនា ម៉ូបាល
  2. ជ្រើសរើស ស្ថាបនា ផេ
  3.  ស្កែនQRកូដរបស់ពាណិជ្ជករ ដែលមានស្លាកសញ្ញា THAI QR PAYMENT
  4. បញ្ចូលចំនួនទឹកប្រាក់ និងបញ្ជាក់ការទូទាត់
  5. ទទួល e-Slip

ធនាគារ SCB និង CCB គឺជាអន្តរការីគ្រប់គ្រងលើប្រតិបត្តិការទូទាត់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពរវាងធនាគារកម្ពុជា និងធនាគារថៃ។ កិច្ចសហការនេះជួយលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុកឱ្យមានហានិភ័យអត្រាប្ដូរប្រាក់ទាបជាងមុន ស្របពេលដែលការទូទាត់ប្រាក់នឹងត្រូវបានប្តូរដោយស្វ័យប្រវត្តិទៅជារូបិយប័ណ្ណក្នុងស្រុក ដែលអាចផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើររវាងប្រទេសទាំងពីរដែលកំពុងមានការកើនឡើង។