ធនាគារ​​ ស្ថាបនា​​ ប្រកាស​​ជា​​ផ្លូវ​ការ​​នូវ​​អនុលោម​​ភាព​​របស់​​ខ្លួន​​ទៅ​​តាម​​បទដ្ឋាន​​អន្តរជាតិ​​ សម្រាប់​​សេវា​​ទូទាត់​​តាម​​រយៈ​ប័ណ្ណ (PCI)

រាជធានីភ្នំពេញ​​ ថ្ងៃ​​ទី​​០២​​ ខែ​មីនា​ ឆ្នាំ២០១៩​ -​ ធនាគារ​​ ស្ថាបនា​​ បាន​ប្រកាស​​ជា​ផ្លូវ​ការ​​នូវ​​អនុលោម​​ភាព​​របស់​​ខ្លួន​​ ទៅ​​តាម​​បទដ្ឋាន​​ឧស្សាហកម្ម​​ប័ណ្ណ​ទូទាត់​​អន្ដរជាតិ​​ (PCI DSS​ and​ PIN​ Security)​​  ដែល​​ធ្វើ​ឱ្យ​ធនាគារ​​ ស្ថាបនា​​ ក្លាយ​​ជា​​ធនាគារ​​ឈាន​មុខ​​គេ​​មួយ​​ នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​ដែល​​ទទួល​​បាន​​វិញ្ញាបន​​បត្រ​​ទទួល​ស្គាល់​ដោយ​​បទដ្ឋាន​​ឧស្សាហកម្ម​​ប័ណ្ណ​ទូទាត់​​អន្តរ​ជាតិ​​ចាប់​​តាំង​​ពី​​ចុង​​ឆ្នាំ​​២០១៨​​មក។

PCI​ DSS​​ និង​ PIN Security​​ បាន​អភិវឌ្ឍ​វិធាន​​ការ​​របស់​ខ្លួន​ដែល​​មាន​​ការ​ទទួល​ស្គាល់​ជា​សកល​​ ដើម្បី​ធានា​​បាន​នូវ​​សុវត្ថិភាព​​ និង​​ទំនុក​​ចិត្ត​ដល់​​អ្នក​​ប្រើប្រាស់​​ប័ណ្ណធនាគារ។ បទដ្ឋាន​​ទាំង​​នេះ​ផ្ដល់​ជូន​​អតិថិជន​​ ធនាគារ​​ទាំង​​អស់​នូវ​មូលដ្ឋាន​គ្រឹះ​​ដ៏​រឹង​មាំ​​ទាំង​​ផ្នែក​​សុវត្ថិភាព​​បច្ចេកទេស​ និង​ផ្នែក​សុវត្ថិភាព​​ប្រតិបតិ្តការ​នៅ​តាម​ទីតាំង​នានា​ដែល​មាន​ ទទួល​ការ​ទូទាត់​តាម​រយៈ​ប័ណ្ណ​ធនាគារ។ 

លោក​​ លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​​ ស្ថាបនា​​ បាន​មាន​ប្រសាសន៍​ថា​​ "ការ​​អនុលោម​​ទៅ​​តាម​​បទដ្ឋាន​ស្ដង់ដា​​ PCI​ DSS​​ និង​​ PIN​ Security​​ គឺ​ជា​សមិទ្ធិផល​ដ៏​សំខាន់​មួយ​ក្នុង​​ចំណោម​​ជោគជ័យ​​ធំ​ៗ​របស់​​ធនាគារ​​ ស្ថាបនា​​ និង​​ជា​ការ​​បោះ​ជំហាន​​ដ៏​​ធំ​មួយ​ឆ្ពោះ​ទៅ​រក​ធនាគារ​​ឈាន​​មុខ​​គេ​ក្នុង​​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​​ ដោយ​​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ ក្នុង​ការ​ប្រតិបត្តិ​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ​នេះ​បាន​ផ្តល់​ជូន​អតិថិជន​ធនាគារ​ស្ថាបនា​នូវ​សុវត្ថិភាព​​ប័ណ្ណធនាគារ​​ សុវត្ថិភាព​​លេខ​​សម្ងាត់​​ បង្កើន​​ទំនុក​​ចិត្ត​កាន់​​តែ​​ខ្ពស់​​ និង​ជំរុញ​ការ​វិវឌ្ឍ​​របស់​​ធនាគារ​​ប្រកប​​ដោយ​​និរន្តរភាព"។

លោក​​ ក៏​មាន​​ប្រសាសន៍​​បន្ត​ទៀត​​ថា​​ "សមិទ្ធិផល​នេះ​នឹង​មិន​អាច​សម្រេច​បាន​ឡើយ​ ប្រសិន​បើ​គ្មាន​ការ​ជួយ​ជ្រោម​ជ្រែង​ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ពី​សំណាក់​ក្រុម​ការងារ​ទាំង​អស់​​ រួម​មាន​ក្រុម​ការងារ​ក្រុម​ហ៊ុន​​ SISA​ Information​​ Security​​ ក្រុម​​ការងារ​​ធនាគារ​​ និង​​ផ្នែក​​ពាក់​​ព័ន្ធ​ដទៃ​​ទៀត​​ ដែល​​បាន​​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​សម្រេច​គ្រប់​​ដំណាក់​​កាល​​ទាំង​​អស់"៕