ធនាគារ ស្ថាបនា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្រុមហ៊ុន Station និងក្រុមហ៊ុន Voltra ចាប់ផ្តើមយុទ្ធនាការបៃតង ជិះម៉ូតូអគ្គិសនី ពីភ្នំពេញទៅខេត្តសៀមរាបដើម្បីអបអរសាទរទិវា EV ពិភពលោក

ជិះម៉ូតូអគ្គិសនីដើម្បីការពារបរិស្ថាន និងលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ — កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ធនាគារ ស្ថាបនា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្រមហ៊ុន Station និងក្រុមហ៊ុន Voltra បានរួមគ្នាបង្កើតព្រឹតិ្តិការណ៍ «Green Mobility» ដែលធ្វើឡើងនៅអគារស្ថាបនា ដើម្បីផ្សព្វផ្សាយយុទ្ធនាការបៃតង និងការអបអរសាទរទិវា EV ពិភពលោក។

ដើម្បីចូលរួម និងជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ល្អមួយនេះ ស្ថាប័នទាំងបួនបានរៀបចំក្បួនជិះម៉ូតូ ពីភ្នំពេញ ទៅខេត្តសៀមរាប (៣៣៥ គីឡូម៉ែត្រ) នាថ្ងៃទី៨ និង៩ ខែសីហា ឆ្នាំ២០២២ ដើម្បីបង្ហាញពីសារៈសំខាន់នៃការធ្វើដំណើរប្រកបដោយនិរន្តរភាព និងលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យចាប់ផ្តើមអនុវត្តកាត់បន្ថយការបំពុលបរិស្ថានដោយប្រើប្រាស់ម៉ូតូអគ្គិសនី។

ក្បួនម៉ូតូបានចាប់ផ្តើមចេញដំណើរពីអគារស្ថាបនា ដោយឆ្លងកាត់ទីតាំងសំខាន់ៗមួយចំនួនដូចជា វិមានឯករាជ្យ និងរមណីដ្ឋានវត្តភ្នំ មុនពេលឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ និងបន្តទៅកាន់ខេត្តសៀមរាប។

លោក Yann Vaudin នាយកប្រតិបត្តិក្រុមហ៊ុន Voltra បានមានប្រសាសន៍ថា៖ «យើងរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់ការប្រើប្រាស់ម៉ូតូអគ្គិសនីដល់ប្រជាពលរដ្ឋកម្ពុជា និងកាត់បន្ថយការបំពុលពីការដឹកជញ្ជូន។ ទន្ទឹមនឹងនេះផងដែរ យើងក៏ចង់បង្ហាញថាម៉ូតូអគ្គិសនីមានគុណភាពខ្ពស់ដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាព ដែលអាចប្រើប្រាស់សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។ នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ម៉ូតូអគ្គិសនីមានតម្លៃថោកជាងម៉ូតូប្រើប្រាស់ប្រេងសាំងរហូតទៅដល់១០ដង។»

នៅក្នុងប្រទេសកម្ពុជា ម៉ូតូគឺជាយានជំនិះដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ដូច្នេះហើយ យុទ្ធនាការបៃតង គឺជាសកម្មភាពមួយដ៏សំខាន់ក្នុងការបង្កើនការយល់ដឹងទាក់ទងនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថានដែលបានមកពីម៉ូតូអគ្គិសនី។

លោក Jean Pierre Gagnon  អនុប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកម្ពុជា និរន្តរភាព និងបរិស្ថាន សង្គម និងអភិបាលកិច្ចសាជីវកម្ម (ESG) គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង។ យើងជឿជាក់ថា ការគាំទ្រយុទ្ធនាការបៃតង និងម៉ូតូអគ្គិសនីនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា។ ក្នុងនោះផងដែរ ព្រឹត្តិការណ៍មួយនេះនឹងផ្តល់នូវចំណេះដឹង និងលើកកម្ពស់ក្នុងការប្រើប្រាស់ម៉ូតូអគ្គិសនីដែលមានគុណភាពល្អដូចទៅនឹងម៉ូតូប្រើប្រាស់ប្រេងសាំង»។

លោក Justin D. Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលបានដំណើរការរយៈពេល១០ឆ្នាំ និងជាសមាជិកដ៏យូរលង់នៃសហគមន៍ធុរកិច្ច មេនូឡាយហ្វ៍ ខេមបូឌា ពិតជាមានកិត្តិយសយ៉ាងខ្លាំងក្នុងការផ្តល់នូវការគាំទ្រដល់គំនិតផ្តួចផ្តើមទៅលើយុទ្ធនាការបៃតងក្នុងប្រទេសកម្ពុជាតាមរយៈព្រឹត្តិការណ៍មួយនេះផងដែរ។ ហើយនេះ គឺជាវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត ដែលយើងកំពុងផ្តោតលើការពន្លឿនអនាគតប្រកបដោយនិរន្តរភាព សម្រាប់សហគមន៍ដែលជាផ្នែកមួយនៃការទំនួលខុសត្រូវសង្គមរបស់យើងផងដែរ»។

លោក Frederic PROULX នាយកប្រតិបត្តិ ក្រុមហ៊ុន Station បានមានប្រសាសន៍ថា៖ «នៅ Station យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីដែលជំរុញដោយថាមពលបៃតង ដែលជាកន្លែងមួយនាំយកមកនូវបច្ចេកវិទ្យាចុងក្រោយបង្អស់មកកម្ពុជា ក៏ដូចជានាំដៃគូសហការ និងសហគមន៍នានាឱ្យកាន់តែជិតស្និទ្ធនឹងគ្នាផងដែរ។ ច្បាស់ណាស់ថា សម្រាប់គំនិតផ្តួចផ្តើមដ៏អស្ចារ្យនេះ ប្រាកដជាមានវត្តមានរបស់ពួកយើង និងក្លាយជាផ្នែកមួយនៃព្រឹតិ្តការណ៍នេះផងដែរ»។

សូមគូសបញ្ជាក់ផងដែរថា ទិវាពិភពលោក EV តែងប្រារព្ធនៅថ្ងៃទី៩  ខែកញ្ញា ជារៀងរាល់ឆ្នាំ។ យុទ្ធនាពិសេសនេះនឹងត្រូវបានរៀបចំឡើងទូទាំងពិភពលោកដើម្បីអបអរសាទរ E-Mobility។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ដើម្បីអប់រំប្រជាជនអំពីអត្ថប្រយោជន៍នៃយានយន្តអគ្គិសនី។ ដើម្បីគាំទ្រយុទ្ធនាការនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ស្ថាបនា នឹងចាប់ផ្តើមសកម្មភាពជាបន្តបន្ទាប់ ដែលបញ្ចប់ជាមួយនឹងការប្រកាសអ្នកឈ្នះរង្វាន់ ម៉ូតូអគិសនី ចំនួនពីររូប នៅថ្ងៃទី៩ ខែកញ្ញា ដែលជាថ្ងៃប្រារព្ធទិវា EV ពិភពលោក ផ្លូវការ។