ធនាគារ ស្ថាបនា នឹងឆ្ពោះទៅមុខជាមួយប្រធាននាយកប្រតិបត្តិថ្មីក្នុងឆ្នាំ២០២១

រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១៖ ធនាគារ ស្ថាបនា នៅ​តែ​បន្ត​ជា​ធនាគារ​ពាណិជ្ជ ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​សព្វ​ថ្ងៃធនាគារ មាន​ទ្រព្យ​សកម្ម​សរុប​ប្រមាណ​ជាង ២ពាន់​លាន​ដុល្លារ​អាមេរិក និយោជិក​ជាង​៤០០០នាក់ ក៏​ដូច​ជា​មាន​ចំនួន​សាខា​ទូ​ទាំង​ប្រទេស​រហូត​ដល់ ១៧៣​សាខា និង​ម៉ាស៊ីន​ATM​សម្រាប់​ដក​ប្រាក់ ដាក់​ប្រាក់​ចំនួន​ជាង ២៣០ទី​តាំង​​ទូ​ទាំង​ប្រទេស។ នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ធនាគារ ស្ថាបនា បាន​ខិត​ខំ​ប្រឹង​ប្រែង​នាំ​មក​ជូន​នូវ​បទ​ពិសោធន៍​ដ៏​ថ្មី​បំផុត​ដោយ​ភ្ជាប់​ជា​មួយ​ផលិត​ផល និង​សេវា​កម្ម​ធនាគារ​ឌីជីថល​ដ៏​ទំនើប រួម​ទាំង​បច្ចេក​វិទ្យា​ឌីជីថល​ថ្មី​ចុង​ក្រោយ​ជូន​ដល់​អតិថិជន។

ដើម្បី​សម្រប​តាម​ទិស​ដៅ​ថ្មី​របស់​ធនាគារ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ក្រុម​ប្រឹក្សា​ភិបាល​នៃ​ធនាគារ ស្ថាបនា បាន​ប្រកាស​តែង​តាំង​លោក ហ្វុង កៃ ជីន ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ។ លោក​នឹង​យក​បទ​ពិសោធន៍ និង​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ដ៏​ទូ​លំ​ទូ​លាយ​នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដើម្បី​រៀប​ចំ​យុទ្ធសាស្រ្ត​ក្នុង​ការ​ដឹក​នាំ​និង​បង្កើន​ភាព​រីក​ចម្រើន​ដល់ ធនាគារ ស្ថាបនា អោយ​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ប្រធាននាយកប្រតិបត្តិថ្មីរបស់ធនាគារ ស្ថាបនា
លោក ហ្វុង កៃ ជីន បាន​មាន​ប្រសាសន៍​ថា៖ “ វា​ជា​អាទិភាព​ចម្បង​របស់​ធនាគារ​ក្នុង​ការ​អភិវឌ្ឍន៍ សមត្ថភាព​និង ជំនាញ​បុគ្គលិក​ដើម្បី​ប្រឈម​មុខ​ជា​មួយ​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នេះ។ យើង​កំពុង​ស្ថិត​នៅ​ក្នុង​បរិបថ​ថ្មី​មួយ​​ដែល​បច្ចេក​វិទ្យា​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​អោយ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព និង​ចំណាយ​ពេល​វេលា​តិច​ជាង​មុន”

“ក្នុង​នាម​ជា​ធនាគារ យើង​ទទួល​ស្គាល់​ថា​យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ បរិបថ​នៃ​ការ​លក់ និង​ការ​ផ្ដល់​សេវា​កម្ម​របស់​ខ្លួន ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នា​ពេល​ខាង​មុខ ដូច្នេះ​បុគ្គលិក​យើង​ត្រូវ​តែ​សម្រប​ខ្លួន និង​ពង្រឹង​ជំនាញ ចំណេះ​ដឹង ដើម្បី​ពង្រីក​វិសាល​ភាព​របស់​ធនាគារ។”

លោក​បាន​បន្ត​ថា៖ “ជា​​មួយ​នឹង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា ផលិត​ផល​និង​សេវា​កម្ម  ការ​ពង្រីក​បណ្តាញ​ចែក​ចាយ និង​ការ​សហការ​ភាព​ជា​ដៃ​គូ​ជា​មួយ​ស្ថាប័ន​មិន​មែន​ហិរញ្ញ​វត្ថុ ធ្វើ​ឱ្យធនាគារ ស្ថាបនា អាច​ឆ្លើយ​តប​តាម​តម្រូវ​ការ​ហិរញ្ញវត្ថុ​របស់​អតិថិជន ជា​មួយ​នឹង​ការ​ផ្តល់​សេវាកម្ម​ដ៏​ល្អ ផលិត​ផល​សំបូរ​បែប រួម​ទាំង​សាខា​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន។

“យើងនឹងបន្តការស្វែងរកវិធីសាស្រ្តល្អៗដើម្បីផ្តល់ជូនអតិថិជន និងធ្វើអោយកាន់តែរីកចម្រើន នៅក្នុងសហគមន៍ឬតំបន់ប្រតិបត្តិការរបស់យើង។ ហើយយើងជឿជាក់ថាក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ដែលគិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ គឺជាឱកាសដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ធនាគារក្នុងការអភិវឌ្ឍខ្លួនឱ្យកាន់តែមានភាពទំនើប។ យើងត្រូវតែបន្តរីកចម្រើន និងពង្រឹងមូលដ្ឋានអោយក្លាយជាធនាគារពាណិជ្ជមួយ ដែលត្រូវតែមាន ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ បណ្តាញចែកចាយទូលំទូលាយ ផលិតផលសំបូរបែប សេវាកម្មល្អ រួមជាមួយហិរញ្ញវត្ថុរឹងមាំ អភិបាលកិច្ចសាជីវកម្មល្អ  អនុលោមតាមច្បាប់និងមានតម្លាភាព។”

លោក ហ្វុង បានបញ្ចប់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Curtin នៅ Perth អូស្ត្រាលីខាងលិច និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីវិទ្យាស្ថាន Royal Melbourne នៃបច្ចេកវិទ្យា Melbourne ប្រទេសអូស្ត្រាលី។

Makes Your Life Better