ធនាគារ ស្ថាបនា បង្ហាញការគាំទ្រចំពោះ ទិវាប្រាក់រៀល លើកទី៤០

រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានគេមុខមួយក្នុងព្រះរាជាណាចក្រកម្ពុជា បន្តការគាំទ្រយ៉ាងពេញទំហឹងចំពោះ ទិវាប្រាក់រៀល លើកទី៤០ ដែលរៀបចំឡើងដោយ ធនាគារជាតិ នៃកម្ពុជា តាមរយៈការឧបត្ថម្ភធំក្នុងទិវានេះ និងរួមបញ្ចូលប្រាក់រៀលជាបន្តបន្ទាប់ក្នុងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន។ 

ទិវាប្រាក់រៀលត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងលើកស្ទួយ និងជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ក្នុងសម័យប្រល័យពូជសាសន៍ខ្មែរក្រហម ប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ បានបាត់បង់តម្លៃនិងរូបរាងរបស់ខ្លួន ដោយសារការលុបបំបាត់ និងជំនួសវិញដោយរូបិយប័ណ្ណខ្មែរក្រហម។ ប្រាក់រៀលត្រូវបានស្តារនិងមានវត្តមានសារជាថ្មីក្នុងប្រទេសកម្ពុជា ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយទិវាប្រាក់រៀលក៏ចាប់ផ្តើមប្រារព្ធឡើងក្នុងឆ្នាំ ១៩៨០។  

ក្នុងសកម្មភាពលើកកម្ពស់ប្រាក់រៀល ធនាគារ ស្ថាបនា តែងតែជំរុញឲ្យអតិថិជនបើកគណនីប្រាក់រៀលនិងប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការផ្សេងៗដូចជា Sathapana Mobile សេវាបង់វិក្កយបត្រ សេវាផ្ទេរប្រាក់ និងសេវាផ្សេងៗទៀត។ ពិសេសជាងនេះទៅទៀត ធនាគារ ស្ថាបនា ផ្តល់អត្រាការប្រាក់ប្រចាំឆ្នាំខ្ពស់រហូតដល់ ៨% សម្រាប់ប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀល។ 

ធនាគារ ស្ថាបនា ក៏បានចូលរួមសហការ ជាមួយធនាគារជាតិ នៃកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីបង្កើតសេវាកម្មថ្មីមួយឈ្មោះថា "សេវាកម្មទូទាត់រហ័ស" ដែលអនុញ្ញាតឱ្យអតិថិជននៃធនាគារ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុជាសមាជិក អាចធ្វើការផ្ទេរប្រាក់ និងទូទាត់ប្រាក់រៀលនៅទូទាំងប្រទេស និងទទួលបានប្រាក់ភ្លាមៗ។ 

ធនាគារ ស្ថាបនា ប្តេជ្ញានឹងបន្តនូវកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកស្ទួយប្រាក់រៀល និងសូមសំណូមពរដល់សាធារណជនទាំងអស់ឱ្យចូលរួម ក្នុងការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង  និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។