ធនាគារ ស្ថាបនា ឧបត្ថម្ភថវិកា ៥.០០០ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា

ធនាគារ ស្ថាបនា ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​កម្ពុជា បាន​បរិច្ចាគ​ថវិកា​ចំនួន ៥.០០០ដុល្លារអាមេរិក ជូន​ដល់​កាក​បាទ​ក្រហម​កម្ពុជា ក្នុង​ឱកាស​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​ខួប​លើក​ទី​១៥៩ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០៨ ខែឧសភា ឆ្នាំ២០២២។ ការ​បរិច្ចាគ​នេះ​នឹង​អនុញ្ញាត​ឱ្យ​កាក​បាទ​ក្រហម​កម្ពុជា​បន្ត​បេសក​កម្ម​មនុស្សធម៌​របស់​ខ្លួន តាម​រយៈ​ការ​ផ្តល់ ជំនួយ​សង្គ្រោះ​បន្ទាន់ និង​ការ​ជួយ​ដល់​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា។


លោក Kenji Kuroki អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា និងក្រុមការងារដែលបានខិតខំធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីជួយសង្គ្រោះដល់ប្រជាជន និងក្រុមគ្រួសាររាប់ពាន់នាក់ដែលត្រូវការជំនួយ។ យើងជឿជាក់ថា ការរួមចំណែករបស់យើងនឹងជួយគាំទ្រកាកបាទក្រហមកម្ពុជាបន្ថែមទៀតដល់កម្មវិធីមនុស្សធម៌ និងអាចបន្តជះផលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើន»។
ជាមួយនឹងបេសកកម្ម និងគុណតម្លៃរបស់ធនាគារ ស្ថាបនា យើងនឹងបន្តគាំទ្រយ៉ាងសកម្មបំផុតរាល់គម្រោង និងសកម្មភាពការងារសង្គមទាំងអស់រួមមាន៖ការជួយដល់សហគមន៍ ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងការថែរក្សាបរិស្ថាន។ 
កាកបាទក្រហមកម្ពុជាគឺជាអង្គការមនុស្សធម៌ធំជាងគេនៅកម្ពុជា ដែលបានបង្កើតឡើងនៅ ខែកុម្ភៈ ឆ្នាំ១៩៥៥ ក្រោមវីរភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ កាកបាទក្រហមកម្ពុជាត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្ដល់ជំនួយមនុស្សធម៌ដល់អ្នកដែលងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។


អំពី ធនាគារ ស្ថាបនា 
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect, Western Union, ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ 
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀត ដូចជា៖ វីង, ផាយផេ, ទ្រូម៉ាន់នី, លី ហួរ វេលុយ, អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។