ធនាគារ ស្ថាបនា ទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់សុវត្ថិភាពពី ស្ថាប័នអន្តរជាតិដើម្បី ពង្រឹងខ្លួនឱ្យ ទៅជាធនាគារពាណិជ្ជឈានមុខគេ និងគួរឱ្យទុកចិត្តជាងគេនៅកម្ពុជា

 

ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ទើបតែទទួលបានវិញ្ញាបនបត្រ
ទទួលស្គាល់ស្តង់ដារសុវត្ថិភាពទិន្នន័យ PCI-DSS កម្រិត ៣-២-១ និងវិញ្ញាបនបត្រទទួលស្គាល់លេខអត្តសញ្ញាណផ្ទាល់ខ្លួន PCI-PIN កម្រិត ៣.១ ពីក្រុមហ៊ុន ControlCase សហរដ្ឋអាមេរិកដែលធ្វើឱ្យធនាគារ ស្ថាបនា ក្លាយជាធនាគារដែលមានសុវត្ថិភាពខ្ពស់ និងគួរឱ្យទុកចិត្តជាងគេនៅក្នុងប្រទេសកម្ពុជា។

នៅខែមេសា ឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលបានវិញ្ញាបនបត្រ PCI-DSS ក្រោយពីបានបំពេញតាមលក្ខខណ្ឌនៃស្តង់ដារសុវត្ថិភាពទិន្នន័យ PCI-DSS កម្រិត ៣-២-១។ 

នៅក្នុងខែឧសភា ឆ្នាំ២០២២ ធនាគារ ស្ថាបនា ទទួលវិញ្ញាបនបត្រមួយទៀត PCI PIN ក្រោយពីបានបំពេញតាមលក្ខខណ្ឌស្ដង់ដារសុវត្ថិភាពនៃលេខអត្តសញ្ញាណផ្ទាល់ខ្លួន PCI PIN កម្រិត៣.១។

លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា យើងចាត់ទុកសុវត្ថិភាព គឺជាចំនុចដ៏សំខាន់បំផុត។ ការវាយតម្លៃទទួលស្គាល់នេះមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការពង្រឹងសុវត្ថិភាពធនាគារ និងការពារអតិថិជនរបស់យើង។ យើងមានមោទនភាពជាខ្លាំង ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ដែលបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងសុវត្ថិភាពទិន្នន័យអ្នកកាន់ប័ណ្ណ ការពារលេខកូដសម្ងាត់របស់អតិថិជន និងកសាងទំនុកចិត្តអតិថិជន។»

លោកបានបន្ថែមថា៖ «សមិទ្ធផលនេះ គឺមិនអាចកើតមានឡើង ប្រសិនបើគ្មានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកផ្នែកសន្តិសុខព័ត៌មានវិទ្យា ដែលបានខិតខំបំពេញតាមលក្ខខណ្ឌចាំបាច់ដើម្បីធ្វើឱ្យសេវាទូទាត់កាតរបស់យើងកាន់តែល្អប្រសើរឡើង និងទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងសាធារណជន»។ 

លោក Suresh Dadlani នាយកក្រុមហ៊ុន ControlCase International Pvt. Ltd., បានមានប្រសាសន៍ថា៖ «ControlCase មានមោទនភាពយ៉ាងខ្លាំងដែលបានសហការ និងបានជូនដល់ធនាគារ ស្ថាបនា នូវវិញ្ញាបនបត្រ PCI-DSS កម្រិត ៣-២-១ ក្នុងរយៈពេលក្រោម៨ខែ និងវិញ្ញាបនបត្រ PCI PIN កម្រិត ៣.១ ក្នុងរយៈពេលប្រមាណជា៩ខែ។»

លោកបានបន្ថែមថា៖ «កិច្ចការនេះអាចធ្វើទៅបាន ដោយសារតែមានការប្តេជ្ញាចិត្ត និងការសម្រេចចិត្តទាន់ពេលវេលាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មជាមួយការអនុវត្តគម្រោងទាំងពីរនេះ។»

PCI-DSS កម្រិត១ គឺជាលក្ខខណ្ឌតម្រូវដែលបានរចនាឡើង ដើម្បីធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាជីវកម្ម ដែលរក្សាទុក បញ្ជូន ឬដំណើរការទិន្នន័យកាតឥណទាន។ វាជាកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនទាំងអស់ ដែលត្រូវរក្សាទុកទិន្នន័យកាតនៅក្នុងប្រព័ន្ធរបស់ពួកគេ និងក្រុមហ៊ុនទាំងអស់ដែលផ្តល់សេវាកម្មដល់ក្រុមហ៊ុនផ្សេងទៀតក្នុងនាមជាអ្នកផ្តល់សេវា។ 

PCI-PIN កម្រិត ៣.១ គឺជាតម្រូវការផ្នែកសុវត្ថិភាព និងការវាយតម្លៃចំពោះពាណិជ្ជករ ដែលទទួលយក ដំណើរការ ឬបញ្ជូនលេខអត្តសញ្ញាណប័ណ្ណទូទាត់ផ្ទាល់ខ្លួន (PIN)។

ស្ដង់ដារសុវត្ថិភាព PCI DSS និងPCI-PIN ត្រូវបានបង្កើតឡើង ជាមួយនឹងវិធានការសុវត្ថិភាពដែលបានព្រមព្រៀងជាសាកល ដោយធានាបាននូវសុវត្ថិភាពទិន្នន័យ និងទំនុកចិត្តរបស់ម្ចាស់ប័ណ្ណ។ វាផ្ដល់នូវខ្សែបន្ទាត់មូលដ្ឋាន មិនត្រឹមតែធានាបាននូវតម្រូវការបច្ចេកទេស និងប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធនាបាននូវស្ថានីយដំណើរការ និងសម្ភារៈបរិក្ខារសម្រាប់ដំណើរការកាតបង់ប្រាក់ផងដែរ។
    
អំពី ធនាគារ ស្ថាបនា  

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀត ដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។