ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ធនាគារ ស្ថាបនា ជួប​សំណេះ​សំណាល​ជាមួយ​សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨​ – លោកបណ្ឌិត ហាន់ ចាងវូ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ស្ថាបនា និងជានាយក ប្រតិបត្តិសាជីវកម្មម៉ារ៉ូហាន់​( Maruhan Corporation )ប្រទេសជប៉ុននាពេលថ្មីៗនេះបានធ្វើទស្សនកិច្ចសំដែងការគួរសម ជាមួយសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកំឡុងពេលនៃការធ្វើទស្សនកិច្ចនោះ លោកបណ្ឌិត ហាន់ ចាងវូ បានកោតសរសើរចំពោះការដឹកនាំដ៏ឆ្នើមរបស់សម្ដេចនាយករដ្ឋមន្ត្រី ក្នុងការធ្វើ ឱ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ និងសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិដ៏រឹងមាំ ព្រមទាំងបានថ្លែងអំណរគុណ សម្ដេចនាយក រដ្ឋមន្ត្រីចំពោះការគាំទ្រធនាគារ ស្ថាបនា និងស្ថាប័នហិរញ្ញវត្ថុដទៃៗទៀត។ លោកបណ្ឌិត ហាន់ ចាងវូ ក៏បានបញ្ជាក់ជាថ្មីម្តងទៀតនូវការធ្វើវិនិយោគ ទុននៅក្នុងប្រទេសកម្ពុជារបស់សាជីវកម្មម៉ារ៉ូហាន់​ ដែលជាម្ចាស់ភាគហ៊ុនចុងក្រោយរបស់ធនាគារ ស្ថាបនា រួមទាំងការសាងសង់អាគារថ្មីកម្ពស់ ២២ ជាន់ដែលនឹងត្រូវប្រើប្រាស់ជាការិយាល័យកណ្តាលរបស់ធនាគារ ជាមួយនឹងការចំណាយលើការសាងសង់ប្រមាណជា ៦០ លានដុល្លារអាមេរិក។ អគារថ្មីនេះនឹងត្រូវគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ ខាងមុខនេះ។

ក្នុងចំណោមអ្នកដែលបានចូលរួមជាមួយលោកបណ្ឌិត ហាន់ ចាងវូ ក្នុងការជួបសំណេះ សំណាលជាមួយសម្ដេចនាយករដ្ឋមន្រ្តីនាពេលនោះ រួមមាន លោក ហាន់ គេន ជាអភិបាល​លោក Kato Norihiko ជាប្រធាននាយកប្រតិបត្តិ និងជាអភិបាលធនាគារ ស្ថាបនា ឯកឧត្តម ស៊ីណូហារ៉ា កាត្សុហីរ៉ូ និង​ ឯកឧត្តម គិម វ៉ាដា ជាអភិបាលឯករាជ្យ ព្រមទាំងលោក ស៊ុឈិយ៉ា កាស៊ូហិកុ ជានាយកប្រតិបត្តិសាជីវកម្ម។

ធនាគារ ស្ថាបនា ទើបនឹងបានបើកសម្ភោធការប្រើប្រាស់ស្លាកសញ្ញាថ្មីរបស់ខ្លួនដែលឆ្លុះបញ្ចាំងអំពីភាពជឿជាក់ក្នុងការកម្លាយខ្លួនទៅជាធនាគារ ពាណិជ្ជឈានមុខគេនៅក្នុងប្រទេស។ ស្ថាបនា បន្តបង្ហាញពីកំណើនដ៏រឹងមាំរបស់ខ្លួន ដែលក្នុងនោះ ទ្រព្យសកម្មសរុបបានកើនដល់ជាង​ ១ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ។