ធនាគារ ស្ថាបនា ក្លាយ​ជា​សហ​គ្រាស​បង់​ពន្ធ​ច្រើន​ជាង​គេ លំដាប់ទី ៩ នៅ​ក្នុង​ប្រទេស​កម្ពុជា

ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងព្រះរាជណាចក្រកម្ពុជា មានកិត្តិយសយ៉ាងក្រៃលែងដែលទទួលបានលិខិតសរសើរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកោតសរសើរនូវការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ និងជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី ៩ ក្នុងឆ្នាំ ២០២១។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងលិខិតសរសើរថា៖ “ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះធនាគារ ស្ថាបនា ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ។ ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសធនាគារ ស្ថាបនា គឺជាការចូលរួមចំណែកដែលមិនអាចខ្វះបាន និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។”

លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមានមោទនភាព និងកិត្តិយសយ៉ាងក្រៃលែងដែលទទួលបានលិខិតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានអនុលោមភាពសារពើពន្ធបង់ពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ។ សមិទ្ធផលនេះ គឺជាការទទួលស្គាល់មួយដ៏ល្អប្រពៃបំផុត  និងសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងការអនុលោមបទប្បញ្ញត្តិពន្ធដាររបស់កម្ពុជា។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថាការរួមចំណែករបស់ធនាគារនឹងបន្តជំរុញជួយដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងសង្គមជាតិនៃប្រទេសកម្ពុជា”។
ក្នុងនាមជាធនាគារពាណិជ្ជដែលមានការទទួលខុសត្រូវ ធនាគារ ស្ថាបនា នឹងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះបទប្បញ្ញត្តិពន្ធដាររបស់កម្ពុជា ដើម្បីធានាបានធនាគារនៅតែបន្តប្រតិបតិ្តការអាជីវកម្ម និងវិនិយោគយ៉ាងទទួលខុសត្រូវបំផុតក្នុងព្រះរាជណាចក្រកម្ពុជា។

អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect, Western Union, ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀត ដូចជា៖ វីង, ផាយផេ, ទ្រូម៉ាន់នី, លី ហួរ វេលុយ, អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។