ធនាគារ ស្ថាបនា ដាក់​ឱ្យ​ដំណើរ​ការ​សាខា​ថ្មី​២ និង​ផ្លាស់​ប្តូរ​ទី​តាំង​សាខា​១​នៅ​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ធនាគារ​សំបូរ​បែប​និង​ទាន់​សម័យ

រាជធានីភ្នំពេញ, ថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​អគារ​ស្តង់​ដា​ទំនើប​បី​សាខា ក្នុង​ទី​ក្រុង​ភំ្នពេញ ដែល​មាន​សាខា​ថ្មី​ចំនួន២​គឺ សាខាសន្ធរម៉ុក សាខាបឹងទំពន់ និង​មួយ​សាខា​ផ្លាស់​ប្តូរ​ពី​ទី​តាំង​ចាស់​ចំការមន មក​ទី​តាំង​ថ្មី​សាខា​បឹង​កេងកង។ បច្ចុប្បន្ន ធនាគារ ស្ថាបនា មាន​សាខា​សរុប​ចំនួន​២០ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ហើយ​សាខា​ទាំង​បី​នេះ​នឹង​ជួយ​ឱ្យ​ប្រតិបត្តិការ​ធនាគារ​មាន​ភាព​ទូ​លំ​ទូលាយ ជា​មួយ​នឹង​រចនាបទ​បែប​ប្រណិត​ផ្តោត​សំខាន់​លើ​ប្រតិបត្តិការ​ធនាគារ​បែប​ឌីជីថល​និង​ងាយ​ស្រួល​សម្រាប់​ម្ចាស់​អាជីវកម្ម​និង​អ្នក​រស់​នៅ​តាម​តំបន់​នោះ។

ការ​បន្ត​វិនិយោគ​លើ​បណ្តាញ​សាខា​ថ្មី​បន្ថែម គឺ​ក្នុង​គោល​បំណង​បង្កើន​ភាព​ងាយ​ស្រួល សុវត្ថិភាព កាន់​តែ​ខិត​ជិត​ទៅ​ដល់​អតិថិជន​ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​វេលា​ធ្វើ​ដំណើរ​ច្រើន។ ធនាគារ ស្ថាបនា នឹង​នាំ​មក​ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ឆាប់​រហ័ស ប្រកប​ដោយ​ស្តង់ដា​ខ្ពស់​ជា​មួយ​នឹង​សម្ភារៈ​ធនាគារ​ទំនើបៗ​ឈាន​មុខ​គេ កន្លែង​រង់​ចាំ​ប្រកប​ដោយ​ផាសុកភាព និង​បុគ្គលិក​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់។ សាខា​ទាំង​៣​នេះ​នឹង​បម្រើ​សេវាធនាគារ​ដ៏​ល្អ​ឥត​ខ្ចោះ និង​ផ្តល់​នូវ​បទ​ពិសោធ​ធនាគារ​ដ៏​ស៊ីវីល័យ​ជូន​អតិថិជន។ ពិសេស​បន្ថែម​ពី​នេះ អតិថិជន​ក៏​អាច​ទទួល​បាន​នូវ​សេវាកម្ម​ដូច​ជា បង់​កម្រៃ​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន សេវាកម្ម​ប្រមូល​ចំណូល​ពន្ធ​គ្រប់​ប្រភេទ​ដោយ​ឥត​គិត​ថ្លៃ​សេវា។

ការ​បើក​សម្ភោធ​ជា​ផ្លូវ​ការ​ទាំង​បី​សាខា​នេះ គឺ​ជា​គំរូ​សម្រាប់​ការ​វិវត្តន៍​គ្រប់​បណ្តាញ​សាខា​ទូ​ទាំង​ប្រទេស​ឱ្យ​ក្លាយ​ជា​ធនាគារ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បណ្តាញ​សាខា​ទាំង​អស់​នៅ​តែ​ជា​រចនាសម្ព័ន្ធ​សំខាន់​របស់​ធនាគារ ស្ថាបនា ក្នុង​ការ​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​យ៉ាង​រហ័ស និង​ជា​ទីគាប់​ចិត្ត ហើយ​ស្រប​ជា​មួយ​ការ​ធ្វើ​ទំនើបកម្ម​ទៅ​លើ Sathapana Mobile ដែល​បញ្ជាក់​អំពី​ចក្ខុវិស័យ​ដ៏​យូរ​អង្វែង​របស់​ធនាគារ ក្នុង​ការ​បោះ​ជំហាន​ឈាន​មុខ​នៅ​ក្នុង​វិស័យ​ធនាគារ​ឌីជីថល​កម្ពុជា។


អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លាអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង១៧០ទីតាំង និង អេធីអឹមជាង២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាWestern Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារ មានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈ ជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន និងការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។