ធនាគារ ស្ថាបនា និង ក្រុមហ៊ុន វើលដ៏ប្រ៊ីដ បាន​ប្រកាស​ជា​ដៃ​គូ​សហការ​ក្នុង​ការ​ផ្តល់​សេវា​កម្ចី​គេហ​ដ្ឋាន​ពិសេស​បំផុត

រាជធានីភ្នំពេញ, ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា និង ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច បានប្រកាសដំណើរការជាផ្លូវការក្នុងកិច្ចសហប្រតិបត្តិការលើការផ្តល់ ឥណទានគេហដ្ឋាន ឆ្លាតវៃ និង ភាពជាដៃគូ ដំបូងគេ សម្រាប់គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ (WBSV)។

ភាពជាដៃគូនេះនឹងជួយផ្តល់ប្រាក់កម្ចីពិសេសដែលមានអត្រាការប្រាក់ប្រកួតប្រជែង រួមជាមួយនឹងរយៈពេលកម្ចីវែងដែលមិនធ្លាប់មាន ថែមទាំងដំណើរការនៃការដាក់ពាក្យកម្ចីមានភាពងាយស្រួលនិងរហ័សដល់អតិថិជន ស្ថាបនា និងអតិថិជនគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។

កម្ចីលំនៅដ្ឋានជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ គឺជា ឥណទានគេហដ្ឋាន ឆ្លាតវៃ និង ភាពជាដៃគូ ដែលជាសេវាផ្តល់ជូនពិសេសដែលមិនត្រឹមតែជាសេវាកម្ចីសម្រាប់គេហដ្ឋាន ប៉ុន្តែលោកអ្នកអាចប្រើប្រាស់សម្រាប់កម្ចីផ្ទាល់ ខ្លួនរហូតដល់ ២០០.០០០ ដុល្លារ  ថែមទាំងទទួលបានប័ណ្ណឥណទាន ដែលមានទឹកប្រាក់រហូតដល់ ១០.០០០ ដុល្លារ។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ធនាគារ ស្ថាបនាមានកិត្តិយសនិងសោមន្សដែលបានធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។ ភាពជាដៃគូនេះនឹងផ្តល់ភាពងាយស្រួលនិងសម្រួលដល់អតិថិជនក្នុងការទិញលំនៅដ្ឋាននៅ WBSV ដែលជាគម្រោង បុរីកីឡាដំបូងគេនៅអាស៊ីអាគ្នេយ៍។ ជាមួយកិច្ចសហការនេះយើងអាចជួយដល់ប្រជាពលរដ្ឋមានផ្ទះជាកម្មសិទិ្ធខ្លួនកាន់តែច្រើនឡើងផងដែរ។

លោក សាយមុន វ៉ាន់ឃ្លីហ្វ ប្រធាននាយកប្រតិបត្តិនៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដក៏មានប្រសាសន៍ដែរថា៖ «យើងពិតជាមានកិត្តិយសណាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារស្ថាបនា ដែលនឹងផ្តល់ជាឥណទានសម្រាប់ជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនយើងបន្ថែមទៀតក្នុងការទទួលបានលំនៅដ្ឋានក្នុង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” ។ គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ កសាងនិងរៀបចំឡើងសម្រាប់ទទួលមនុស្សរាប់ពាន់នាក់ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មុនពេលដែលត្រូវបានរៀបចំឡើងវិញ និងប្រគល់ជូនអតិថិជនដែលបានជាវរួច។ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិមតរតកតេជាដែលជាតំបន់កំពុងអភិវឌ្ឍឥតឈប់ឈរនៅភាគខាងជើងនៃរាជធានីភ្នំពេញ ជាទីតាំងតែមួយគត់បានមកការរួមបញ្ចូលគ្នានៃលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយនឹងបរិយាកាសកីឡាស្រស់ស្រាយប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់សម្រាប់អតិថិជនផងដែរ។»

 

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។


អំពីដាប់ប៊ែលយូប៊ី ស្ព័ត វីលេច
ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក  ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។ ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើបដែលមានខុនដូ១២អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់  ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។ លើសពីនេះទៅទៀត ក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុបដែលធ្លាប់មានបទពិសោធន៍ពេញលេញក្នុងការអភិវឌ្ឍអគារខ្ពស់ទំនើបៗ និង លំនៅឋានដ៏ប្រណីតៗនៅកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការនាំមកនូវបទពិសោធន៍ថ្មីៗ និង ភាពជឿជាក់ក្នុងការរស់នៅរបស់អតិថិជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការពន្លឿនការសាងសង់ ដោយផ្តោតជាចម្បងលើគុណភាពសំណង់ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន គឺជាផ្នែកមួយនៃភាពជោគជ័យរបស់គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នេះផងដែរ។