មូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារ ស្ថាបនា បានសហការគ្នាជួយសង្រ្គោះកុមារកម្ពុជា ដោយកៀរគរការបរិច្ចាគតាមរយៈ Sathapana Mobile

រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ ៖ ធនាគារ ស្ថាបនា បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​មធ្យោបាយ​កៀរ​គរ​ការ​បរិច្ចាគ តាមរយៈ Sathapana Mobile ជា​មួយ​មូល​និធិគន្ធ​បុប្ផា​កម្ពុជា​ក្នុង​ការ​ចូល​រួម​ចំណែក​រក្សា​និរន្តរ​ភាព​នៃកិច្ច​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ដើម្បី​សង្គ្រោះ​កុមារ​កម្ពុជា។ កិច្ច​សហការ​នេះ​បាន​បន្ត​លើក​កម្ពស់​ការ​ថែ​ទាំ​សុខ​ភាព​កុមារ​ដែល​មក​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង ០៥ ទីតាំង។
លោក ហ្វុង កៃ ជីន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ “ធនាគារ ស្ថាបនា ពិត​ជា​មាន​ភាព​សោមនស្សរីករាយ​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​កៀរ​គរ​ការ​បរិច្ចាគ​ដល់​មូលនិធិគន្ធបុប្ផា​កម្ពុជា ដើម្បី​ជួយ​សង្រ្គោះ​ដល់​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ។ ធនធាន​ជា​ចម្បង គឺ​ជា​ផ្នែក​មួយ​នៃ​គុណ​តម្លៃ​របស់​ធនាគារ ស្ថាបនា ដែល​យើង​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គលិក ជា​ពិសេស​ចំពោះ​កុមារ​ដែល​នឹង​ក្លាយ​ជា​ទំពាំង​ស្នង​ឬស្សី។ តាមរយៈ Sathapana Mobile អតិថិជន​និង​បុគ្គលិក​ទាំងអស់​អាច​ធ្វើ​ការ​បរិច្ចាគ​ដោយ​សុវត្ថិភាព​និង​ងាយ​ស្រួល​ទៅ​ដល់​មូល​និធិគន្ធបុប្ផាកម្ពុជា។ យើង​សូម​លើក​ទឹក​ចិត្ត​ដល់ក្រុមការងារ អតិថិជន និងសាធារណជនចូលរួមបរិច្ចាគទាំងអស់គ្នា។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានមានប្រសាសន៍ថា៖ “មូលនិធិគន្ធបុប្ផាកម្ពុជាគឺជាមូលនិធិផ្លូវការដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើគោលដៅតែមួយគត់ ដោយធានាថាមន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង នឹងបន្តបេសកកម្មចម្បង ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះកុមារនៅកម្ពុជា ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង”។

ក្នុងខែមិថុនា ឆ្នាំ២០២១ មានកុមារចំនួន ២០ ៣០៨ នាក់ ដែលបានមកពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ហើយ ចំនួននេះមានការកើនឡើងចំនួន ១ ៤៩៣ នាក់ បើធៀបនឹងកុមារ ១៨ ៨១៤ នាក់ ដែលបានទៅពិនិត្យព្យាបាលកាលពីខែឧសភា ឆ្នាំ២០២១។ ក្នុងនោះមានកុមារចំនួន ៣ ៨២៤ នាក់ ត្រូវបានដាក់ឱ្យនៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយមានកុមារចំនួន ១ ១៨១ នាក់ ត្រូវបានទទួលការវះកាត់ និងកុមារចំនួន ៣១ នាក់ បានទទួលការវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម។ លើសពីនេះទៀតមានស្រ្តីមានផ្ទៃពោះចំនួន ៣ ៨៩៥ នាក់ ដែលបានមកពិនិត្យតតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៣៩៣ នាក់។

លោកអ្នកដែលមិនទាន់ជាអតិថិជនស្ថាបនា ក៏នៅតែអាចចូលរួមបរិច្ចាគដល់ មូលនិធិគន្ធបុប្ផាកម្ពុជាបាន ដោយគ្រាន់តែទាញយកកម្មវិធី Sathapana Mobile រួចបង្កើតគណនីអនឡាញភ្លាមៗយ៉ាងស្រួល។

យើងស្វាគមន៍អតិថិជនអ្នកប្រើ Sathapana Mobile ទាំងអស់ចូលរួមបរិច្ចាគយ៉ាងងាយស្រួលដោយអនុវត្តតាមជំហានដូចខាងក្រោម៖
១. សូមចូលទៅកាន់ Sathapana Mobile ហើយចុចលើប៊ូតុង “ទូទាត់វិក្កយបត្រ”
២. សូមជ្រើសរើស “ការបរិច្ចាគ” ហើយចុចលើ “Cambodia Kantha Bopha Foundation"
៣. សូមជ្រើសរើសប្រភេទរូបិយប័ណ្ណ (ខ្មែររៀល ឬ ដុល្លារ)
៤. សូមវាយបញ្ចូលចំនួនថវិកាដែលលោកអ្នកចង់បរិច្ចាគ
៥. ជ្រើសរើសគណនីដែលអ្នកចង់ធ្វើការបរិច្ចាគ
៦. បន្ទាប់មកលោកអ្នកអាចបន្ថែមកំណត់សំគាល់ប្រសិនបើមានតម្រូវការ
៧. សូមត្រួតពិនិត្យព័ត៌មានលម្អិតឡើងវិញបន្ទាប់មកចុចពាក្យ "បញ្ជាក់"
៨. ចុងក្រោយបញ្ចូលលេខសំងាត់ និងជ្រើសរើសពាក្យថា "ទូទាត់" ជាការស្រេច

អំពីមូលនិធិគន្ធបុប្ផាកម្ពុជា
មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមទម្រង់ជា “បរធនបាលកិច្ច” ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស។មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរនូវអំណោយ ឧបត្ថម្ភធន និងវិភាគទានពីគ្រប់ប្រភពស្របច្បាប់នានាសំដៅធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យអាចដំណើរការជាប្រក្រតីប្រកបដោយនិរន្តរភាព ដើម្បីចូលរួមក្នុងការលើកកម្ពស់សុខភាពមាតា ទារកនិងកុមារ ដែលជាអាទិភាពចម្បងមួយក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់ព៌ត័មានបន្ថែម៖www.ckf.org.kh

អំពីធនាគារស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង១៧០ទីតាំង អេធីអឹមជាង  ២៣០ កន្លែង និងសេវាស្ថាបនាព្រីមារណ៍៣ទីតាំងទូទាំងប្រទេសដែលមានសមត្ថភាពពេញលេញ ដូចជាដាក់ប្រាក់ដកប្រាក់និងទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន៖ សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរសព្ទដៃ បណ្ណឥណពន្ធ និងឥណទានសេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះធនាគារមានការផ្តល់សេវាកម្ម ប្រមូលពន្ធគ្រប់ប្រភេទការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់ តាមរយៈទូរសព្ទ រួមមានវីងផាយផេទ្រូម៉ាន់នីលីហួរវេរលុយអ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាព ងាយស្រួលនិងឆាប់រហ័សដល់អតិថិជន។ អតិថិជនអាចធ្វើការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ Sathapana Mobile។

Makes Your Life Better