រាជធានីភ្នំពេញ, ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា និង សាជីវកម្មធានាឥណទានកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីផ្តល់ហិរញ្ញប្បទានដែលមានការធានាដល់ក្រុមហ៊ុនអាជីវកម្មនៅកម្ពុជា។
សហគ្រាសធុនតូចនិងមធ្យមគឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាពនិងសមធម៌ ព្រោះនេះជាសក្តានុពលដែលជម្រុញដល់ការរីកចម្រើនសេដ្ឋកិច្ចនិងបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋ។ ធនាគារ ស្ថាបនា ប្តេជ្ញាចូលរួមសហការជាមួយគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូចនិងមធ្យម អំឡុងពេលរងផលប៉ះពាល់ដោយសារវិបត្តិ Covid-១៩ នេះ។ បណ្តាញសាខាដ៏ធំទូលាយរបស់ស្ថាបនា នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្តល់កម្ចី ដល់ក្រុមហ៊ុនអាជីវកម្មនៅគ្រប់ទីកន្លែង។ ធនាគារ ស្ថាបនា បានត្រៀមខ្លួនធ្វើជាដៃគូក្នុងការស្តារអាជីវកម្មនិងគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានកាន់តែល្អប្រសើរ។
ភាពជាដៃគូនេះបានអនុញ្ញាតឱ្យធនាគារ ស្ថាបនា និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀងចូលរួមសហការគ្នាក្នុងការផ្តល់កម្ចីជូនដល់ក្រុមហ៊ុនអាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យធានា ដោយមាន សាជីវកម្មធានាឥណទានកម្ពុជា ដើរតួជាអ្នកផ្តល់ការធានាក្នុងការស្នើរកម្ចី។
ធនាគារ ស្ថាបនា សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលសម្រាប់ឱកាសចូលរួមចំណែកក្នុងការធ្វើឱ្យសង្គមយើងកាន់តែប្រសើរឡើង និងបានផ្តល់ឱកាសឱ្យចូលរួមចំណែកនៃគម្រោងដ៏សំខាន់នេះ។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង សេវាស្ថាបនាព្រីមារណ៍ ៣ទីតាំង និងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេសដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័ស។ អតិថិជនអាចធ្វើការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ Sathapana Mobile។