ធនាគារ ស្ថាបនា និង ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បាន​ប្រកាស​ជា​ដៃ​គូ​សហការ​ក្នុង​ការ​ផ្តល់​សេវា​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធឌីជីថល

រាជធានីភ្នំពេញ, ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា បាន​ប្រកាស​ដំណើរ​ការ​ជា​ផ្លូវ​ការ​ជា​មួយ​ក្រុម​ហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​លើ​សេវា​ត្រួត​ពិនិត្យ​សុខ​ភាព​ហិរញ្ញ​វត្ថុ​តាម​ប្រព័ន្ធ​ឌីជីថល ដែល​ផ្តល់​ភាព​ងាយ​ស្រួល និង​រហ័ស​បំផុត​សម្រាប់​អតិថិជន គ្រប់​ពេល​វេលា​និង​គ្រប់​ទី​កន្លែង​តាម​រយៈ Sathapana Mobile។

ភាពជាដៃគូនេះនឹងជួយលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ការ​រួម​បញ្ចូល​ហិរញ្ញវត្ថុ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន​នៅ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​គឺ​ជា​ការ​ពង្រឹង​ការ​ប្តេជ្ញា​ដ៏​ចំបង​រវាង​ស្ថាប័ន​ទាំង​ពីរ។

របាយការណ៍​ឥណទាន​របស់​កម្ចី​ម្នាក់ៗ គឺ​ជា​កំណត់​ត្រា​នៃ​ប្រវត្តិ​ទូទាត់​ឥណទាន​របស់​អតិថិជន​ដែល​បាន​កត់​ត្រា​ពី​ធនាគារ មី​ក្រូហិរញ្ញវត្ថុ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​សំខាន់ៗ។ អ្នក​ផ្តល់​ប្រាក់​កម្ចី​ទាំង​អស់​នឹង​ពិនិត្យ​មើល​របាយការណ៍​ឥណទាន​របស់​បុគ្គល ដើម្បី​វាយ​តម្លៃ​នៃ​កម្ចី​ឥណទាន​អាច​ជំពាក់​បាន​គ្រប់​ពេល​ដែល​អតិថិជន​ដាក់​ពាក្យ​ស្នើ​សុំ​ប្រាក់​កម្ចី។ ដូច្នេះ​វា​មាន​អត្ថប្រយោជន៍​ខ្ពស់​ក្នុង​ការ​ត្រួត​ពិនិត្យ​របាយការណ៍​ឥណទាន​របស់​អ្នក​ឱ្យ​ទៀង​ទាត់ ដើម្បី​រក្សា​សុខភាព​ហិរញ្ញវត្ថុ​របស់អ្នក និង​ធានា​បាន​នូវ​ភាព​ត្រឹម​ត្រូវ​នៃ​ព័ត៌មាន​ឥណទាន។ លើស​ពី​នេះ​ទៀត​អតិថិជន​ក៏​អាច​ជំទាស់​ជា​មួយ​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ប្រសិន​បើ​មាន​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​របាយការណ៍​ឥណទាន។

អតិថិជនរបស់ធនាគារ ស្ថាបនា ទាំងអស់ដែលប្រើប្រាស់ជាមួយកម្មវិធីស្ថាបនាម៉ូបាលអាចស្នើរសុំរបាយការណ៍ឥណទានជាមួយ CBC តាមរយៈសំណុំបែបបទបំពេញដោយស្វ័យប្រវត្តិដែលមាននៅក្នុង Sathapana Mobile ហើយលោកអ្នកនឹងទទួលបានរបាយការណ៍ឥណទានបន្ទាប់ពី CBC ត្រួតពិនិត្យរូចរាល់។ លោកអ្នកដែលមិនមែនជាអតិថិជនស្ថាបនា ការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុក៏អាចធ្វើទៅបានយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើការទាយយកកម្មវិធីទូរស័ព្ទដៃ Sathapana Mobile រួចបង្កើតគណនីអនឡាញភ្លាមៗជាការស្រេច។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ធនាគារ ស្ថាបនា មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ក្នុងការផ្តល់ជូននូវសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាតាមរយៈ Sathapana Mobile ដែលមានភាពងាយស្រួលបំផុត ដោយលុបបំបាត់ចោលនូវ វិធីចាស់ៗដែលមានលក្ខណៈជាប្រព័ន្ធចំណាយពេលយូរ។ នេះគឺជាសក្ខីភាពនៃភាពឈានមុខគេក្នុងបំលាស់ប្តូរវិស័យធនាគារឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។»

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា៖ «CBC ពិតជារីករាយនៃភាពជាដៃគូជាមួយធនាគារ ស្ថាបនា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC ដល់អតិថិជនស្ថាបនាទាំងអស់ តាមរយៈកម្មវិធីធនាគារចល័ត។ ការសហការនេះអាចឱ្យអតិថិជនរបស់ស្ថាបនាទូទាំងប្រទេសធ្វើការស្នើសុំរបាយការណ៍ឥណទានដោយប្រើស្មាតហ្វូនរបស់ពួកគេបាន។ លើសពីនេះលោកបានសង្កត់ធ្ងន់ថានេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងការធ្វើតាមប្រព័ន្ធឌីជីថលសម្រាប់អតិថិជនរបស់ CBC ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនិងជួយឱ្យការខ្ចីប្រាក់ប្រកបដោយការទទួលខុសត្រូវ។»

អំពីក្រេឌីត ប្យួរ៉ូ ខេមបូឌា
CBC ជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និង របាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១២ CBC បានជួយដល់អតិថិជនក្នុងការគ្រប់គ្រងហានិភ័យនិងរង្វាន់នៃការសម្រេចចិត្តខាងពាណិជ្ជកម្មនិងហិរញ្ញវត្ថុតាមរយៈដំណោះស្រាយជាច្រើនដូចជា៖ របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានពាណិជ្ជកម្ម K-Score វិភាគរបាយការណ៍ទិន្នន័យ សេវាកម្មត្រួតពិនិត្យផលប័ត្រ និងដំណោះស្រាយតាមតម្រូវការ។ CBC មានសមាជិកសរុប ១៥៧ស្ថាប័ន រួមបញ្ចូលទាំង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និង ប្រតិបត្តិករឥណទានជនបទ។

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។