ធនាគារ ស្ថាបនា និង វិទ្យាស្ថាន ខេមអេដ ប្រកាសជាផ្លូវការនៃកិច្ងសហប្រតិបត្តិការ

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ - ធនាគារ ស្ថាបនា និង វិទ្យាស្ថាន ខេមអេដ បានប្រព្រឹត្តពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាតាមរយៈអនឡាញ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយនៅក្នុងពិព័រណ៍ការងារ កម្មសិក្សា ឱកាសការងារ និងការចែករំលែកចំណេះដឹង ឬ បទពិសោធន៍។

ជាមួយនឹងភាពជាដៃគូ ធនាគារ ស្ថាបនា នឹងក្លាយជាវេទិកាសម្រាប់សិក្សាជំនាញជាក់ស្តែងដល់និស្សិតរបស់វិទ្យាស្ថាន ខេមអេដ ដើម្បីជួយពួកគេឱ្យទទួលបានភាពជោគជ័យក្នុងអាជីពរបស់ខ្លួន។

យោងទៅតាមប្រសាសន៍ លោក គូរ៉ូគី កាន់ជី អនុប្រធាននាយកប្រតិបត្តិ “ខ្ញុំសូមចូលរួមអបអរសាទរដល់ ធនាគារ ស្ថាបនា និង វិទ្យាស្ថាន ខេមអេដ ដែលបានចុះអនុស្សរណៈយោគយល់គ្នា។ ភាពជាដៃគូនេះនឹង
ផ្តល់ឱកាសសំខាន់សម្រាប់ស្ថាប័នទាំងពីរក្នុងការចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍។ 
ហើយនឹងពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងវប្បធម៌សាមគ្គីផងដែរ។”

លោក គូរ៉ូគី កាន់ជី បានបន្ថែមទៀតថា “ដូចពាក្យថា៖ បើចង់លឿនត្រូវទៅម្នាក់ឯង តែបើអ្នកចង់ទៅឆ្ងាយ
ត្រូវទៅជាមួយគ្នា។ ធ្វើការម្នាក់ឯងគឺល្អ ព្រោះគេអាចសម្រេចកិច្ចការបានលឿន ប៉ុន្តែសំណួរសួរថា តើអ្នកទៅធ្វើការតែម្នាក់ឯងបានយូរប៉ុណ្ណា?។ ដូច្នោះហើយ ការទៅឆ្ងាយទាមទារការគាំទ្រពីអ្នកដទៃ។”

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ បានមានប្រសាសន៍ថា “តាមរយៈការកែលម្អ និងការបង្កើតថ្មីជាបន្តបន្ទាប់ ធនាគារ ស្ថាបនា បានឡើងចំណាត់ថ្នាក់យ៉ាងឆាប់រហ័ស ដើម្បីក្លាយជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថាន ខេមអេដ មានកិត្តិយសក្នុងការគាំទ្រដល់ដំណើរស្វែងរករបស់ ធនាគារ ស្ថាបនា ក្នុងការបង្កើនប្រសិទ្ធិភាព និងផលិតភាព ដោយផ្តល់នូវធនធានមនុស្សដែលមានគុណភាពខ្ពស់តាមទម្រង់នៃនិស្សិតបញ្ចប់ការសិក្សារបស់យើង។ នៅក្នុងប្រទេសកម្ពុជា មានតែវិទ្យស្ថាន ខេមអេដ ប៉ុណ្ណោះដែលផ្តល់សញ្ញាបត្រលើផ្នែកគណនេយ្យ និងហិរញ្ញវុត្ថដែលទទួលស្គាល់ជាអន្តរជាតិ។ និស្សិតរបស់យើងមានជំនាញលើស្តង់ដាររបាយការណ៍ហិរញ្ញវុត្ថអន្តរជាតិ និងស្តង់ដារសវនកម្មអន្តរជាតិដែលមានតម្រូវការដោយធនាគារពាណិជ្ជដូចជា ធនាគារ ស្ថាបនា ជាដើម។ យើងមិនត្រឹមតែមានកិត្តិយសក្នុងការគាំទ្រស្ថាបនាប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយខាងស្ថាបនា ដើម្បីតម្រង់ការបង្រៀន និងការសិក្សាទៅនឹងជំនាញជាក់ស្តែងដែលត្រូវការសម្រាប់ជំនាញអាជីពដ៏ជោគជ័យ។”

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង សេវាស្ថាបនាព្រីមារណ៍ ៣ទីតាំង និងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេសដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័ស។ អតិថិជនអាចធ្វើការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ Sathapana Mobile។

អំពីវិទ្យាស្ថានខេមអេដ
វិទ្យាស្ថាន ខេមអេដ គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលមានការទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា និងមានឯកទេសក្នុងការបង្រៀនគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងមានការទទួលស្គាល់គុណភាពមាសពីសមាគមន៍គណនេយ្យករ Chartered Certified Accountants (ACCA) ដែលមានវិញ្ញាបនបត្រនៅចក្រភពអង់គ្លេស។