ដាក់ប្រាក់បន្ថែមបានគ្រប់ពេលវេលា និងបន្តទទួលបានអត្រាការប្រាក់ខ្ពស់ដូចគ្នា ជាមួយគណនីបញ្ញើមានកាលកំណត់ ធនាគារ ស្ថាបនា

ឥឡូវនេះ អតិថិជនអាចធ្វើការដាក់ប្រាក់សន្សំបន្ថែមក្នុងគណនីបញ្ញើមានកាលកំណត់របស់ខ្លួនបានគ្រប់ពេលវេលា ជាមួយអត្រាការប្រាក់ខ្ពស់ដូចគ្នា

ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣៖ ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានដាក់ឱ្យដំណើរការកម្មវិធីថ្មី ដោយអនុញ្ញាតឱ្យអតិថិជនធ្វើការដាក់ប្រាក់បន្ថែមក្នុងគណនីបញ្ញើមានកាលកំណត់របស់ខ្លួនបានដោយងាយស្រួល និងគ្រប់ពេលវេលា។ ឥឡូវនេះ អតិថិជនអាចបង្កើនប្រាក់ចំណូលបន្ថែមលើគណនីបញ្ញើមានកាលកំណត់របស់ខ្លួន និងបន្តទទួលបានអត្រាការប្រាក់ខ្ពស់។ កម្មវិធីនេះផ្តល់ជូននូវភាពបត់បែន និងកាន់តែងាយស្រួលជូនអតិថិជនសម្រាប់ការដាក់ប្រាក់បន្ថែមក្នុងគណនីបញ្ញើមានកាលកំណត់ ដែលអាចប្រើប្រាស់គណនីដែលមានស្រាប់ ក៏ដូចជាអាចរក្សារយៈពេលដាក់សន្សំ និងអត្រាការប្រាក់។

កម្មវិធីនេះ អតិថិជនអាចធ្វើការដាក់ប្រាក់បន្ថែមជាមួយសមតុល្យសាច់ប្រាក់យ៉ាងតិចបំផុត 500 ដុល្លារឡើងទៅសម្រាប់ប្រតិបត្តិការនីមួយៗ ហើយការផ្តល់ជូនពិសេសនេះសម្រាប់តែគណនីបញ្ញើមានកាលកំណត់ដែលមានរយៈពេលចាប់ 12 ខែឡើងទៅ។ អតិថិជនអាចធ្វើការដាក់ប្រាក់បន្ថែមតាមរយៈគណនីបញ្ញើចរន្ត និងគណនីបញ្ញើសន្សំរបស់ខ្លួន ឬ ធ្វើការផ្ទេរប្រាក់ពីធនាគារក្នុងស្រុកផ្សេងទៀត។ លោកអ្នកក៏អាចធ្វើការដាក់ប្រាក់បន្ថែមតាមរយៈមូលប្បទានប័ត្រចូលទៅកាន់គណនីបញ្ញើមានកាលកំណត់បានផងដែរ។ 

គណនីបញ្ញើមានកាលកំណត់ធនាគារ ស្ថាបនា ផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការគ្រប់គ្រងប្រាក់បញ្ញើ រហូតដល់ 60ខែ ជាមួយនឹងអត្រាការប្រាក់ខ្ពស់។ ក្រៅពីការផ្តល់ជូននូវរយៈពេលសន្សំដែលមានភាពបត់បែន និងអត្រាការប្រាក់ខ្ពស់ អតិថិជនអាចបើកគណនីជាមួយសមតុល្យសាច់ប្រាក់ទាប។ ពិសេសជាងនេះទៅទៀត លោកអ្នកអាចធ្វើការដាក់ប្រាក់បន្ថែម នៅតាមបញ្ជរសាខាធនាគារ ស្ថាបនា។ 

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Moabile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។