ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការ ePayroll ដើម្បីផ្ដល់សេវាទូទាត់ប្រាក់បៀវត្សរ៍តាមប្រព័ន្ធឌីជីថលដែលមានភាពបត់បែន និងជឿទុកចិត្តសម្រាប់ម្ចាស់អាជីវកម្ម

ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកម្ពុជាបានដាក់ឱ្យដំណើរការ Sathapana ePayroll ដែលជាសេវាទូទាត់ប្រាក់បៀវត្សរ៍បុគ្គលិកតាមប្រព័ន្ធឌីជីថល រចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្ម និងជួយម្ចាស់អាជីវកម្មអាចគ្រប់គ្រងលើបញ្ជីប្រាក់បៀវត្សរ៍បុគ្គលិករបស់ពួកគេបានដោយសុវត្ថិភាព និងងាយស្រួល។  
ការបើកប្រាក់បៀវត្សរ៍បុគ្គលិកតាមប្រព័ន្ធឌីជីថលមិនត្រឹមតែអាចជួយកាត់បន្ថយពេលវេលា និងការចំណាយដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការយ៉ាងរលូន និងប្រកបដោយភាពប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអាជីវកម្មនូវជម្រើសដើម្បីកំណត់ និងពិនិត្យមើលគោលការចាំបាច់នានា រួមជាមួយនឹងរបាយការណ៍ផ្សេងទៀតនៅក្នុងផ្នែកផ្សេងៗគ្នា ដែលទាំងអស់នេះអាចដំណើរការបានយ៉ាងងាយស្រួលនៅក្នុងកន្លែងតែមួយប៉ុណ្ណោះគឺ Sathapana ePayroll។
ដំណោះស្រាយប្រាក់បៀវត្សរ៍ឌីជីថលរបស់ស្ថាបនា ត្រូវបានបង្កើតឡើងជាពិសេសដើម្បីដំណើរការប្រាក់បៀវត្សរ៍ដោយស្វ័យប្រវត្តិសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដែលជួយឱ្យការគ្រប់គ្រងប្រាក់បៀវត្សរ៍មានភាពងាយស្រួល បត់បែន និងសុវត្ថិភាព។ និយោជកអាចធ្វើការទូទាត់ ទទួល គ្រប់គ្រង និងរៀបចំរបាយការណ៍ប្រាក់បៀវត្សរ៍បុគ្គលិក ដោយប្រើប្រាស់ផតថលឌីជីថលតែមួយដែលអាចសន្សំពេលវេលា និងថវិកាបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។
លោក Jean Pierre Gagnon អនុប្រធានប្រតិបត្តិនៅ ធនាគារ ស្ថាបនា មានប្រសាសន៍ថា៖ «ការដាក់ឱ្យប្រើប្រាស់ Sathapana ePayroll គឺបានបង្ហាញពីការខិតខំប្រឹងប្រែង និងជាសមិទ្ធិផលដ៏អស្ចារ្យមួយរបស់យើងក្នុងការបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើងជាមួយនឹងប្រតិបត្តិការធនាគារកាន់តែប្រសើរ។ យើងជឿជាក់ថាការទូទាត់ប្រាក់ឱ្យបុគ្គលិកតាមប្រព័ន្ធឌីជីថល Sathapana ePayroll នឹងផ្តល់ឱ្យម្ចាស់អាជីវកម្មបង្កើនការគ្រប់គ្រងលើលំហូរសាច់ប្រាក់បានល្អ។ ស្របពេលជាមួយគ្នានេះដែរ បុគ្គលិកអាចបង្កើតប្រវត្តិឥណទានធនាគារចាំបាច់ដើម្បីស្នើសុំប្រាក់កម្ចី ឬ កម្ចីក្នុងតម្លៃសមរម្យនាពេលអនាគត»។
លោកបានបន្ថែមថា៖ «ជាមួយនឹង Sathapana ePayroll ម្ចាស់អាជីវកម្មអាចសន្សំសំចៃពេលវេលាបានកាន់តែច្រើន និងអាចកាត់បន្ថយការចំណាយ និងហានិភ័យនៃការបើកប្រាក់នៅថ្ងៃបើកប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិករបស់ពួកគេ»។
តាមរយៈការចុះឈ្មោះប្រើប្រាស់ Sathapana ePayroll របស់ធនាគារ ស្ថាបនា ទាំងនិយោជក និងនិយោជិតនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន។ សម្រាប់និយោជក ពួកគេអាចប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សរ៍នេះ ដោយឥតគិតថ្លៃសេវាក្នុងកំឡុងពេលមួយឆ្នាំដំបូង រួមជាមួយនឹងជំនួយបច្ចេកទេសផ្សេងទៀត។
សម្រាប់បុគ្គលិក ពួកគាត់អាចទទួលបានកញ្ចប់ពិសេសមួយចំនួន រួមមានការលើកលែងថ្លៃសេវាសម្រាប់កាតឥណពន្ធស្ថាបនាសម្រាប់២ឆ្នាំដំបូង និងការផ្តល់ជូនអត្រាការប្រាក់ពិសេសសម្រាប់ផលិតផលមួយចំនួនរបស់ធនាគារ ស្ថាបនា។ លើសពីនេះ ពួកគាត់ក៏អាចរីករាយជាមួយការបើកប្រាក់បៀវត្សរ៍យ៉ាងងាយស្រួលតាមរយៈស្ថាបនា ម៉ូបាល និងបណ្តាញម៉ាស៊ីនអេធីអឹមជាច្រើនបាន ២៤/៧ នៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់

អំពី ធនាគារ ស្ថាបនា  

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។