ធនាគារ ស្ថាបនា ចាប់​ដៃ​គូ​ជា​ផ្លូវ​ការ​ជា​មួយ​ក្រុម​ហ៊ុន ទ្រូម៉ាន់នី ដើម្បី​ប្រែ​ក្លាយ​ភ្នាក់​ងារ ទ្រូម៉ាន់នី ក្នុង​ការ​ផ្តល់​សេវា​ដក​ប្រាក់​ដូច​ជា​ម៉ាស៊ីន​អេ​ធី​អឹម

ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមកិច្ចសហការដៃគូជាផ្លូវការ ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ស្ថាបនា អាចដកសាច់ប្រាក់ពីភ្នាក់ងារ ទ្រូម៉ាន់នី ណាមួយក្នុងចំណោមភ្នាក់ងារទ្រូម៉ាន់នីជាង ១ម៉ឺនទីតាំងនៅទូទាំងប្រទេស ដែលមានភាពងាយស្រួលដូចទៅនឹងការដកប្រាក់ពីម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «នៅធនាគារ ស្ថាបនា យើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការច្នៃប្រឌិត ដើម្បីបន្តបម្រើអតិថិជនរបស់យើងឱ្យកាន់តែល្អប្រសើរឡើង។ ការប្រែក្លាយរាល់ភ្នាក់ងារ ទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ឱ្យដូចនឹងម៉ាស៊ីន អេធីអឹម អាចឱ្យយើងផ្តល់សេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលដល់អតិថិជនរបស់យើងមិនថាពួកគេរស់នៅទីណានោះទេ។ ជាក់ស្តែងណាស់ សេវាធនាគារដ៏ទូលំទូលាយមួយនេះ  អនុញ្ញាតឱ្យឪពុកម្តាយផ្ញើប្រាក់ទៅកូនៗនៅទីក្រុង ឬ ឪពុកដែលធ្វើការនៅទីក្រុងអាចផ្ញើប្រាក់ទៅម្តាយរបស់ពួកគាត់នៅឯខេត្តបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត ខណៈពេលដែល យើងមានម៉ាស៊ីនអេធីអឹម និងបណ្តាញសាខាយ៉ាងទូលំទូលាយទូទាំងប្រទេស ភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី នេះនឹងពង្រឹងវិសាលភាព និងផ្តល់ជម្រើសកាន់តែច្រើនបន្ថែមទៀតដល់អតិថិជនរបស់យើង»។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តនៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ «សេវាធនាគារ និងហិរញ្ញវត្ថុដែលក្រុមហ៊ុននានាផ្តល់ជូនកំពុងមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ យើងនឹងអាចរំពឹងថានឹងធ្វើឱ្យកាន់តែទំនើបបន្ថែមទៀត និងផ្តល់ជូនសេវាកម្មតម្លៃបន្ថែមផ្សេងៗ ដែលនឹងផ្តល់ឱ្យកម្ពុជានូវសេវាកម្មហិរញ្ញវត្ថុនិងទូទាត់ប្រកបដោយប្រសិទ្ធភាព និងរលូន»។

ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការនេះឱ្យកាន់តែល្អប្រសើរ ធនាគារ ស្ថាបនា និងក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស “ឥតគិតថ្លៃសេវារយៈពេល ៣ខែ” ដល់អតិថិជនរបស់ធនាគារ ស្ថាបនា ដែលដកប្រាក់នៅភ្នាក់ងារ ទ្រូម៉ាន់នី ដោយប្រើមុខងារ “Human ATM” នៅលើកម្មវិធីស្ថាបនា ម៉ូបាល (Sathapana Mobile) ដែលជាកម្មវិធីទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព។ ប្រាកដណាស់សេវាមួយនេះនឹងនាំមកនូវសេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនដល់អតិថិជន និងផ្តល់សេវាដកប្រាក់ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។  

ប្រូម៉ូសិននេះនឹងផ្តល់ជូនអតិថិជនចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះតទៅ ហើយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

កិច្ចសហប្រតិបត្តិការរវាងធនាគារ ស្ថាបនា និងក្រុមហ៊ុន ទ្រូម៉ាន់នី នឹងកើតមានបន្ថែមទៀតក្នុងពេលឆាប់ៗនេះ៕

អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។  
TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕