រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា បានសម្ពោធជាផ្លូវការអគារស្តង់ដាថ្មីនៃសាខា ខេត្តកែប ដែលត្រូវបានផ្លាស់ប្តូរមកទីតាំងថ្មី ដែលល្អនិងធំទូលាយជាងមុន។ នេះជាការសបញ្ជាក់អំពីការរីកចម្រើនជាលំដាប់របស់ធនាគារ ក្នុងនាមជាធនាគារពាណិជ្ជ ដែលមានបណ្តាញសាខាធំជាងគេទី២ ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានលើកឡើងថា៖ “ដោយសារការសង្កេតឃើញនូវការកើនឡើងនៃតម្រូវការរបស់អតិថិជន ក្នុងខេត្តកែប ធនាគារក៏បានសម្រេចចិត្តផ្តល់ជូនអតិថិជននូវអគារថ្មីនេះ ដែលបម្រើជូនសេវាធនាគារពេញលេញ។ សាខា ខេត្តកែប ត្រូវបានរចនា តុបតែង និងបំពាក់ឧបករណ៍ទំនើបៗ ទៅតាមស្តង់ដាអគារថ្មីរបស់ធនាគារ ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួល សេវារហ័សទាន់ចិត្ត និងសុវត្ថិភាព។”
លោកបានបន្ថែមទៀតថា៖ “ទោះបីបច្ចុប្បន្ន យើងមានរហូតដល់ ១៧១ សាខានៅទូទាំងប្រទេសក្តី ចំនួនអតិថិជន និងតម្រូវការរបស់អតិថិជនតែងតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមទារឲ្យធនាគារបន្តវិនិយោគលើបណ្តាញ និងសមត្ថភាពរបស់ខ្លួន ទាំងហេដ្ឋារចនាសម្ព័ន្ធធនាគាររូបវន្ត ទាំងប្រព័ន្ធធនាគារឌីជីថល ដើម្បីឈរនៅជួរមុខនៃការផ្លាស់ប្តូរ និងឆាកប្រកួតប្រជែង។”
ធនាគារ ស្ថាបនា សាខាខេត្តកែប ត្រូវបានតំឡើងពីសាខាប្រភេទ “ខ” មកជាសាខាប្រភេទ “ក” ដើម្បីផ្តល់ជូនអតិថិជននូវសេវាធនាគារពេញលេញរួមមាន សេវាឥណទាន សេវាបញ្ញើ សេវាiBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន ព្រមទាំងមានទូអេធីអឹមដកប្រាក់ ដាក់ប្រាក់។
សាខា ខេត្តកែប ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ ៣៣ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប (ខាងត្បូងផ្សារដំណាក់ចង្អើរ ប្រហែល ១០០ម៉ែត្រ)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខ៖ ០២៣/០៨១ ៩៩៩ ០១០!
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។