រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា បានសម្ពោធជាផ្លូវការនៅថ្ងៃនេះ អគារស្តង់ដាថ្មីនៃសាខាបឹងខ្យាង ដែលត្រូវបានផ្លាស់ប្តូរមកទីតាំងថ្មី ស្ថិតនៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ខាងត្បូងសាលាឃុំព្រែកស្លែង ប្រហែល៥០០ម៉ែត្រ)។
សាខាបឹងខ្យាង ត្រូវបានដំឡើងពីសាខា “ខ” មកជាសាខា “ក” ជាមួយនឹងរចនាបថដ៏ប្រណិត ប្រព័ន្ធសុវត្ថិភាព និងសម្ភារៈធនាគារទំនើបៗ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាប្រតិបត្តិការធនាគារដ៏ទូលំទូលាយជូនដល់អតិថិជន ឱ្យស្របទៅនឹងកិត្តិនាមជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលមានបណ្តាញសាខាធំជាងគេទី២ រហូតដល់ជាង ១៧០ សាខា ក្នុងនោះខេត្តកណ្តាលមានចំនួន ២០ សាខា។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានលើកឡើងថា “ធនាគារ ស្ថាបនា បានសង្កេតឃើញនូវវិសាលភាពទីផ្សារ និងតម្រូវការដ៏មមាញឹករបស់អតិថិជន ស្ថាបនា ក្នុងខេត្តកណ្តាល ជាហេតុជំរុញឱ្យធនាគារ បំលែងសាខាបឹងខ្យាង ទៅជាសាខា “ក” ដែលផ្តល់សេវាធនាគារពេញលេញ និងបទពិសោធធនាគារទាន់សម័យ”។
លោកបានបន្ថែមទៀតថា “ក្រៅពីបណ្តាញសាខា ធនាគារឌីជីថលក៏ជាផ្នែកមួយនៃភាពឈានមុខរបស់ធនាគារ ស្ថាបនា ក្នុងវិស័យធនាគារនៅកម្ពុជា ដែលធនាគារកំពុងផ្តោតសំខាន់លើការធ្វើទំនើបកម្ម Sathapana Mobile ដើម្បីនាំមកជូនអតិថិជននូវបច្ចេកវិទ្យាធនាគារទំនើបៗ និងមុខងារសំខាន់ៗ ដែលចាំបាច់សម្រាប់ការរស់នៅក្នុងសង្គមទំនើបបច្ចុប្បន្ន។ ក្នុងឆ្នាំ ២០២០ នេះទៀតសោត ធនាគារ ស្ថាបនា បានទទួលពានរង្វាន់ចំនួន២ រួមមានដូចជា Most Innovative Retail Banking App Cambodia 2020 និង Most Innovative Digital Bank Cambodia 2020 ដែលទទួលស្គាល់ពីភាពរីកចម្រើនឥតឈប់ឈរ របស់ធនាគារ ស្ថាបនា លើវិស័យធនាគារឌីជីថល។”
ធនាគារ ស្ថាបនា សាខាបឹងខ្យាង ផ្តល់ជូននូវសេវាធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ សេវាiBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន ព្រមទាំងមានទូអេធីអឹមដកប្រាក់ ដាក់ប្រាក់ ដែលបម្រើសេវាកម្ម ២៤/៧។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។