កម្មវិធីបណ្តុះបណ្តាល «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ទទួល​បាន​ជោគជ័យ បន្ទាប់​ពី​ការ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​វគ្គ​ទី​មួយ ដើម្បី​ជួយ​ម្ចាស់​អាជីវកម្ម និង​ជា​ពិសេស​ស្ត្រី​ក្នុង​វិស័យ​អាជីវកម្ម​ឱ្យ​មាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ

ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ — ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានដំណើរការកម្មវិធីបណ្តុះបណ្តាល 'ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ' បានដោយជោគជ័យ ដែលមានការសហការជាមួយ សហគ្រិនខ្មែរ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់សេវាមិនមែនហិរញ្ញវត្ថុដល់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងជាពិសេសស្ត្រីក្នុងវិស័យអាជីវកម្ម។

ភាពជោគជ័យនៃវគ្គបណ្ដុះបណ្ដាលទីមួយនេះត្រូវបានទទួលស្គាល់ដោយម្ចាស់អាជីវកម្មដែលបានចូលរួមក្នុងវគ្គសិក្សានេះ ដោយពួកគេទទួលបានចំណេះដឹងថ្មីៗអំពីគំរូអាជីវកម្ម ការគ្រប់គ្រងលំហូរសាច់ប្រាក់ និងការប្រើប្រាស់ដើមទុន និងគ្រប់គ្រងបំណុល។

លោកស្រី ខេង ខាត់ថាវី ស្ថាបនិក និងនាយិកាគ្រប់គ្រងក្រុមហ៊ុន Eternity Title Co., Ltd. បានមានប្រសាសន៍ថា៖
«ក្នុងវគ្គសិក្សារយៈពេល៤ថ្ងៃនេះ មានមេរៀនសំខាន់ៗជាច្រើនទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសអំពីរបៀបអានរបាយការណ៍ហិរញ្ញវត្ថុ និងការវិភាគហិរញ្ញវត្ថុ។ ឥឡូវនេះ ខ្ញុំបានដឹងថាមានវិធី ៤យ៉ាងក្នុងការអានរបាយការណ៍ហិរញ្ញវត្ថុ»។

វគ្គបណ្ដុះបណ្ដាលនេះទទួលបានជោគជ័យ គឺដោយសារតែឯកសារបង្រៀនដែលបានបង្កើត និងរៀបចំឡើងជាពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្មរួមមាន៖ ខ្វះខាតចំណេះដឹងផ្នែកធុរកិច្ច ផ្នែកហិរញ្ញវត្ថុ មិនមានទំនុកចិត្ត ឬ ការស្ទាក់ស្ទើរក្នុងការស្នើសុំឥណទាន ការគ្រប់គ្រងលំហូរសាច់ប្រាក់មិនត្រឹមត្រូវ និងការកសាងពិន្ទុឥណទាន។ វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តល់ជូនជាមួយនឹងចំណេះដឹងយ៉ាងស៊ីជម្រៅ និងការសិក្សាដោយលើកជាឧទាហរណ៍ជាក់ស្ដែង និងបង្រៀនជាភាសាខ្មែរដោយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងគ្រូបណ្តុះបណ្តាលផ្នែកគ្រប់គ្រងអាជីវកម្មចំនួនពីររូប។

អ្នកស្រី សុភាព ស្ថាបនិក និងនាយិកាគ្រប់គ្រង Akphiwatt Rental Solutions បានមានប្រសាសន៍ថា៖ «ម្ចាស់អាជីវកម្មផ្តល់អាទិភាពដល់ប្រាក់ចំណេញជាធំ។ មួយរយៈក្រោយមកនេះ ម្ចាស់អាជីវកម្មមិនសូវចាប់អារម្មណ៍នឹងវិន័យនៃផែនការអាជីវកម្ម ឬ ការធ្វើផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវនោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងលំហូរសាច់ប្រាក់ដែលជាផ្នែកមួយដ៏សំខាន់នៃអាជីវកម្ម។ អ្វីដែលខ្ញុំបានរៀននៅថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ហើយលើសពីការសិក្សាស្រាវជ្រាវរបស់ខ្ញុំទៅទៀត»។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ បានលើកឡើងថា៖ «សហគ្រិនខ្មែរ ជាវេទិកាថ្នាលជាតិមួយដែលគាំទ្រដល់ការពង្រីក និងលូតលាស់របស់អាជីវកម្មឱ្យកាន់តែច្រើនទាំង ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីគាំទ្រទាំងអស់ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការតាមដំណាក់កាលនៃអាជីវកម្មដែលអាចចាប់ផ្តើមពីការគិតគូរនៃគំរូអាជីវកម្មរហូតដល់ការទទួលបានវិនិយោគ តាមរយៈកម្មវិធីស្នូល មានដូចជា៖ ការលើកកម្ពស់សហគ្រិនភាព ការបង្កើនសមត្ថភាពសហគ្រិន ការផ្សាភ្ជាប់បណ្តាទំនាក់ទំនងដើម្បីទទួលបានការវិនិយោគ។ កិច្ចសហការជាមួយ ធនាគារ ស្ថាបនា ក្នុងការគាំទ្រកម្មវិធី ខ្ញុំមានចំណេះដឹងហិរញ្ញវុត្ថុ នឹងនាំយកបេសកកម្មរបស់សហគ្រិនខ្មែរឱ្យខិតកាន់តែជិតភាពជោគជ័យ តាមរយៈការបំពេញបន្ថែមលើចំនេះដឹងហិរញ្ញវត្ថុដល់សហគ្រិន ក្នុងន័យជ្រោមជ្រែងដល់សហគ្រិនកម្ពុជាសម្រាប់ដំណាក់កាលបន្ទាប់នៃអាជីវកម្មរបស់ពួកគេរួមមាន ការពង្រីកអាជីវកម្ម និងឧកាសទទួលបានការវិនិយោគ»។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ធនាគារ ស្ថាបនា គាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីបណ្តុះបណ្តាល 'ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ' ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ក៏ដូចជាការបង្កើតឱកាសបណ្តាញទំនាក់ទំនង និងចំណេះដឹងផ្នែកហិរញ្ញវត្ថុយ៉ាងស៊ីជម្រៅដល់ម្ចាស់អាជីវកម្ម។ យើងជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់សហគ្រិនស្ត្រីក្នុងការកែលម្អអាជីវកម្មរបស់ពួកគេឱ្យកាន់តែមានការរីកចម្រើន និងមាននិរន្តរភាព ជាមួយនឹងចំណេះជំនាញហិរញ្ញវត្ថុកាន់តែប្រសើរឡើងជាងមុន»។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុអនុញ្ញាតឱ្យម្ចាស់អាជីវកម្មធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់លើការវិនិយោគ គ្រប់គ្រងធនធានបានកាន់តែប្រសើរជាងមុន និងសម្រេចបាននូវគោលដៅអាជីវកម្មរបស់ពួកគាត់។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានមោទនភាពយ៉ាងខ្លាំងដោយបានសហការជាមួយដៃគូយុទ្ធសាស្រ្តរបស់យើងគឺ ធនាគារ ស្ថាបនា ក្នុងការរៀបចំកម្មវិធីនេះ។ យើងជឿជាក់ថាគំនិតផ្តួចផ្តើមនេះនឹងផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុដ៏ល្អមួយ ដើម្បីជួយអភិវឌ្ឍសហគ្រិនស្ត្រីរបស់យើង ហើយគោលដៅនេះផងដែរ គឺដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងបេសកកម្មរបស់យើងក្នុងការជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា»។

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា៖ «CGCC គាំទ្រដល់សហគ្រិនស្រ្តីឱ្យទទួលបានចំណេះដឹងហិរញ្ញវត្ថុ ដើម្បីសម្រេចឱ្យបាននូវបរិយាបន្នហិរញ្ញវត្ថុ ដែលជាចក្ខុវិស័យរបស់យើង។ យើងជឿជាក់ថា កម្មវិធីបណ្តុះបណ្តាលនេះអាចគាំទ្រដល់សហគ្រិនស្រ្តីនៅគ្រប់កម្រិត ឱ្យមានចំណេះដឹងហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ពួកគេ។ កិច្ចខិតខំប្រឹងប្រែងរបស់ CGCC និងធនាគារស្ថាបនា ដែលជាដៃគូដ៏សកម្មមួយរបស់យើងក្នុងការផ្តល់កម្ចីដែលមានការធានា ដល់សហគ្រិនស្រ្តី រួមជាមួយដៃគូឧបត្ថម្ភ២ស្ថាប័នទៀត នឹងកាន់តែផ្តល់ឱកាស និងការគាំទ្របន្ថែមដល់ការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យមដែលគ្រប់គ្រងដោយស្រ្តី។»

កម្មវិធីនេះមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ឱកាសឱ្យស្ត្រីក្នុងវិស័យអាជីវកម្ម (WIB) និងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម (SMEs & MSMEs)  បង្កើតបណ្តាញទំនាក់ទំនងសម្រាប់ការសហការនាពេលអនាគតផងដែរ។ ជាឧទាហរណ៍ ម្ចាស់សហគ្រាសធុនតូច និងមធ្យមម្នាក់ ដែលបើកហាងលក់នំខេក បានភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់ហាងកាហ្វេម្នាក់ទៀតតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលមួយនេះ។

អ្នកស្រី ហ្គិច ហួង ម្ចាស់ហាងអេឡិចត្រូនិក ហ្វីឡុង និងជាអតិថិជនរបស់ ធនាគារ ស្ថាបនា បានលើកឡើងថា៖ «ប្រសិនបើយើងមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមូលដ្ឋាននោះទេ យើងនឹងគ្រប់គ្រងអាជីវកម្មរបស់យើងដោយគ្មានទិសដៅច្បាស់លាស់។ ខ្ញុំមានឱកាសបង្កើតទំនាក់ទំនងដ៏ល្អជាមួយម្ចាស់អាជីវកម្មដ៏ទៃទៀតជាច្រើនតាមរយៈវគ្គបណ្ដុះបណ្ដាលនេះ។»

កម្មវិធីបណ្តុះបណ្តាលនេះចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ ខែមករា ឆ្នាំ២០២៣។ ម្ចាស់អាជីវកម្មទាំងអស់អាចធ្វើការចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ

អំពី ធនាគារ ស្ថាបនា  

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។