ធនាគារ ស្ថាបនា នាំមកជូននូវ ប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល ជាមួយនឹងអគារការិយាល័យរចនាបថដ៏ទាន់សម័យនៅផ្សារធំថ្មី ចំកណ្តាលរាជធានីភ្នំពេញ

ធនាគារ ស្ថាបនា នាំមកជូននូវ ប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល ជាមួយនឹងអគារការិយាល័យរចនាបថដ៏ទាន់សម័យនៅផ្សារធំថ្មី

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកម្ពុជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើក សម្ពោធសាខាថ្មីបំផុតរបស់ខ្លួននៅផ្សារធំថ្មីជាមួយនឹងរូបរាងថ្មី និងផ្តល់ជូននូវបទពិសោធន៍សេវាធនាគារដ៏ល្អឥតខ្ចោះជូនអតិថិជន។ 

ជាមួយនឹងសាខាជាង 170 នៅទូទាំងប្រទេសកម្ពុជា ធនាគារ ស្ថាបនា បានខិតខំប្រឹងប្រែងបម្រើប្រជាជនកម្ពុជាដើម្បីផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល។ សាខាដ៏ថ្មីសាឡាងមួយនេះ នឹងធ្វើការផ្តល់ជូនអតិថិជន ក៏ដូចជាដៃគូអាជីវកម្ម ជាមួយផលិតផលធនាគារយ៉ាងពេញលេញដូចជា គណនីសន្សំឆ្លាតវៃ ឥណទានគេហដ្ឋាន ឆ្លាតវៃ ប័ណ្ណឥណទាន ស្ថាបនា នារី ការផ្ទេរប្រាក់អន្តរជាតិ អេធីអឹម 24/7 និងសេវាកម្មផ្សេងៗជាច្រើនទៀត។

ដើម្បីអបអរសាទរនូវការដំណើរការជាផ្លូវការ ធនាគារ ស្ថាបនា បានធ្វើកម្មពិធីកាត់ខ្សែបូនៅសាខាថ្មីរបស់ខ្លួន។ ពិធីបើកសម្ពោធនេះប្រារព្វឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា និងលោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា។ 

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ "យើងមានក្តីរំភើបយ៉ាងក្រៃលែងដែលធនាគារ ស្ថាបនា កាន់តែនៅជិតអតិថិជនរបស់យើងនៅក្នុងតំបន់ផ្សារធំថ្មី ស្របពេលដែលយើងកំពុងពង្រីកវត្តមានរបស់យើងនៅក្នុងរាជធានីភ្នំពេញផងដែរ”។

លោកបានបន្ថែមថា៖ “នៅធនាគារ ស្ថាបនា យើងជឿជាក់យ៉ាងមុតមាំក្នុងការផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល ដល់អតិថិជនរបស់យើង។ តាមរយៈសាខាថ្មីបំផុតរបស់យើង រួមផ្សំជាមួយនឹងផលិតផល និងសេវាកម្មធនាគារប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍អតិថិជនកាន់តែប្រសើរឡើង នឹងធ្វើការទំនាក់ទំនងរបស់យើងជាមួយនឹងអតិថិជនកាន់តែល្អប្រសើរជាងមុនថែមមួយកម្រិតទៀត”។

លោកបានបន្តទៀតថា៖ “នាពេលបន្ចុប្បន្ននេះយើងមានបុគ្គលិកសរុបប្រមាណជាង៤០០០នាក់។ នៅក្នុងផែនការផ្លាស់ប្តូររយៈពេល 3 ឆ្នាំរបស់យើង ធនាគារ ស្ថាបនានឹងបន្តជ្រើសរើសបុគ្គលិកបន្ថែមទៀត និងធ្វើការវិនិយោគសំខាន់ៗ ដើម្បី រួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយរួមចំណែក្នុងការបង្កើតការងារ និង ជំរុញកំណើននៃសហគ្រាសធុនតូច និងមធ្យម ផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ស្ត្រីក្នុងវិស័យអាជីវកម្ម (WIB ) និងការផ្តល់ជូន ប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលដើម្បីជួយអតិថិជនមានផ្ទះសមរម្យ ចាប់ផ្តើមអាជីវកម្ម សន្សំប្រាក់បានកាន់តែប្រសើរ និងឆ្លាតវៃ ជាមួយនឹងសេវាផ្សេងៗទៀត។” 

សូមបញ្ជាក់ផងដែរថា សាខាផ្សារធំថ្មីមានទីតាំងជាប់នឹងផ្សារធំថ្មី (ដែលជាទីតាំងប្រវត្តិសាស្រ្តនៃរាជធានីភ្នំពេញ) សាខាដ៏ថ្មីស្រឡាងមួយនេះ មានរាងកោង អមជាមួយនឹងបង្អួចកញ្ចក់ពីរជាន់ស៊ុមព័ន្ធយ៉ាងរឹងមាំ និងការរចនាដ៏ស្រស់ស្អាតអមជាមួយនឹងពណ៌ខៀវព័ន្ធជុំវិញអគារ ដែលជាពណ៌តំណាងឱ្យធនាគារ ស្ថាបនា។ ចំណែកឯការតុបតែងខាងក្នុងវិញ មានរូបរាងគួរឱ្យទាក់ទាញ រចនាបថទៅតាមស្តង់ដារ ជាពិសេសអនុញ្ញាតឱ្យក្រុមការងារទទួលស្វាគមន៍អតិថិជនបានយ៉ាងកក់ក្ដៅ។ អគារដ៏ថ្មីស្រឡាងមួយនេះ បំពាក់ទៅដោយគ្រឿងបរិក្ខាដ៏ស្រស់ស្អាត ជាមួយនឹងបង្អួចកញ្ចក់ពីរជាន់ជាប់ពិដាន ដែលទទួលបានពន្លឺធម្មជាតិជះមកផ្នែកខាងក្នុងអគារ។ លើសពីនេះទៅទៀត ជាន់ទីមួយខាងក្នុងអគារបំពាក់ដោយជណ្ដើររាងវង់ និងបន្ទប់ដ៏ទំនើបសម្រាប់ស្រ្តីក្នុងវិស័យអាជីវកម្ម (Women In Business Corner) ដើម្បីបម្រើជូនសេវាដ៏ល្អឥតខ្ចោះជូនអតិថិជន។

លោក រ៉ាយអេន កុង នាយកប្រតិបតិ្ត សេវាហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “ទីតាំងថ្មី របស់សាខាផ្សារធំថ្មីរបស់យើង កាន់តែនៅជិតលោកអ្នក និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏សម្បូរបែប និងប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល។ ការជ្រើសរើសទីតាំងដែលនៅជិតអតិថិជនគឺជាការយកចិត្តទុកដាក់ដ៏ចម្បងបំផុតរបស់ធនាគារ ស្ថាបនា។ យើងមិនត្រឹមតែមានបំណងឱ្យអគារសាខារបស់យើងមើលទៅទំនើប និងទាន់សម័យតែមួយមុខនោះទេ ប៉ុន្តែធ្វើយ៉ាងណាឱ្យអតិថិជនរបស់យើងមានភាពកក់ក្តៅប្រើប្រាស់សេវាធនាគាររបស់យើង និង ផ្តល់ភាពងាយស្រួលជូនពួកគាត់ផងដែរ។ យើងនឹងបន្តផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញជូនអតិថិជន និងអាជីវករ ជាមួយនឹងអគារការិយាល័យថ្មីរចនាបថបែបទាន់សម័យ តាមរយៈសាខាផ្សារធំថ្មីនេះតែម្តង”។

លោកបានបន្ថែមទៀតថា៖ “សាខាផ្សារធំថ្មីរបស់ធនាគារ ស្ថាបនា គឺជាសាខាដំបូងគេក្នុងរាជធានីភ្នំពេញ ជាមួយនឹងរចនាបថដ៏ទំនើប។ យើងកំពុងពង្រីកទីតាំងរបស់យើង ដោយបន្ថែមសាខាថ្មីចំនួន 13  នៅក្នុងតំបន់សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងសាខាដែលមានស្រាប់ចំនួន 7 ដែលកំពុងធ្វើការរចនារូបរាងថ្មី ដើម្បីបង្កើនបទពិសោធន៍ផ្នែកសេវាហិរញ្ញវត្ថុបុគ្គលឱ្យកាន់តែរីកចម្រើន។ អតិថិជនអាចមកទទួលយកសេវាធនាគារនៅតាមបណ្តាសាខា នៅទីតាំងថ្មីដែលនៅជិតលោកអ្នកបំផុតដូចជា៖ ផ្សារទំនើបអ៉ីអនម៉លមានជ័យ ផ្សារទួលទំពូង ស្តាតចាស់ ផ្សារឈូកមាស ស្ទឹងមានជ័យ ប្រាសាទបាគង ព្រះសីហនុ និងទីតាំងផ្សេងៗទៀត។

ទន្ទឹមនឹងការសម្ពោធសាខាថ្មីនេះ ធនាគារ ស្ថាបនា ក៏បានដាក់បង្ហាញជាផ្លូវការនូវឯកសណ្ឋានថ្មីសម្រាប់បុគ្គលិកផងដែរ។ ការរចនាថ្មីនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដ៏ធំមួយ ដើម្បីផ្តល់ភាពងាយស្រួលជូនបុគ្គលិក។ សម្រាប់បុគ្គលិកនារី ត្រូវស្លៀកពាក់ឯកសណ្ឋានអាវធំពណ៌ខៀវលាយជាមួយអាវស (តាមសំលៀកបំពាក់ប្រពៃណីខ្មែរ)។ បុគ្គលិកនារីមានភាពបត់បែនក្នុងការស្លៀកសំពត់ពណ៌ខៀវ ឬខោវែង ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ។ សម្រាប់បុគ្គលិកបុរសវិញ ត្រូវពាក់ឯកសណ្ឋានអាវធំពណ៌ខៀវជាមួយអាវស និងក្រវ៉ាត់ក។