អតិថិជនជាទីគោរព!
បច្ចុប្បន្ននេះ យើងខ្ញុំបានកំណត់អត្តសញ្ញាណនៃក្រុម Telegram ជាច្រើន ដែលស្ថិតក្រោមឈ្មោះ “KHAMER BITCOIN” ដែលបានលើកឡើងថា ធនាគារ ស្ថាបនា ជាសមាជិករបស់ពួកគេដែលអាចធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ពីការជួញដូររូបិយប័ណ្ណគ្រីបតូ (Crypto Currencies) នៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថានេះ គឺជាព័ត៌មានមិនពិតនោះទេ ហើយធនាគារ ស្ថាបនា មិនមានទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោលណាមួយជាមួយក្រុម “KHAMER BITCOIN” ទាំងនោះឡើយ។ បន្ថែមពីលើនេះទៀត យើងខ្ញុំមិនគាំទ្រដល់សកម្មភាពជួញដូរខុសច្បាប់ ដែលត្រូវបានហាមឃាត់ក្រោមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានោះឡើយ។
យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ នៃកម្ពុជា លេខ ធ៧ ០១៧ ១០៥៨ ស.ជ.ណ ចុះថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៧ ស្ដីពី “ការទប់ស្កាត់ការប្រើប្រាស់ ចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយរូបិយប័ណ្ណគ្រីបតូ និងទំនិញអេឡិកត្រូនិកស្រដៀងគ្នា ដែលមិនមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា” យើងខ្ញុំសូមណែនាំអតិថិជនឲ្យយល់ដឹងពីសកម្មភាពទាំងនេះ ព្រោះថាការជួញដូរ គ្រីបតូ នៅក្នុងប្រទេសកម្ពុជាគឺជារឿងខុសច្បាប់។
ជាថ្មីម្ដងទៀត ដើម្បីការពារផលប្រយោជន៍អតិថិជន ធនាគារ ស្ថាបនា សូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវចំណុចសំខាន់ៗខាងក្រោម៖
- ធនាគារ ស្ថាបនា មិនមានទំនាក់ទំនង ឬចូលរួមមូលនិធិជាមួយ KHAMER BITCOIN ឡើយ
- រាល់ប្រតិបត្តិការទាំងអស់ និងការផ្ទេរប្រាក់ទៅ/មក ពី KHAMER BITCOIN តាមរយៈគណនីរបស់ធនាគារស្ថាបនា និងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងធ្វើការបង្កក
- ធនាគារ ស្ថាបនា មិនទទួលខុសត្រូវលើការបាត់បង់ ដែលកើតចេញពីប្រតិបត្តិការពាក់ព័ន្ធនឹងរូបិយប័ណ្ណគ្រីបតូនោះឡើយ
- ប្រសិនបើលោកអ្នកត្រូវបានគេហៅឲ្យចូលរួម ឬបានចូលក្រុមទាំងនោះដោយចៃដន្យ សូមមេត្តាចាកចេញ (leave) ពីក្រុមនោះឲ្យបានឆាប់តាមដែលអាចធ្វើបាន។
លោកអ្នកអាចធ្វើការរាយការណ៍រាល់សកម្មភាពសង្ស័យទាំងឡាយណាដែលពាក់ព័ន្ធនឹង KHAMER BITCOIN មកកាន់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ +៨៥៥ (០) ២៣/៨១ ៩៩៩ ០១០។