ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយ អ៊ី-ម៉ាន់នី ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួលនិងសុវត្ថិភាពក្នុងការផ្ទេរប្រាក់រវាងគណនីធនាគារ ស្ថាបនា និងអ៊ី-ម៉ាន់នី Wallet តាមរយៈការប្រើប្រាស់ Sathapana Mobile និង eMoney App។
ភាពជាដៃគូនេះ ក៏បានអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ ស្ថាបនា ដាក់ប្រាក់ចូលគណនី បន្ថែមពីលើការបង់ប្រាក់កម្ចី នៅតាមភា្នក់ងារអ៊ី-ម៉ាន់នីជាង ៨.០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយ អ៊ី-ម៉ាន់នី គឺជាសក្ខីកម្ម សម្រាប់បង្ហាញនូវគោលបំណងដែលចង់ក្លាយជាធនាគារឈានមុខគេនៅប្រទេសកម្ពុជា ដែលផ្តល់នូវបទពិសោធន៍ធនាគារឌីជីថលស្របពេលដែលកំពុងផ្តល់នូវបទពិសោធន៍អតិថិជនដ៏ល្អបំផុត។’’
លោក លឹម អូន ក៏បានសង្កត់ធ្ងន់ថា ធនាគារ ស្ថាបនា កំពុងធ្វើការផ្លាស់ប្តូរប្រតិបត្តិការជាច្រើនបន្ថែមទៀតឲ្យទៅជាដំណើរការឌីជីថល ដើម្បីបំពេញការសន្យារបស់យើងជូនអតិថិជន ដែលប៉ងក្លាយជាធនាគារដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពបំផុត នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។ លោកក៏បានបន្ថែមទៀតថាកិច្ចសហការជាមួយ អ៊ី-ម៉ាន់នី នឹងធើ្វឲ្យប្រតិបត្តិការមិនប្រើប្រាស់ក្រដាសប្រាក់ (Cashless) កាន់តែមានភាពងាយស្រួលមួយកម្រិតទៀត។
លោក Pham Doan Cuong ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ី-ម៉ាន់នី បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិភាពជាដៃគូនេះ នឹងផ្តល់ភាពងាយស្រួលជូនទាំងអតិថិជនរបស់អ៊ី-ម៉ាន់នី និងធនាគារ ស្ថាបនា។ ភ្នាក់ងារអ៊ី-ម៉ាន់នី នឹងក្លាយជាបញ្ជរធនាគារ ដោយហេតុថាអតិថិជនរបស់ ធនាគារ ស្ថាបនា អាចធ្វើការដាក់ប្រាក់ចូលទៅក្នុងគណនី តាមរយៈភា្នក់ងារអ៊ី-ម៉ាន់នីជាង៨.០០០កន្លែង នៅទូទាំងប្រទេស។”
ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ពី Sathapana Mobile ទៅ eMoney App និងពី eMoney App មក Sathapana Mobile ដោយឥតគិតថ្លៃសេវា។ លើសពីនេះ អតិថិជនរបស់ធនាគារ ស្ថាបនា ដែលធ្វើការបង់ប្រាក់កម្ចីនៅភ្នាក់ងារអ៊ី-ម៉ាន់នីនឹងទទួលបានការបញ្ចុះតម្លៃ 50% លើថ្លៃសេវា។ ប្រូម៉ូសិននេះធ្វើការផ្តល់ជូនចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារយើងខ្ញុំជាធនាគារដែលមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងខ្ញុំផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន, សេវាបញ្ញើ, iBanking, ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ, ប័ណ្ណឥណពន្ធនិងឥណទាន, សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស, Western Union, ហិរញ្ញវត្ថុពាណិជ្ជកម្ម, និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង, ផាយផេ, ទ្រូម៉ាន់នី, លីហួរវេលុយ, និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។
អំពីអ៊ី-ម៉ាន់នី
អ៊ី-ម៉ាន់នី ជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ និងបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមិត្តហ្វូន ដែលមានភាគហ៊ុនធំបំផុត ៩៩%។ E-MONEY PAYMENT SOLUTIONS PLC. គឺជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមរយៈទូរស័ព្ទឈានមុខគេ ក្នុងនោះរួមមានសេវាកម្មដូចជា វេរប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ និងផ្សេងៗទៀតជាច្រើន។ អតិថិជនអាចប្រើប្រាស់សេវាកម្មទាំងនោះបាន តាមរយៈ eMoney App ឬបណ្តាញភា្នក់ងាររបស់អ៊ី-ម៉ាន់នីជាង ៨.០០០កន្លែង នៅទូទាំងប្រទេស។