ធនាគារ ស្ថាបនា ប្រកាស​កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជា​ដៃ​គូ​ជា​មួយ អ៊ី-ម៉ាន់នី ដោយ​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​ផ្ទេរ​ប្រាក់ ដាក់ប្រាក់ និង​បង់​ប្រាក់​កម្ចី

ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ភាព​ជា​ដៃ​គូ​ជា​មួយ អ៊ី-ម៉ាន់នី ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​ងាយ​ស្រួល​និង​សុវត្ថិភាព​ក្នុង​ការ​ផ្ទេរ​ប្រាក់​រវាង​គណនី​ធនាគារ ស្ថាបនា និង​អ៊ី-ម៉ាន់នី Wallet តាម​រយៈ​ការ​ប្រើ​ប្រាស់ Sathapana Mobile និង eMoney App។
ភាព​ជា​ដៃ​គូ​នេះ ក៏​បាន​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ធនាគារ ស្ថាបនា ដាក់​ប្រាក់​ចូល​គណនី បន្ថែម​ពី​លើ​ការ​បង់​ប្រាក់​កម្ចី នៅ​តាម​ភា្នក់​ងារ​អ៊ី-ម៉ាន់នី​ជាង ៨.០០០​កន្លែង នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា។
លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍ថា៖ “កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជា​ដៃ​គូ ជាមួយ អ៊ី-ម៉ាន់នី គឺ​ជា​សក្ខី​កម្ម សម្រាប់​បង្ហាញ​នូវ​គោល​បំណង​ដែល​ចង់​ក្លាយ​ជា​ធនាគារ​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​ធនាគារ​ឌីជីថល​ស្រប​ពេល​ដែល​កំពុង​ផ្តល់​នូវ​បទ​ពិសោធន៍​អតិថិជន​ដ៏​ល្អ​បំផុត។’’
លោក លឹម អូន ក៏​បាន​សង្កត់​ធ្ងន់​ថា ធនាគារ ស្ថាបនា កំពុង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​ជា​ច្រើន​បន្ថែម​ទៀត​ឲ្យ​ទៅ​ជា​ដំណើរ​ការ​ឌីជីថល ដើម្បី​បំពេញ​ការ​សន្យា​របស់​យើង​ជូន​អតិថិជន ដែល​ប៉ង​ក្លាយ​ជា​ធនាគារ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​បំផុត នៅ​គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​កិច្ច​សហការ​ជា​មួយ អ៊ី-ម៉ាន់នី នឹង​ធើ្វ​ឲ្យ​ប្រតិបត្តិការ​មិន​ប្រើ​ប្រាស់​ក្រដាស​ប្រាក់ (Cashless) កាន់​តែ​មាន​ភាព​ងាយ​ស្រួល​មួយ​កម្រិត​ទៀត។
លោក Pham Doan Cuong ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុនអ៊ី-ម៉ាន់នី បាន​មាន​ប្រសាសន៍​ថា “កិច្ច​សហ​ប្រតិបត្តិភាព​ជា​ដៃ​គូ​នេះ នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ទាំង​អតិថិជន​របស់​អ៊ី-ម៉ាន់នី និង​ធនាគារ ស្ថាបនា។ ភ្នាក់​ងារ​អ៊ី-ម៉ាន់នី នឹង​ក្លាយ​ជា​បញ្ជរ​ធនាគារ ដោយ​ហេតុថា​អតិថិជន​របស់ ធនាគារ ស្ថាបនា អាច​ធ្វើ​ការ​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​គណនី តាម​រយៈ​ភា្នក់​ងារ​អ៊ី-ម៉ាន់នី​ជាង​៨.០០០កន្លែង នៅ​ទូ​ទាំង​ប្រទេស។”
ដើម្បី​អបអរសាទរ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃ​គូ​នេះ អតិថិជន​អាច​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ពី Sathapana Mobile ទៅ eMoney App និងពី eMoney App មក Sathapana Mobile ដោយ​ឥត​គិត​ថ្លៃសេវា។ លើស​ពី​នេះ អតិថិជន​របស់​ធនាគារ ស្ថាបនា ដែល​ធ្វើ​ការ​បង់​ប្រាក់​កម្ចី​នៅ​ភ្នាក់​ងារ​អ៊ី-ម៉ាន់នី​នឹង​ទទួល​បាន​ការ​បញ្ចុះតម្លៃ 50% លើថ្លៃសេវា។ ប្រូម៉ូសិន​នេះ​ធ្វើ​ការ​ផ្តល់​ជូន​ចាប់​ពី​ថ្ងៃ​ទី១២ ខែឧសភា ដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារយើងខ្ញុំជាធនាគារដែលមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង  និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងខ្ញុំផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន, សេវាបញ្ញើ, iBanking, ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ, ប័ណ្ណឥណពន្ធនិងឥណទាន, សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស, Western Union, ហិរញ្ញវត្ថុពាណិជ្ជកម្ម, និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង, ផាយផេ, ទ្រូម៉ាន់នី, លីហួរវេលុយ, និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។

អំពីអ៊ី-ម៉ាន់នី
អ៊ី-ម៉ាន់នី ជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ និងបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមិត្តហ្វូន ដែលមានភាគហ៊ុនធំបំផុត ៩៩%។ E-MONEY PAYMENT SOLUTIONS PLC. គឺជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមរយៈទូរស័ព្ទឈានមុខគេ ក្នុងនោះរួមមានសេវាកម្មដូចជា វេរប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ និងផ្សេងៗទៀតជាច្រើន។ អតិថិជនអាចប្រើប្រាស់សេវាកម្មទាំងនោះបាន តាមរយៈ eMoney App ឬបណ្តាញភា្នក់ងាររបស់អ៊ី-ម៉ាន់នីជាង ៨.០០០កន្លែង នៅទូទាំងប្រទេស។

Makes Your Life Better