រាជធានីភ្នំពេញ, ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា បានប្រកាសដំណើរការជាផ្លូវការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ពន្ធលើអចលនទ្រព្យតាមបណ្តាបញ្ជរសាខា ធនាគារ ស្ថាបនា និង Sathapana Mobile យ៉ាងងាយស្រួល និងឆាប់រហ័សបំផុត។
កិច្ចសហការនេះបានអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់បង់ពន្ធតាមរយៈធនាគារ ស្ថាបនា នៅតាមបញ្ជរគ្រប់បណ្តាសាខា និង Sathapana Mobile បានដោយសុវត្ថិភាព និងរហ័សបំផុត។ សេវាបង់ពន្ធនេះរួមមាន៖ ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះ, ពន្ធសហគ្រាស (ពន្ធប្រចាំខែ និងពន្ធប្រចាំឆ្នាំ), និងពន្ធអចលនទ្រព្យ ដែលអតិថិជនអាចទូទាត់នៅតាមបណ្ដាសាខា ធនាគារ ស្ថាបនា ទៅក្នុងគណនីសាខាពន្ធដារខណ្ឌក្នុងរាជធានីភ្នំពេញ និងរាជធានីខេត្តទាំង២៤ ដែលមាននៅ ធនាគារ ស្ថាបនា។
ដោយឡែក អតិថិជននឹងទទួលបានភាពងាយស្រួលក្នុងការទូទាត់ប្រាក់ពន្ធប្រចាំខែ និងប្រចាំឆ្នាំ ដោយគ្រាន់តែបង់ប្រាក់ទៅកាន់លេខគណនីណាមួយរបស់ពន្ធប្រចាំខែ ឫប្រចាំឆ្នាំ តាមរយៈកម្មវិធីទូរស័ព្ទរបស់ពន្ធដារ និងធ្វើការទូទាត់ប្រាក់ពន្ធ តាមរយៈ Sathapana Mobile ។ ធនាគារ នឹងនៅតែយកចិត្តទុកដាក់ និងបន្តអភិវឌ្ឍន៍បច្ចេកវិទ្យាធនាគារឌីជីថលរបស់ខ្លួនឱ្យឈានមុខគេ និងប្រកបដោយភាពច្នៃប្រឌិតជូនអតិថិជន ដើម្បីទទួលបាននូវបទពិសោធន៍ដ៏ទំនើបសម្បូរបែបបំផុត។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមាន ទ្រព្យសកម្ម សរុបលើស២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។