ឥណទាននៅកម្ពុជា

ធនាគារ ស្ថាបនា ភីអិលស៊ី កំពុងបោះជំហាន​ក្លាយជា​ស្ថាប័ន​ប្រកបដោយ​ទំនុកចិត្តខ្ពស់ និងជា​​ធនាគារពាណិជ្ជ​ដែលមាន​កម្ចីឥណទានខ្នាតតូច និងមធ្យមឈាន​មុខគេ​​ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា ដែលនេះ​ជាផ្នែកមួយ​កំពុង​ចូលរួម​ចំណែកយ៉ាងសកម្មក្នុងការ​ជួយលើក​កម្ពស់​ជីវភាព​រស់នៅរបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច​របស់ប្រទេស​កម្ពុជា​តាមរយៈ​ការផ្តល់សេវាកម្ម​ធនាគារ​ពេញលេញ​នៅទូទាំងប្រទេស ដោយពឹងផ្អែកលើ​មូល​ដ្ឋាន​​គ្រឹះហិរញវត្ថុដ៏រឹងមាំ រួមជាមួយ​អភិបាល​កិច្ចល្អ ការគោរពច្បាប់ការងារ និងតម្លាភាព។​ ក្នុងឆ្នាំ២០១៦ ស្ថាបនា មានបណ្តាញ​សាខា​​​ចំនួន​​១៦១ ម៉ាស៊ីន​អេធីអឹម​​​ចំនួន៧២ និងមានបុគ្គលិក​​បម្រើការងារ​​ចំនួន​ជាង ៤០០០នាក់ ដែលកំពុង​ប្រតិបត្តិការ​នៅទូទាំង​រាជធានី​ខេត្ត ក្នុងប្រទេស​កម្ពុជា។ ដើម្បីឆ្លើយ​តបទៅនឹង​កំណើន​អតិថិជន​យ៉ាងឆាប់រហ័ស​ ធនាគារ ស្ថាបនា ភីអិលស៊ី មាន​គម្រោង​បើកសាខា និងដាក់ឱ្យដំណើរការ​នូវម៉ាស៊ីន ATM​​ ជាច្រើន​បន្ថែមទៀត ដើម្បីរំកិលសេវាកម្ម​ធនាគារ​ឲ្យកាន់តែខិតជិតអតិថិជន​របស់ខ្លួន។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្ថាបនា មានទ្រព្យ​សរុប​ចំនួន​៩២៨ លានដុល្លារអាមេរិក ដែលក្នុងនោះ​ទឹកប្រាក់បញ្ញើ​សរុបមានចំនួន៥៤៤លានដុល្លារអាមេរិក និងផលបត្រ​ឥណទាន​សរុ​ប​មានចំនួន​ ៦១១លាន​ដុល្លារ​អាមេរិក។

ធនាគារ ស្ថាបនា ភីអិលស៊ី មានអ្នកជំនាញប្រកប​ដោយ​វិជ្ជាជីវៈក្នុងការ​​វាយតម្លៃ​ពីសក្តានុពល និងហានិភ័យ​ឥណទាន​​សម្រាប់អ្នក​ប្រើប្រាស់​ ដើម្បី​ជួយពួក​គាត់​​ក្នុងការប្រើប្រាស់​​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ ​ពោលគឺ​ដើម្បីឱ្យស្របតាម​​បាវ​ចនា​​របស់​ធនាគារ​​​ដែលលើកឡើងថា “ស្ថាបនា ជាប្រជា​ធនាគារធ្វើអោយ​ជីវិតប្រសើរ​ឡើង”។ ជាលទ្ធផល ស្ថាបនា បានទទួលការ​គាំទ្រយ៉ាង​ច្រើនលើស​លុប​​ពីសំណាក់​អតិថិជន ដៃគូរ​របស់ខ្លួន និងពីសំណាក់​រាជរដ្ឋាភិបាលកម្ពុជា។​​

អាស្រ័យដោយ​ការទទួល​បានកំណើនឡើងយ៉ាង​ឆាប់រហ័ស​នៃផលបត្រឥណទាន ទឹកប្រាក់បញ្ញើ និង​តម្រូវការ​ផលិតផល​ផ្សេងៗរបស់ធនាគារ បន្ទាប់ពីបាន​កំលាយខ្លួន​ទៅជាធនាគារ​ពាណិជ្ជ នាខែមេសា ឆ្នាំ២០១៦ ធនាគារ ស្ថាបនា ភីអិលស៊ី ជឿជាក់យ៉ាងមុតមាំ​ក្នុងការសម្រេចបាន​នូវចក្ខុវិស័យ​របស់ខ្លួនក្នុង​ការ​​ក្លាយជា​ធនាគារ​ពាណិជ្ជដែលមាន​កម្ចីឥណទាន​ខ្នាតតូច និងមធ្យមឈាន​មុខគេ​​​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលចូល​រួមចំណែក​ក្នុងការ​ជួយលើកស្ទួយ​ជីវភាពរស់នៅ​របស់ប្រជាជន និងការអភិវឌ្ឍន៍​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុង​ពេលអនាគត។