កាលពីថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅអគារមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញមានការប្រារព្ធពិព័រណ៍ការងារថ្នាក់ជាតិប្រចាំឆ្នាំ ដែលមានអ្នកចូលរួមនិងយុវជនកំពុងស្វែងរកការងារធ្វើប្រមាណ២៥,០០០នាក់។ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកសម្ភោធពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ។ លោកបានមានប្រសាសន៍ថា “ពិព័រណ៍ការងារ គឺជាវេទិកាមួយសម្រាប់ផ្តល់ឱកាសការងារដល់សិស្សនិស្សិត និងអ្នកកំពុងស្វែងរកការងារផ្សេងទៀតបានជួបជាមួយនិយោជក និងក្រុមហ៊ុននានាដែលកំពុងមានតម្រូវការនៃការជ្រើសរើសបុគ្គលិកថ្មីៗ។”
ពិព័រណ៍ការងារនេះ ត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរនិងការងាររបស់កម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ពិព័រណ៍ការងារនេះបានទាក់ទាញ ក្រុមហ៊ុននិងស្ថាប័នប្រមាណ១១០ និងមានស្តង់ពិព័រណ៍ការងារសរុបចំនួន១៦៣។ ក្នុងនោះក៍មានស្តង់ពិព័រណ៍ការងាររបស់ធនាគារ ស្ថាបនា ភីអិលស៊ី ផងដែរ ដែលបុគ្គលិក របស់យើងបានជួបនិងពន្យល់ណែនាំពីអាជីព និងជំនាញបច្ចេកទេសក្នុងវិស័យធនាគារដល់អ្នកចូលរួមទាំងឡាយ។ ពិព័រណ៍ការងារនេះក៍បានបង្ហាញលក្ខណៈពិសេសដល់សិស្សនិស្សិត និងអ្នកកំពុងស្វែងរកការងារអំពីរបៀបស្វែងរកការងារធ្វើ និងរបៀបទទួលបានព័ត៌មានការងារ។ សិស្សនិស្សិតនិងអ្នកចូលរួមទាំងអស់ក៏អាចទទួលបានទម្រង់ពាក្យសុំការងារ និងទទួលបានការសម្ភាសការងារនៅនឹងកន្លែងស្តង់ពិព័រណ៍ការងារផងដែរ។
យោងតាមទីភ្នាក់ងារជាតិមុខរបរនិងការងារ ពិព័រណ៍ការងារឆ្នាំនេះបានផ្តល់ឱកាសការងារ ប្រហែល១០,០០០កន្លែង ដល់អ្នកកំពុងស្វែងរកការងារធ្វើ។ ដោយឡែក ធនាគារ ស្ថាបនា ភីអិលស៊ី បានទទួលពាក្យសុំការងារធ្វើប្រមាណជាង ១០០០ច្បាប់ និងមានអ្នកដាក់ពាក្យសុំការងារធ្វើជាបន្តបន្ទាប់តាមរយៈគេហទំព័ររបស់យើងជារៀងរាល់ថ្ងៃផងដែរ។