ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន​សាង​សង់ ​អាគារ​ស្តង់​ដារ​ ធនាគារ ​ស្ថាបនា​ ភីអិលស៊ី

នាថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ធនាគារ ស្ថាបនា ភីអិលស៊ី បាន​បើក​សម្ពោធ​ការដ្ឋាន​សាងសង់អាគារស្តង់ដារ សាខា​រតន​មណ្ឌលថ្មី ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាព​របស់ លោក ឧកញ៉ា បណ្ឌិត ប៊ុន មុនី ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា ភីអិលស៊ី និង​លោក សើ សាម៉េត អភិបាលនៃគណៈអភិបាលស្រុករតន​មណ្ឌល ព្រមទាំង​មានការចូលរួម​ពីបុគ្គលិក និងថ្នាក់ដឹកនាំធនាគារ ស្ថាបនា ភីអិលស៊ី ប្រចាំខេត្តបាត់​ដំបង​ជាច្រើនរូបទៀត។

អាគារស្តង់ការថ្មីនេះ នឹងសាងសង់តាមបទដ្ឋានស្តង់ដារសុវត្ថិភាព ដែលមានទំហំ៣ល្វែង កំពស់​៣ជាន់កន្លះ លើផ្ទៃដី ២០ម x ៤០ម ក្នុងគោលបំណងដើម្បីបំពេញ និងបំរើសេវាកម្មជូន​អតិថិជន​ឱ្យបានល្អ​ប្រសើរ ស្របពេលដែលសេដ្ឋកិច្ចជាតិកំពុងមានការរីកចំរើន និង​ស្របទៅតាម​ទស្សនវិស័យ​វែងឆ្ងាយ​របស់ធនាគារ ដែលនឹងពង្រីក​វិសាលភាពរបស់ខ្លួនឱ្យ​បាន​ខិតជិត​ ​ទីតាំង​ប្រជាពលរដ្ឋ។

ការបង្កើនសាខា និងតំបន់ប្រតិបត្តិការជាច្រើនបន្តបន្ទាប់គ្នានេះ ក៏ជាផ្នែកមួយឆ្លុះបង្ហាញ​ពីភាពជោគជ័យ​ក្នុងដំណើរប្រតិបត្តិការ​ក្នុងវិស័យធនាគារ របស់ស្ថាបនា និងកំណើនឡើង​នៃ​ជំនឿទុកចិត្តពីមជ្ឈដ្ឋានទូទៅមកលើធនាគារ កាន់តែច្រើនឡើងផងដែរ។​