ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ - ថ្ងៃនេះធនាគារ ស្ថាបនា បានប្រារព្ធកាត់ខ្សែបូដើម្បីសម្ពោធជាផ្លូវការនូវអគារថ្មី សាខាខេត្តរតនគិរី។ នេះក៏ជាការបង្ហាញកេរ្តិ៍ឈ្មោះថ្មីនៃធនាគារ ស្ថាបនា ខណៈបណ្តាញសាខានៅតែបន្តពង្រីកឥតឈប់ឈរនាពេលអនាគត។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានប្រសាសន៍ថា៖ “កន្លងមកយើងខ្ញុំបានរកឃើញនូវសក្តានុពលទីផ្សារខេត្តរតនគិរីដែលមានសកម្មភាពសេដ្ឋកិច្ចល្អមានតំរូវការសេវាហិរញ្ញវត្ថុខ្ពស់ហើយក៏បានបើកការិយាល័យប្រតិបត្តិការនៅទីនេះរហូតដល់០៥សាខាដែលក្នុងនោះគឺមានសាខាមួយនៅទីរួមខេត្តដែលយើងកំពុងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនាពេលនេះ។ ជាមួយនឹងការរៀបចំអគារការិយាល័យថ្មីដែលមានការរចនាការតុបតែង និងការបំពាក់ឧបករណ៍ទំនើបៗទៅតាមស្តង់ដារសាខាធនាគារពេញលេញ ប្រកបដោយភាពងាយស្រួលស្អាតហើយមានសុវត្ថិភាពខ្ពស់ទាំងនេះគឹជាការឆ្លុះបញ្ជាំងនូវការតាំងចិត្តខ្ពស់របស់ធនាគារ ស្ថាបនា ក្នុងការធ្វើទំនើបកម្មធនាគារ ស្ថាបនា ឈានទៅដល់ការឈរជើងកាន់តែរឹងមាំនាំមកនូវសេវាកម្មកាន់តែប្រសើរ និងវឌ្ឍនភាពសម្រាប់អតិថិជនគ្រប់រូប។ យើងខ្ញុំសង្ឃឹមថា លោក/លោកស្រីនឹងផ្តល់ការគាំទ្របន្ថែមដល់ធនាគារ ស្ថាបនា សាខាខេត្តរតនគិរី ហើយគ្រប់បុគ្គលិកនៅទីនេះក៏បានប្តេជ្ញាចិត្តខ្ពស់ដើម្បីបំរើលោកអ្នកឲ្យកាន់តែល្អប្រសើរ”។
ចំណែកលោក ជិន ជីវ័ន ប្រធាននាយកធនាគារ ស្ថាបនា សាខាខេត្តរតនគិរី បានប្រកាសថា «ដើម្បីអបអរសាទរដល់ពិធីសម្ពោធអគារថ្មីនៃសាខាខេត្តរតនគិរីនេះ អតិថិជននៅតំបន់នេះមានឱកាសទទួលបានកាដូដូចជា ឆ័ត្រ កែវទឹក ឬកាបូបកីឡា នៅពេលពួកគាត់បើកគណនីថ្មី។ ការផ្តល់ជូននេះចាប់ពីថ្ងៃប្រកាសនេះរហូតដល់អស់ពីស្តុក»។
ធនាគារ ស្ថាបនា សាខាខេត្តរតនគិរីមានម៉ាស៊ីនអេធីអឹមដកប្រាក់ ម៉ាស៊ីនដាក់ប្រាក់ និងធ្វើការទូទាត់ប្រាក់ដែលអាចប្រតិបត្តិការ២៤ម៉ោង ពេញមួយសប្តាហ៍។
នាពេលខាងមុខ ធនាគារ ស្ថាបនា នឹងនៅតែបន្តពង្រីកបណ្តាញសាខារបស់ខ្លួនបន្ថែមទៀត និងបង្កើតវត្តមានរបស់ខ្លួនដ៏រឹងមាំនៅតំបន់ដែលអតិថិជនត្រូវការបំផុត។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគាររពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ១.៣ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារច្រើនជាង ៤០០០នាក់។ យើងមានបណ្តាញសាខាធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជាដែលមានសាខាចំនួន ១៧១សាខា និង ម៉ាស៊ីន អេធីអឹម ចំនួន១៦១គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងផ្ដល់សេវាកម្មធនាគារពេញលេញដូចជាសេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវា iBankingសេវាធនាគារតាមទូរស័ព្ទដៃ សេវាប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសា សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស សេវាផ្ទេរប្រាក់ជុំវិញពិភពលោក Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ជាមួយគ្នានោះផងដែរ យើងបានសហការជាមួយក្រុមហ៊ុនទូទាត់តាមទូរស័ព្ទដៃជាច្រើនដូចជា វីង ផាយផេ ទ្រូម៉ាន់នី និង លី ហួរ វេរលុយ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។