ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០- ថ្ងៃនេះធនាគារ ស្ថាបនា បានប្រារព្ធកាត់ខ្សែបូដើម្បីសម្ពោធជាផ្លូវការនូវអគារថ្មី សាខាក្រុងបាវិត។ នេះក៏ជាការបង្ហាញកេរ្តិ៍ឈ្មោះថ្មីនៃធនាគារ ស្ថាបនា ខណៈបណ្តាញសាខានៅតែបន្តពង្រីកឥតឈប់ឈរនាពេលអនាគត។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានប្រសាសន៍ថា៖ “កន្លងមកយើងខ្ញុំបានរកឃើញនូវសក្តានុពលទីផ្សារខេត្តស្វាយរៀងដែលមានសកម្មភាពសេដ្ឋកិច្ចល្អមានតំរូវការសេវាហិរញ្ញវត្ថុខ្ពស់ហើយក៏បានបើកការិយាល័យប្រតិបត្តិការនៅទីនេះរហូតដល់ ០6សាខាដែលក្នុងនោះគឺមានសាខាក្រុងបាវិតដែលយើងកំពុងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនាពេលនេះ។ ជាមួយនឹងការរៀបចំអគារការិយាល័យថ្មីដែលមានការរចនាការតុបតែងនិងការបំពាក់ឧបករណ៍ទំនើបៗទៅតាមស្តង់ដារសាខាធនាគារពេញលេញ ប្រកបដោយភាពងាយស្រួលស្អាតហើយមានសុវត្ថិភាពខ្ពស់ទាំងនេះគឺជាការឆ្លុះបញ្ជាំងនូវការតាំងចិត្តខ្ពស់របស់ធនាគារ ស្ថាបនា ក្នុងការធ្វើទំនើបកម្មធនាគារស្ថាបនា ឈានទៅដល់ការឈរជើងកាន់តែរឹងមាំនាំមកនូវសេវាកម្មកាន់តែប្រសើរនិងវឌ្ឍនភាពសម្រាប់អតិថិជនគ្រប់រូប។យើងខ្ញុំសង្ឃឹមថាលោក/លោកស្រីនឹងផ្តល់ការគាំទ្របន្ថែមដល់ធនាគារ ស្ថាបនា សាខាក្រុងបាវិតហើយគ្រប់បុគ្គលិកនៅទីនេះក៏បានប្តេជ្ញាចិត្តខ្ពស់ដើម្បីបំរើលោកអ្នកឲ្យកាន់តែល្អប្រសើរ។”
ចំណែកលោក កៅ សាដន ប្រធាននាយកធនាគារ ស្ថាបនា សាខាក្រុងបាវិត បានប្រកាសថា៖ «ដើម្បីអបអរសាទរដល់ពិធីសម្ពោធអគារថ្មីនៃសាខាក្រុងបាវិតនេះអតិថិជននៅតំបន់នេះមានឱកាសទទួលបានកាដូដូចជា ឆ័ត្រ កែវទឹក ឬកាបូបកីឡា នៅពេលពួកគាត់បើកគណនីថ្មី។ ការផ្តល់ជូននេះចាប់ពីថ្ងៃប្រកាសនេះរហូតដល់អស់ពីស្តុក។
ធនាគារ ស្ថាបនា សាខាក្រុងបាវិត មានម៉ាស៊ីនអេធីអឹមដកប្រាក់ ម៉ាស៊ីនដាក់ប្រាក់ និងធ្វើការទូទាត់ប្រាក់ដែលអាចប្រតិបត្តិការ២៤ម៉ោង ពេញមួយសប្តាហ៍។
នាពេលខាងមុខ ធនាគារ ស្ថាបនា នឹងនៅតែបន្តពង្រីកបណ្តាញសាខារបស់ខ្លួនបន្ថែមទៀត និងបង្កើតវត្តមានរបស់ខ្លួនដ៏រឹងមាំនៅតំបន់ដែលអតិថិជនត្រូវការបំផុត។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគាររពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ១.៦ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារច្រើនជាង ៤០០០នាក់។ យើងមានបណ្តាញសាខាធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជាដែលមានសាខាច្រើនជាង ១៧០សាខា និង ម៉ាស៊ីន អេធីអឹម ច្រើនជាង២០០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងផ្ដល់សេវាកម្មធនាគារពេញលេញដូចជាសេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវា iBankingសេវាធនាគារតាមទូរស័ព្ទដៃ សេវាប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសា សេវាផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស សេវាផ្ទេរប្រាក់ជុំវិញពិភពលោក Western Unionហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ជាមួយគ្នានោះផងដែរ យើងបានសហការជាមួយក្រុមហ៊ុនទូទាត់តាមទូរស័ព្ទដៃជាច្រើនដូចជា វីង ផាយផេ ទ្រូម៉ាន់នី និង លី ហួរ វេរលុយ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។