ពិធី​បរិច្ចាគ​ឈាម​របស់​បុគ្គលិក​ធនាគារ​ ស្ថាបនា​ ភីអិលស៊ី

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ធនាគារ ស្ថាបនា ភីអិលស៊ី  ក្រោមកិច្ច​សហការ​ល្អ​ជាមួយ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម​ បានបង្កើតកម្មវិធីផ្តល់អំណោយឈាម​ លើកទី៨ ដែលមាន​​ចំនួន​អ្នក​ចូល​រួមបរិច្ចាគ​ឈាម​ប្រមាណ ៥០នាក់។

កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅ​នា​សាខាបាត់ដំ​បង​របស់ ធនាគារ ស្ថាបនា ភីអិលស៊ី ក្នុងគោលបំណង​ជួយជន​​រង​គ្រោះ​​ដែលកំពុងមានតម្រូវការឈាម និងបង្កើនបរិមាណឈាម​ក្នុងឃ្លាំង​ស្តុកទុកឈាម​របស់មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម​ដើម្បីធ្វើការប្រើប្រាស់​​នៅពេល​ចាំបាច់។

លោក គី រដ្ឋា នាយក នាយកដ្ឋានទីផ្សារ និងជាតំណាង​ដ៏ខ្ពង់​ខ្ពស់​របស់ លោកឧកញ៉ា បណ្ឌិត ប៊ុន មុនី ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារ​ ស្ថាបនា ភីអិលស៊ីមានប្រសាសន៍​ថា “ការចូលរួម​ក្នុង​សកម្ម​ភាព​​សង្គម គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់គ្នាដើម្បីធ្វើអោយសង្គម​កាន់តែរីក​ចំរើន​​ឡើង​។ ការចូលរួមបរិច្ចាក​ឈាមគឺ​ជាការចាំបាច់​បំផុត​ព្រោះ​ឈាម​​មិនអាច​ធ្វើការនាំ​ចូល​ពីបរទេស ឬផលិតដោយឧបករណ៍​​ណា​មួយ​​បាន​ឡើយ​។​ ជាពិសេស​​វា​ជា​ទង្វើ​ល្អ​ដែល​មិន​បាន​ប៉ះពាល់​​ដល់សុខភាព​​អ្នក​បរិច្ចាក​​ឡើយ។ បុគ្គលិក ធនាគារ ស្ថាបនា ភីអិលស៊ី នឹងនៅ​តែគាំទ្រ​សកម្មភាព​មនុស្សធម៌​របស់​មជ្ឈ​មណ្ឌល​ជាតិ​​​ផ្តល់ឈាម ដើម្បីបង្កើនចំនួន​​បរិមាណ​ការ​បរិច្ចាក​​ឈាម​អោយ​កាន់តែ​ច្រើនឡើង និងធ្វើ​ជា​គំរូល្អមួយ​​​សម្រាប់​ស្ថាប័នផ្សេងៗ​ ។” លោកបន្តទៀតថា “ធនាគារ ស្ថាបនា ភីអិលស៊ី មិនមែន​​ជាស្ថាប័ន​ដែល​គិតតែ​​ពីប្រាក់​ចំណេញ​​​ឡើយ ស្ថាបនា យើងតែងតែ​ឆ្លៀត​​ពេល​ដ៏មមាញឹករបស់យើង បន្តធ្វើ​សកម្ម​ភាព​​​មនុស្សធ៌ម​ទាំងនេះបន្តទៀត ដើម្បី​សង្គ្រោះជីវិត និងបង្កើនជីវ​ភាព​រស់​នៅរបស់​​បងប្អូន​ប្រជា​ពលរដ្ឋ​កម្ពុជា​​អោយកាន់តែ​ប្រសើរឡើង​តាមរយៈ​​ការទទួល​បាន​សេវាកម្មហិរញ្ញវត្ថុ​ប្រកប​ដោយភាព​ប្រកួត​ប្រជែង ស្របតាម​បាវ​ចនា​​របស់​ធនាគារ​​ដែលលើក​ឡើងថា “ស្ថាបនា ជាប្រជា​ធនាគារ ធ្វើអោយ​ជីវិតប្រសើរ​ឡើង”។ ឈាមភ្ជាប់​ទំនាក់​ទំនង​យើងទាំងអស់គ្នា។”

គួរបញ្ជាក់ថា ធនាគារ ស្ថាបនា ភីអិលស៊ី តែងបានគិតគូ​ពីតំរូវការ និងសុខទុក្ខរបស់​បងប្អូន ប្រជាពលរដ្ឋ​ និង​អតិថិជន​របស់ខ្លួន ហើយការចូលរួម​​ចំណែក​អភិវឌ្ឍន៍​សុខមាលភាព​​សង្គម ដូចជាការ​បរិច្ចាក​​ឈាម​​ ការឧបត្ថម្ភៈជូន​មន្ទីពេទ្យ កាកបាទ​ក្រហម ក្មេងកំព្រា និងជន​រងគ្រោះ​ដោយ​​គ្រោះ​ថ្នាក់ផ្សេងៗ​ជាច្រើនទៀត គឺជាផ្នែក​មួយ​នៃទស្សនៈ​​វិស័យ​របស់​ធនាគារ ស្ថាបនា ភីអិលស៊ី ចាប់តាំងពីការ​​កកើតឡើង​ក្នុងឆ្នាំ១៩៩៥ មកម្ល៉េះ។ ក្នុង​ឆ្នាំ២០១៥ ធនាគារ ស្ថាបនា ភីអិលស៊ី បានរៀបចំកម្មវិធី​បរិច្ចាកឈាម​​របស់ខ្លួន​ចំនួនពីរលើក​រួចម្តងមកហើយ ដែលមាន​អ្នកធ្វើ​អំណោយ​​ឈាម​សរុប​​ចំនួន​២០១នាក់។