ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩៖ ធនាគារ ស្ថាបនា ដែលជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះបានបើកដំណើរការជាផ្លូវការអំពីកិច្ចសហប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ របស់ខ្លួនជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីផ្តល់ជូនអតិថិជននូវការផ្ទេរប្រាក់កាន់តែងាយស្រួល និងមានសុវត្ថិភាពរវាងគណនី ស្ថាបនា និង wallet របស់ទ្រូម៉ាន់នី តាមរយៈកម្មវិធី Sathapana Mobile និង TrueMoney App ក៏ដូចជាការបង់ឥណទានបានកាន់តែងាយស្រួលរបស់អតិថិជនធនាគារ ស្ថាបនាតាមភ្នាក់ងារទាំងអស់របស់ទ្រូម៉ាន់នីទូទាំងប្រទេស។
ភាពជាដៃគូរវាងធនាគារ ស្ថាបនា និង ទ្រូម៉ាន់នី នេះគឺឆ្លុះបញ្ចំាងពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនទាំងពីរ ដើម្បីផ្តល់ជូនមធ្យោបាយផ្ទេរប្រាក់កាន់តែងាយស្រួលឆាប់រហ័ស និង សុវត្ថិភាពដល់អតិថិជនទាំងអ្នកចេះប្រើប្រាស់ឌីជីថល និងអ្នកមិនមានគណនី។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ ស្ថាបនា ប្រើប្រាស់សេវាកម្មផ្ទេរប្រាក់របស់ TrueMoney App បាន ហើយអ្នកប្រើប្រាស់ទ្រូម៉ាន់នីក៏អាចផ្ទេរប្រាក់ទៅធនាគារ ស្ថាបនា បានទូទាំងប្រទេស។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា មានប្រសាសន៍ថា ៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសភាពជាដៃគូនេះ ពីព្រោះយើងមានលទ្ធភាពផ្តល់ជម្រើសឌីជីថលថ្មីទៀតដល់អតិថិជនដើម្បីផ្ទេរប្រាក់ ទៅមក សម្រាប់តម្រូវការផ្ទាល់ខ្លួន ឬ តម្រូវការអាជីវកម្មគ្រប់ទីកន្លែងទូទាំងប្រទេស។ តាមរយៈទូរសព្ទដៃយើងបាននាំមកនូវសេវាកម្មហិរញ្ញវត្ថុទំនើបគឺកម្មវិធី Sathapana Mobile ដល់អតិថិជន ហើយឥឡូវនេះមាន TrueMoney App ថែមទៀត»។
«មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏អាចបង់ប្រាក់កម្ចីដោយគ្រាន់តែដាក់សាច់ប្រាក់សុទ្ធនៅតាមភ្នាក់ងារទ្រូម៉ាន់នីដែលមានទីតាំងទូទាំងប្រទេស។ កម្មវិធី Sathapana Mobile និង សេវាកម្ម iBanking វិញ រឹតតែងាយស្រួលផ្ទេរ ឬ ដាក់ប្រាក់ពីគណនី ស្ថាបនា ទៅ TrueMoney Wallet»។ លោកបានបន្ថែមដូចនេះ។
អ្នកស្រី អ៊ុក រ៉ាវី អគ្គនាយកស្តីទីរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា ៖«អតិថិជន អាចធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា ទៅគណនីក្រុមហ៊ុន ទ្រូម៉ាន់នី ពីគណនី ក្រុមហ៊ុន ទ្រូម៉ាន់នី ទៅគណនីធនាគារ ស្ថាបនា ដោយឥតគិតថ្លៃដែលបានដាក់អោយប្រើប្រាស់ សាកល្បងតាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដោយឃើញមានសន្ទុះក្នុងការគាំទ្រ ពីអតិថិជនជាច្រើនហើយ ប្រកាសជាផ្លូវការចាប់ពីថ្ងៃនេះតទៅ»។
ធនាគារ ស្ថាបនា នៅតែបន្តផ្តល់ជូនជម្រើសឌីជីថលប្រកបដោយប្រសិទ្ធភាពសម្រាប់អតិថិជនដើម្បីផ្ទេរប្រាក់ ទៅមក ទាំងតម្រូវការផ្ទាល់ខ្លួនឬតម្រូវការអាជីវកម្មគ្រប់ទីកន្លែងទូទាំងប្រទេស។ តាមរយៈទូរស័ព្ទដៃ ស្ថាបនា បាននាំនូវសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបរបស់ខ្លួនគឺ Sathapana Mobile ដល់អតិថិជន ហើយឥឡូវនេះមាន TrueMoney App ទៀត។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្ម សរុបលើសពី 1.3 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការងារ ច្រើនជាង 4,000 នាក់។ យើងមានបណ្ដាញសាខាធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជាដែលមានចំនួន 171 សាខា និងម៉ាស៊ីនអេធីអឹម ចំនួន 161 គ្រឿង ដែលមានសមត្ថភាពទទួលយកក្រដាសប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ យើងផ្ដល់សេវាកម្មធនាគារដ៏ពេញលេញដូចជា សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវា iBanking សេវាធនាគារតាមទូរស័ព្ទដៃ សេវាប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានប្រភេទវីសា សេវាផ្ទេរប្រាក់ ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ជុំវិញពិភពលោក (Western Union) ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀតជាច្រើន។
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ក្រុមហ៊ុនទ្រូម៉ាន់នីជាក្រុមហ៊ុនដែលផ្តល់នូវសេវាទូទាត់ចល័តនៅក្នុងប្រទេសកម្ពុជា ដែលអនុញ្ញាត អោយអតិថិជន ដែលពុំមានការប្រើប្រាស់សេវាធនាគារអាចប្រើប្រាស់នូវសេវាហិរញ្ញវត្ថុតាមរយៈ TrueMoney App និងភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកភ្នាក់ងារ រហូតដល់ 10,000 ភា្នក់ងារទូទាំងប្រទេស នាពេលបច្ចុប្បន្ននេះ ហើយក៏មានដៃគូសហការ ជាច្រើនសម្រាប់ផ្តល់នូវសេវាទូទាត់ហិរញ្ញវត្ថុមានភាពងាយស្រួល និងទាន់សម័យ៕